ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជាបានរៀបចំកម្មពិធីប្រកាសដាក់ឱ្យដំណើរគម្រោង និងការចុះកិច្ចព្រមព្រៀងលើគម្រោង «យើងរួមគ្នាដើម្បីកិច្ចការពារកុមារ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគាហ៊ីម៉ាវ៉ារី។ ក្រោមអធិបតីភាពឯក ឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារដែលមានការចូលរួមដោយគណៈប្រតិភូតំណាងជា១០០នាក់ពីបណ្តាស្ថាប័នពាក់ព័ន្ធរួមមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារតំណាងនាយកដ្ឋានកិច្ចការពារកុមារ ប្រធានគណៈកម្មការពិគ្រោះយោបល់ស្រ្តីនិងកុមារនៃក្រុមប្រឹក្សា ខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង អភិបាលរងខេត្តទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តសៀមរាប រតនគីរី និងស្ទឹងត្រែង តំណាងដៃគូអង្គការអភិវឌ្ឍក៏ដូចជាតំណាងយុវជនមកពីខេត្តសៀមរាប រតនគីរី និងស្ទឹងត្រែងផងដែរ។ សិក្ខាសាលានេះមានគោលបំណងក្នុងការដាក់បង្ហាញជាផ្លូវការនូវគម្រោង «យើងរួមគ្នាដើម្បីកិច្ចការពារកុមារ» ទៅកាន់ភាគីពាក់ព័ន្ធពីគ្រប់ស្ថាប័នដើម្បីការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តគម្រោង។
យោងតាមអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានរកឃើញថា កុមារបីនាក់ក្នុងចំណោមកុមារប្រាំនាក់ប្រមាណ ៥៩%(៥៥.២% នៃក្មេងប្រុស និង ៥១.៦% នៃក្មេងស្រីមានបទពិសោធន៍ទទួលរងនូវទម្រង់ហិង្សាផ្លូវចិត្ត និងប្រមាណ ៤៣% នៃកុមារមានបទពិសោធន៍ទទួលរងនូវការដាក់ទណ្ឌកម្មលើរាងកាយ និងមានចំនួន ៥% នៃកុមារទាំងពីរភេទសុទ្ធតែធ្លាប់ទទួលរង់នូវការដាក់ទណ្ឌកម្មរាងកាយធ្ងន់ធ្ងរដូចគ្នា។ អំពើង្សាលើកុមារភាគច្រើនបានបង្ករឡើងដោយមនុស្សដែលពួកគេទុកចិត្តដូចជាឪពុកម្តាយ អ្នកមើលថែ គ្រូបង្រៀន មិត្តភក្កិ និងអ្នកជិតខាង។ មនុស្សពេញវ័យក្នុងគ្រួសារចំនួន ២៧% ជឿថាការដាក់ពិន័យលើរាងកាយជាការចាំបាច់ដើម្បីប្រៀនប្រដៅកូនឱ្យបានត្រឹមត្រូវ។
លោកស្រី គ្វីននេត វ៉ង់ នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានពន្យល់ថា អ្នកស្រលាញ់ភេទដូចគ្នា និងមាននិន្នការ យេនឌ័រ និងភាពចម្រុះនៅកម្ពុជាជាច្រើនកំណត់ខ្លួនខ្លួនឯងទៅតាមបទដ្ឋានយេនឌ័ររបស់ពួកគេ ជាជាងការសំដៅ យករូបរាងខាងក ឬលក្ខណៈភេទតាមបែបធម្មជាតិ។ តាមរបាយការណ៍របស់អង្គការឥន្ទនូឆ្នាំ២០២១ ចំនួន ២៥% នៃក្រុម LGBTQ មិនជឿជាក់លើអ្នកដទៃដោយសារនិន្នាការភេទ និងភាពចម្រុះរបស់ពួកគេ និងចំនួន ២០% ត្រូវបានរើសអើងនៅពេលស្វែងរកការងារ និងចំនួន ៨២% ត្រូវរើសអើងទៅទីសាធារណៈ។
លោកស្រីមានប្រសាសន៍ថា៖ «នៅប្រទេសកម្ពុជា ១៩% នៃក្មេងស្រី និង៦% នៃក្មេងប្រុសបានរៀបការមុនអាយុ ១៨ឆ្នាំ ក្នុងឆ្នាំ២០២២ ហើយការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេង ភាគច្រើនពាក់ព័ន្ធនឹងការមានផ្ទៃពោះវ័យក្មេង។ ការសិក្សាមួយទៀតក៏បានរកឃើញថា កុមារ ៩% ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបានចែករំលែករូបភាព ឬវីដេអូអាក្រាតរបស់ពួកគេនៅលើអ៊ីនធឺណិតដោយសារតែពួកគេទទួលរងនូវការគំរាមកំហែង និងការដាក់សម្ពាធ»។
ដើម្បីចូលរួមជាដំណោះស្រាយនូវបញ្ហាប្រឈមទាំងនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានដាក់គោលការអនុវត្តចំនួន ៣ឆ្នាំ សម្រាប់ «យើងរួមគ្នាដើម្បីកិច្ចការពារកុមារ» តាមរយៈការសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័នជាតិ និងក្រោមជាតិ ក៏ដូចជាអង្គការសង្គមស៊ីវិលដែលរួមមាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សមាគមយុវជនខ្មែរ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍ អង្គការចិត្តសង្គមអន្តរវប្បធម៌ និងអង្គការ HACC។ កិច្ចសហការយ៉ាងសកម្មរបស់ដៃគូទាំងនោះ ពិតជាបានរួមចំណែកធ្វើឱ្យមានការផ្លាស់ប្ដូរផ្នែកគោលនយោបាយ ការអនុវត្តដែលមានភាពប្រសើរឡើង និងជំរុញឱ្យមានផ្នត់គំនិតវិជ្ជមានសំដៅឆ្ពោះទៅធានាថាកុមារ ក្មេងជំទង់ និង និងកុមារដែលគេមិនរាប់រកទាំងអស់អាចរស់នៅដោយជៀសផុតពីអំពើហឹង្សាគ្រប់ទម្រង់ និងគ្រប់គ្រងលើរាងកាយ និងជីវិតរបស់ពួកគេព្រមទាំងធ្វើការផ្លាស់ប្តូរនូវផ្នត់គំនិតយេនឌ័រដែលប្រកបដោយគ្រោះថ្នាក់បណ្តាលឱ្យមានអំពើហឹង្សា និងវិសមភាពយែនឌ័រ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពធនជាមួយបំរែបំរួលអាកាសធាតុ។
យុវជនទាំងអស់រួមទាំងអ្នកស្រលាញ់ភេទដូចគ្នា លោកស្រី គ្វីននេត វ៉ង់ បានបញ្ជាក់អំពីលទ្ធផលរំពឹងទុកសំខាន់ៗ ដែលមាន ៤ ដូចជា៖
លទ្ធផលទី១៖ អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបន្តជួយលើកម្ពស់ កុមារ យុវជន និងស្ត្រីវ័យក្មេងអាយុ ១២ ដល់១៤ឆ្នាំ កើនចំណេះដឹង បំណិត និងទំនុកចិត្តហើយចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសិទ្ធិទទួលបានការការពារពីគ្រប់ទម្រង់នៃអំពើហិង្សា និងការគ្រប់គ្រងលើខ្លួនឯង ហើយអាចសម្រេចចិត្តទាំងទងនឹងផ្លូវភេទព្រមទាំងមានការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ។
លទ្ធផលទី២៖ អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបន្តធ្វើការជាមួយឪពុកម្តាយ អាណាព្យាបាល និងសហគមន៍ អ្នកដឹកនាំ សហគមន៍បានធ្វើបរិវត្តកម្ពយេនឌ័រលើបទដ្ឋានសង្គម និងយេនឌ័រ ឥរិយបថ និងទំនាក់ទំនងដោយមានការពង្រឹងការការងារ និងចូលរួមឆ្លើយតបរាល់គ្រប់ទម្រង់នៃអំពើហិង្សារួមទាំងការអនុវត្ដទាំងឡាយដែលនាំឱ្យមានការឈឺចាប់ ហើយចូលរួមលើកម្ពស់សមភាពយេនឌ័រ។
លទ្ធផលទី៣៖ គោលដៅរបស់យើងគឺបន្តពង្រឹងក្រុមកិច្ចការពារកុមារនៅសហគមន៍ និងបណ្តាញកិច្ចការពារកុមារផ្លូវការ បានកើនការ យកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មយេនឌ័រ និងបរិយាប័ន្ន សម្រាប់កិច្ចការពារកុមារ ការឆ្លើយតប និងការបញ្ជូនបន្តទៅរកសេវាដែលសមស្របនឹងអាយុ ភេទរបស់កុមារ។
លទ្ធផលទី៤៖ អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបន្តសហប្រតិបត្តិការណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការយកចិត្តទុកដាក់ក្នុងការបង្កើត និងពង្រឹងនូវក្របខណ្ឌគត្តិយុត្ត គោលនយោបាយ និងការវិភាជថវិកាជាតិសម្រាប់អនុវត្តនូវប្រព័ន្ធកិច្ចការពារកុមារ និងថវិការផ្ដោតលើយេនឌ័រសម្រាប់សេកិច្ចការពារ និងសេវាសុខភាពផ្លូវភេទ។
«ក្នុងរយៈពេល៣ឆ្នាំគម្រោង «យើងរួមគ្នាដើម្បីកិច្ចការពារកុមារ» នឹងគាំទ្រទៅដល់កុមារ ក្មេងស្រី ស្រ្តី និងយុវជនអាយុពី ១៨-២៤ឆ្នាំ ក្រុមមាននិន្នការភេទ ជនមានពិការភាពជាង ១៨,000នាក់ ដើម្បីឱ្យពួកគាត់គេចផុតពីអំពើហិង្សាគ្រប់ប្រភេទដោយពួកគាត់អាចមានការសម្រេចចិត្តលើជោគវាសនារបស់ខ្លួនឯង»។
គម្រោងនេះនឹងធ្វើការអនុវត្តនៅក្នុង ១១៨ភូមិ ២៤ឃុំ ១១ស្រុក ក្នុងខេត្តសៀមរាប រតនៈគីរី និងស្ទឹងត្រែង។ លោកស្រីគ្វីននេត បាន បន្ថែមថា៖ «តាមរយៈសិក្ខាសាលានេះ អង្គការភ្លែនអន្តរជាតិកម្ពុជាសង្ឃឹមថាគណៈធិបតីពីគ្រប់ស្ថាប័នដែលមានវត្តមានក្នុងកម្មវិធីនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យជិតស្និទពីថ្នាក់ក្រោមជាតិ ដល់ថ្នាក់ជាតិ ដើម្បីឱ្យការអភិវឌ្ឍនៃគម្រោងនេះនឹងមានវិសាលភាព និងភាព ជោគជ័យខ្ពស់ ដើម្បីជួយលើកកម្ពស់សិទ្ធិដល់កុមារ និងយុវជន»។
រួបថតដោយ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា
.