ភ្នំពេញ៖ សមាជិកសភាសហរដ្ឋអាមេរិកលោក Brad Wenstrup មកពីខាងគណបក្សសាធារណរដ្ឋក្នុងរដ្ឋ Ohio ដែលជាប្រធានអនុគណៈកម្មាធិការសភាទទួលបន្ទុកជំងឺរាតត្បាតកូវីដ១៩ និងទីប្រឹក្សាផ្នែកបុគ្គលិក២រូប បានមកធ្វើទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី២១-២២ ខែសីហា ដើម្បីជួបជាមួយមន្ត្រីសុខាភិបាលជាន់ខ្ពស់កម្ពុជា និងទស្សនាគម្រោងសុខាភិបាល សាធារណៈដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ទស្សនកិច្ចនេះផ្តោតលើកិច្ចសហការរួមគ្នាប្រកបជោគជ័យរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដើម្បីកសាងសមត្ថភាពក្នុងការការពារ តាមដាន និងឆ្លើយតបនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈ។
ក្នុងអំឡុងពេលទស្សនកិច្ច លោកតំណាងរាស្រ្ត Wenstrup បានជួបជាមួយមន្ត្រីសុខាភិបាលជាន់ខ្ពស់កម្ពុជារួមទាំងលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ឈាង រ៉ា មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ ការពិភាក្សាបានផ្តោតលើការឆ្លើយតបប្រកបដោយជោគជ័យរបស់កម្ពុជាចំពោះជំងឺ COVID-19 ព្រមទាំងជំងឺផ្តាសាយបក្សី H5N1 ដែលបានកើតឡើងថ្មីៗ នេះ និងរបៀបដែលគេទាញយកជាមេរៀនសម្រាប់ត្រៀមប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ និងការគំរាមកំហែងផ្នែកសុខភាពទៅអនាគត។
គណៈប្រតិភូបានទស្សនាគម្រោងសំខាន់ៗ ដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដោយបង្ហាញពីផលប្រយោជន៍នៃការវិនិយោគរបស់សសហរដ្ឋអាមេរិកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខផ្នែកសុខភាពនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID មជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC និងវិទ្យាស្ថានជាតិសុខាភិបាលសហរដ្ឋអាមេរិក។
លោកស្រី Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «វាជាកិត្តិយសសម្រាប់យើងដែលលោក Wenstrup ធ្វើទស្សនកិច្ចនៅកម្ពុជាដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការកែលម្អសុខាភិបាលសាធារណៈនៅកម្ពុជា។ ជំងឺមិនដែលស្គាល់ព្រំដែនទេ ដូច្នេះការសហការរវាងប្រទេសរបស់យើងដើម្បីលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកលរឹតតែមានសារៈសំខាន់ខ្លាំងថែមទៀត»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកវិនិយោគប្រមាណ ៤២លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីគាំទ្រវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការងារដែលមានការសម្របសម្រួលគ្នានៃទីភ្នាក់ងារជាច្រើន។ ភាពជាដៃគូនេះមានតួនាទីសំខាន់ក្នុងការកែលម្អសមត្ថភាពរបស់កម្ពុជាក្នុងការដោះស្រាយការគំរាមកំហែងមកលើសុខភាពសាធារណៈដោយរួមចំណែកដល់ការការពារសន្តិសុខផ្នែកសុខាភិបាលនៅក្នុងតំបន់និងនៅថ្នាក់ជាតិក៏ដូចជាការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរ៕
រូបថតដោយ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា