ភ្នំពេញ៖ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថានទូតបារំាងប្រចាំកម្ពុជាបានរៀបចំទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅប្រទេសបារាំង និងតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាបារាំង។ ដែលការរៀបចំនោះស្ថិតក្រោមប្រធានបទ «អ្នកមានទេពកោសល្យដើម្បីផ្លាស់ប្តូរពិភពលោក» ជាមួយវត្តមានអ្នកចូលរួមជាង៦០០នាក់។ «ភូមិអតីតនិស្សិត» មួយត្រូវបានរៀបចំឡើងជាពិសេសនៅក្នុងបរិវេណស្ថានទូត ដើម្បីសម្រួលដល់ការពិភាក្សាផ្លាស់ប្តូរយោបល់ បើកចក្ខុវិស័យការងារ និងពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំងដែលបច្ចុប្បន្នមានសមាជិកជាង ១,២០០នាក់។
គោលដៅសំខាន់នៃការជួបជុំប្រចាំឆ្នាំខាងលើ គឺដើម្បីពង្រឹងចំណងទាក់ទងរវាងអតីតនិស្សិតកម្ពុជាដែលទទួលបានសញ្ញាប័ត្រពីប្រទេសបារាំងជាមួយជ័យលាភីអាហារូបករណ៍បារាំង France Excellence ដែលនឹងចាកចេញទៅក្នុងពេលខាងមុខក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នដៃគូផ្សេងៗ។ កម្មវិធីនេះឆ្លុះបញ្ចាំងឱ្យឃើញពីឱកាសសិក្សា និងការងារដែលទទួលបានពីការសិក្សានៅប្រទេសបារាំងក៏ដូចជាតម្លៃបន្ថែមនៃភាសាបារាំងនៅលើទីផ្សារការងារនៅកម្ពុជា។
កម្មវិធីបានរៀបចំឡើងរួមគ្នាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជាដោយព្រឹត្តិការណ៍មានការដាក់បង្ហាញស្តង់ចំនួន៣០ ដែលជាលំហសន្ទនាដ៏រីករាយអំពីឱកាសការងារ ការចងក្រងបណ្តាញ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជាវិស្វកម្ម សុខាភិបាល សេដ្ឋកិច្ច នីតិសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ។ ការជួបជុំនេះទទួលបានការគាំទ្រពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងសមាជិក ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូឧបត្ថម្ភរួមមានអង្គការ France Volontaires ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ហាងសម្ភារៈកីឡាដេកាត្លុង សណ្ឋាគារ Sofitel Angkor Phokeetra Golf & Spa Resort និងធនាគារ Bred Bank Cambodia។
ប្រទេសបារាំងស្ថិតក្នុងលំដាប់ទី៤លើពិភពលោកដែលទទួលនិស្សិតបរទេសឱ្យទៅសិក្សាច្រើនជាងគេ ហើយក៏ជាប្រទេសគោលដៅទី៤សម្រាប់និស្សិតកម្ពុជាផងដែរ។ ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែស្វិតស្វាញ ប្រទេសបារាំងរក្សាបានភាពទាក់ទាញដ៏ខ្លាំងដែលគាំទ្រដោយភាពរស់រវើកនៃហ្វ្រង់កូហ្វូនី និងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកដែលបារំាងបានដាក់ចេញតាំងពីឆ្នាំ២០១៨។
នៅឆ្នាំនេះ តាមរយៈការគាំទ្ររបស់ស្ថានទូតបារាំង និងកិច្ចខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជានិស្សិត១៧នាក់ ក្នុងនោះស្រី៨នាក់ទទួលបានអាហារូបករណ៍ France Excellence និង១២នាក់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៥នាក់ថ្នាក់បណ្ឌិត ហើយពួកគេនឹងចាកចេញទៅសិក្សានៅប្រទេសបារំាងក្នុងបវេសនកាលខាងមុខ។ ចាប់តាំងពីឆ្នាំ២០២១ និស្សិតកម្ពុជា ៥៥៥នាក់បានជ្រើសរើសបន្តការសិក្សានៅប្រទេសបារាំងតាមរយៈកម្មវិធីអាហារូបករណ៍ France Excellence អាហារូបករណ៍ Eiffel កម្មវិធី DFMS សញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញ និង DFMSA សញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញជាន់ខ្ពស់ក៏ដូចជាតាមរយៈសហហិរញ្ញប្បទានសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន Minthacare។ និស្សិតកម្ពុជាជាច្រើននាក់ទៀតបន្តការសិក្សានៅប្រទេសបារាំងតាមរយៈហិរញ្ញវត្ថុផ្ទាល់ខ្លួន។
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការសិក្សាដ៏ល្អរបស់អតីតនិស្សិតក៏ដូចជាការរួមចំណែកដ៏ធំធេងរបស់ពួកគេក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការពង្រឹងចំណងទាក់ទងបារាំង-កម្ពុជា។ លោកមានប្រសាសន៍ថា៖ «ដោយជ្រើសរើសឧត្តមសិក្សាបារាំង លោកអ្នកទទួលបានចំណេះដឹងផ្នែកភាសា ជំនាញ ផ្នត់គំនិតទូលំទូលាយ និងបទពិសោធន៍ ដែលនាំទៅកាន់ចក្ខុវិស័យការងារ និងអាជីព ទាំងនៅកម្ពុជា និងនៅបរទេស»។ លោកទូតបានបន្ថែមថា ភាសាបារំាង និងការសិក្សានៅប្រទេសបារាំងគឺជាកម្លាំងចលករដ៏ខ្លាំងនៃឱកាសទទួលបានការងារ។
លោកឯកអគ្គរដ្ឋទូតបារាំងបានរំលឹកផងដែរអំពីលទ្ធភាពសម្រាប់អតីតនិស្សិត ដែលទទួលបានសញ្ញាប័ត្របរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតនៅប្រទេសបារាំងក៏ដូចជាសម្រាប់សហព័ទ្ធ និងកូនៗ ជាអនីតិជនរបស់ពួកគេក្នុងការទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលខ្លីក្នុងតំបន់ស៊ែនហ្គែនដែលមានសុពលភាពពី១ទៅ៥ឆ្នាំ។ ទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យពួកគេស្នាក់នៅរយៈពេលសរុបក្រោម៩០ថ្ងៃនៅក្នុងប្រទេសអឺរ៉ុបចំនួន២៩ទៅតាមសុពលភាពនៃលិខិតឆ្លងដែន។ ការស្នើសុំទិដ្ឋាការធ្វើឡើងដោយផ្ទាល់នៅមជ្ឈមណ្ឌល TLS Contact ដែលជាភ្នាក់ងារផ្តល់សេវាសម្រាប់ស្ថានទូត។
ទិវាអតីតនិស្សិតដែលធ្លាប់សិក្សានៅបារាំងធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្ត «សូមស្វាគមន៍មកកាន់ប្រទេសបារាំង» ដែលមានគោលដៅទទួលស្វាគមន៍និស្សិតបរទេសចំនួន ៥០០,០០០នាក់នៅឆ្នាំ២០២៧ ព្រមទាំងចូលរួមលើកកម្ពស់ ហ្វ្រង់កូហ្វូនីដែលផ្តោតលើការងារ និងកិច្ចសហប្រតិបត្តិការ។ គាំទ្រដោយមូលនិធិ Equipe France ព្រឹត្តិការណ៍ខាងលើក៏ជាពេលវេលាចែករំលែកបទពិសោធន៍សិក្សារបស់អតីតនិស្សិតនិយាយភាសាបារាំង និងឱកាសការងារនៅក្នុងទីផ្សារការងារកម្ពុជាតាមរយៈកិច្ចពិភាក្សាតុមូល និងសំណួរ-ចម្លើយ ដែលជំរុញឱ្យមានសាមគ្គីភាពនៃសហគមន៍អ្នកប្រើប្រាស់ភាសាបារាំង។
ទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅបារាំង គឺជាពេលវេលាសំខាន់មួយនៃការកៀរគរបណ្តាញអ្នកប្រើប្រាស់ភាសាបារាំង ខណៈដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦លើកទី២០នៅកម្ពុជាកាន់តែខិតជិតមកដល់។ ទិវានេះឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពហ្វ្រង់កូហ្វូនីក្នុងការប្រមូលផ្តុំអ្នកមានទេពកោសល្យ ស្ថាប័ន និងដៃគូនានា ដោយផ្តោតលើគុណតម្លៃ និងចក្ខុវិស័យរួម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះក៏បង្ហាញផងដែរនូវបំណងប្រាថ្នារួមមួយពោលគឺធ្វើឱ្យភាសាបារាំងក្លាយជាភាសានៃឱកាសជាក់ស្តែង និងធ្វើឱ្យអតីតនិស្សិតក្លាយជាតួអង្គចីរភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងប្រទេស កម្ពុជា៕
រូបថតដោយ៖ សហការី
