ភ្នំពេញ៖ ស្ថានទូតជប៉ុននៅកម្ពុជាបានរៀបចំពិធីរួមទាំងបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌) ជាថវិកាចំនួនប្រមាណជាង ១៤មុឺនដុល្លារអាមេរិកជួយសាងសង់ជម្រកសម្រាប់ស្រ្តីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិកនៅមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹងដោយជំនួយនេះនឹងត្រូវផ្តល់ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញជប៉ុននៅកម្ពុជា និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងសាងសង់អគារស្នាក់នៅបុគ្គលិកសម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។
អគារទាំងនោះនឹងជួយផ្តល់សុវត្ថិភាព និងការការពារដល់ជនរងគ្រោះក៏ដូចជាជួយឱ្យបុគ្គលិកអាចផ្តល់សេវាថែទាំដែលសមស្របបន្ថែមពីនេះគម្រោងនឹងជួយគាំទ្រជនរងគ្រោះក្នុងស្ថានភាពងាយរងគ្រោះផ្សេងៗ ទាំងផ្លូវ កាយ ឬផ្លូវចិត្ត ដើម្បីឱ្យអ្នកដែលរស់រានមានជីវិតអាចវិលត្រឡប់មកជីវិតប្រចាំថ្ងៃរបស់ពួកគេវិញបាន។
នៅថ្ងៃចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានសង្កេតឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា នាពេលថ្មីៗនេះ។ បើទោះជាយ៉ាងណាក្តី ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ដូចនេះជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងគម្រោង គូសាណូណ៌ផងដែរ»។
គួរបញ្ជាក់ថាគម្រោងគូសាណូណ៌របស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ក្នុងគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋានដែលជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានាដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៧២លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោង គូសាណូណ៌ ជាង៧០០គម្រោងនៅទូទាំងប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី








