រួមគ្នាអបអរបុណ្យតន្ត្រីនៅវិទ្យាស្ថានបារាំង

ភ្នំពេញ៖ ព្រឹត្តិការណ៍វប្បធម៌បារំាងដ៏សំខាន់ដែលបានក្លាយជាព្រឹត្តិ​ការណ៍អន្តរជាតិ ឆ្នាំនេះវិទ្យាស្ថានបារាំងប្រចាំកម្ពុជាសូមអញ្ជើញ​លោកអ្នកចូលរួមអបអរបុណ្យតន្រ្តីនៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ចាប់ពីម៉ោង១៩៖០០ នៅលើឆាកនៃវិទ្យាស្ថានបារាំង ក្នុងឱកាសនៃការប្រគំតន្ត្រីកម្ពុជា និងបារាំង! ការប្រគំតន្ត្រីចំនួន៤នឹងធ្វើឡើងពីម៉ោង១៩ ដល់ម៉ោង២៣សម្រាប់គ្រប់វ័យ និងគ្រប់ក្រុមគ្រួសារ​ចូលរួមដោយឥតគិតថ្លៃ

Luiza សិល្បការិនីវ័យក្មេងបារាំង-ប្រេស៊ីល ដែលមានទឹកដមសំឡេងពិរោះរណ្តំ និងដែលអាចឆក់យកបេះដូងអ្នកស្តាប់នឹងរង់ចាំលោកអ្នកដើម្បីនាំលោកអ្នកទៅកាន់ទស្សនីយភាពតន្ត្រីមិនធ្លាប់មានដោយផ្សំបញ្ចូលគ្នានូវប្រពៃណីតន្រ្តីប្រទេសប្រេស៊ីល កោះ Réunion និងតំបន់បាល់កង់អមដោយចង្វាក់សម័យទំនើប (រួមមានអេឡិចត្រូផុប តន្រ្តីឌូប… ) ក្នុងឱកាសទិវាតន្ត្រីមួយពោរពេញដោយពណ៌ដ៏ចិញ្ចាចចិញ្ចែង និងភាពអស្ចារ្យ។ ក្នុងឱកាសដំណើរនៃការប្រគំតន្ត្រីនៅអាស៊ី Luiza បានស្នាក់នៅភ្នំពេញដើម្បីបង្ហាញអាល់ប៊ុមថ្មី EP Fantastik នៅលើឆាកនៃវិទ្យាស្ថានបារាំង។​ ជាព្រឹត្តិការណ៍មួយដែលលោកអ្នកមិនគួរខកខាន!

នៅផ្នែកទី១នៃការប្រគំតន្រ្តី Tey និង 8GK ដែលជាសិល្បករ និងសិល្បការិនីវ័យក្មេងនៃផលិតកម្ម KlapYaHandz នឹងធ្វើឱ្យកក្រើកឆាកមុននឹងបញ្ចប់ដោយតន្ត្រីអេឡិចត្រូធ្វើឡើងដោយ LNHD ដែលជាអ្នកច្នៃសំឡេង និងជាឌីជេមកពីប្រទេសភូមា ហើយបំពេញការងារនៅភ្នំពេញចាប់ពីពេលនេះតទៅ។

លោកស្រី Fanny Pagès នាយិកាប្រតិភូ និងជាមន្ត្រីផ្នែកវប្បធម៌នៃវិទ្យាស្ថានបារាំងនៅកម្ពុជា បានមានប្រសាសន៍ថា៖ «បុណ្យ​តន្ត្រីគឺជាពេលវេលាដ៏រីករាយ ជាការជួបជុំដោយក្តីសប្បាយបំផុតរបស់មនុស្សពេញវ័យ និងកុមារ!»។

បន្ទាប់ពីត្រូវបានបង្កើតឡើងនៅប្រទេសបារាំងកាលពីឆ្នាំ១៩៨២ បុណ្យតន្ត្រីបានក្លាយជាព្រឹត្តិ​ការណ៍សំខាន់ដែលទទួលបានការពេញនិយមភ្លាមៗ ពីជនជាតិបារាំង។ ភ្លាមៗ នោះ បុណ្យតន្ត្រីត្រូវបានប្រារព្ធឡើងនៅប្រទេសផ្សេងទៀតដោយទទួលបានជោគជ័យ ហើយបានក្លាយទៅជាព្រឹត្តិការណ៍មួយសម្រាប់មហាជន៖ បច្ចុប្បន្នប្រទេសជាង១២០នៃទ្វីបទាំងប្រាំលើពិភពលោកប្រារព្ធបុណ្យតន្ត្រី។ ការប្រារព្ធព្រឹត្តិការណ៍នេះក៏ជាឱកាសលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតក្នុងស្រុក ដែលប្រទេសបារាំងគាំទ្រក្នុងក្របខ័ណ្ឌនៃការទូតផ្នែកវប្បធម៌របស់ខ្លួន។

បុណ្យតន្រ្តីក៏ជាព្រឹត្តិការណ៍ដែលនាំមកនូវចំណង់ចំណូលចិត្តតន្រ្តីថ្មីៗ ការរក្សាភាពរស់រាននៃតន្ត្រីបុរាណ ការនិយមចូលចិត្តតន្រ្តីពិភពលោក ការអភិវឌ្ឍន៍ចម្រៀងជាក្រុម ការលេចឡើងចម្រៀងរែប តន្រ្តីអេឡិចត្រូនិច តន្រ្តីទីក្រុង។ ព្រឹត្តិការណ៍នេះជួយឱ្យគេស្គាល់សិល្បករ សិល្បការិនី និងផ្តល់លទ្ធភាពទទួលបានការអនុវត្តនានាផ្នែកសិល្បៈ និងវប្បធម៌ ហើយបង្ហាញសមត្ថភាពរបស់ខ្លួនជារៀងរាល់ឆ្នាំក្នុងការវិវឌ្ឍន៍ និងបន្តនិរន្តរភាព។

រូបភាពដោយ៖ សហការី

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here