រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១២លានដុល្លាអាមេរិកសម្រាប់អភិវឌ្ឍគ្រូបង្រៀនផ្នែកអប់រំកាយ និងការគាំទ្រយុវជន

ភ្នំពេញ៖​ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាសរុបចំនួនប្រមាណជាង​ ១២លានដុល្លារអាមេរិក​ (១,១៨២,៦៥៨) ដល់អង្គភាពទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ដែលកិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០២៥ ដោយឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាជាមួយនិងអ្នកតំណាងស្ថាប័នទទួលជំនួយលោកស្រី យ៉ូណេយ៉ាម៉ា ហារុកា ប្រធានអង្គការបេះដូងមាសប្រចាំអាស៊ីអាគ្នេយ៍ និងលោក សី សាកាន នាយកប្រចាំប្រទេសនៃអង្គការកុមារឥតព្រំដែន។ 

ជំនួយទឹកប្រាក់ប្រមាណជាង ៦១៨,០៨៦ ដុល្លារអាមេរិកនឹងត្រូវផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស (HoG)​ ដើម្បីអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣)។ 

នៅក្នុងគម្រោងនេះ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស នឹងអនុវត្តសកម្មភាពមួយចំនួនដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានឧត្តមសិក្សាដូចជាបណ្ណាល័យ មជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃក្នុងការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងនិស្សិត ការគាំទ្រអតីតនិស្សិត និងការគ្រប់គ្រងសន្តិសុខនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ គម្រោងមានគោលបំណងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយនិរន្តរភាព ដែលរួមចំណែកក្នុងការអភិវឌ្ឍគ្រូបង្រៀនអប់រំកាយប្រកបដោយគុណភាពស្របតាម «ស្ដង់ដាគុណភាពអប្បបរមាសម្រាប់ការផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា (MSAHEI)» នៅក្នុងប្រទេសកម្ពុជា។

 Japan Provides 12 Million for Developing Quality Physical Education Teachers and Supporting Youth ​ជំនួយទឹកប្រាក់ប្រមាណជាង៥៦៤,៥៧២ ដុល្លារអាមេរិកនឹងត្រូវផ្តល់ទៅអង្គការកុមារឥតព្រំដែនដើម្បីអនុវត្តគម្រោងជួយកុមារ និងយុវជនដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ។ នៅក្នុងគម្រោងនេះ អង្គការកុមារឥតព្រំដែននឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ការសិក្សា។ សម្រាប់ឆ្នាំទីមួយ និងទីពីរគម្រោងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មីចំនួនបីត្រូវបានសាងសង់។ សម្រាប់ឆ្នាំទីបី មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មីចំនួនពីរនឹងត្រូវបានសាងសង់ និងបំពាក់ដោយសម្ភារៈសិក្សា។ តាមរយៈការផ្ដល់ថ្នាក់ អប់រំនិងបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធដល់កុមារ និងយុវជនអាចទទួលបានជំនាញដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះសម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគត។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាបានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនថា គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី៣) និងអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG) ការជួយកុមារ និងយុវជនដោយការពង្រីកលទ្ធភាពទទួលបានមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (LLLC) ក្នុងខេត្តបន្ទាយមានជ័យ អង្គការកុមារឥតព្រំដែន (KnK) លោកមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន២ នាថ្ងៃនេះ។

លោកបានបន្ថែមថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនដែលហៅថា “អ៊ុនរ៉េន” បានចាប់ផ្តើម តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៦០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

 Japan Provides 12 Million for Developing Quality Physical Education Teachers and Supporting Youth ​ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរួមមានមិនត្រឹមតែក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សង្គមរួមទាំងបរិស្ថានផងដែរ។ រដ្ឋាភិបាលជប៉ុននឹងចូលរួមចំណែកដោះស្រាយបញ្ហានានាដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ជប៉ុន»។

សូមបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

រូបភាពដោយ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

 Japan Provides 12 Million for Developing Quality Physical Education Teachers and Supporting Youth ​

LEAVE A REPLY

Please enter your comment!
Please enter your name here