កម្ពុជាប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៤អមដោយការប្តេជ្ញាចិត្តត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ

ភ្នំពេញ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ ភាគីពាក់ព័ន្ធជាង២០០នាក់មកពីវិស័យកសិកម្ម ម្ហូបអាហារ និងអាហារូបត្ថម្ភបានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៤នៅកម្ពុជា។ ព្រឹត្តិការណ៍ឆ្នាំនេះដឹកនាំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) និងក្រោមការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) អង្គការហេទ្បែនខេលល័រអន្តរជាតិ (HKI) អង្គការទស្សនៈពិភពលោក (WVI)  ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការសហគ្រាសអភិវឌ្ឍន៍អន្តរជាតិ (iDE) និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដោយប្រធានបទឆ្នាំនេះផ្តោតទៅលើប្រធានបទ «ការត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ»

ការជួបជុំប្រមូលផ្តុំទៅដោយអ្នកចងក្រងគោលនយោបាយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលអ្នកជំនាញផ្សេងៗ តំណាងវិស័យឯកជន អ្នកស្រាវជ្រាវ អ្នកអប់រំ សិស្ស និស្សិត កសិករ និងក្រុមយុវជននានា ដោយបានប្តេជ្ញាចិត្តរួមគ្នា ដើម្បីធានាឱ្យបានសុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប។ ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅឆ្នាំនេះ គឺជាការប្រារព្ធកម្មវិធីជាលើកទីបីបន្តបន្ទាប់គ្នារបស់កម្ពុជា។

សុវត្ថិភាពម្ហូបអាហារនៅតែជាវិបត្តិសកលដ៏សំខាន់ដែលបានបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។ អាហារកខ្វក់ដែលមានមេរោគបានចម្លងជំងឺដល់មនុស្សប្រមាណ៦០០លាននាក់ជារៀងរាល់ឆ្នាំដោយបានធ្វើឱ្យអត្រាមរណភាពកើនដល់ ៤២០,០០០នាក់ នៅទូទាំងពិភពលោក និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចគិតជាទឹកប្រាក់ប្រមាណ ១១០ពាន់លានដុល្លារ ជាពិសេសនៅតាមបណ្ដាប្រទេសចំណូលទាប និងមធ្យម។ នៅកម្ពុជាបញ្ហាសុវត្ថិភាពម្ហូបអាហារនៅតែបន្តកើតមាន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសូម្បីតែវិស័យទេសចរណ៍។ ជាអកុសលកុមារអាយុក្រោម ៥ឆ្នាំប្រមាណ ១២៥,០០០នាក់ បានទទួលមរណភាពជារៀងរាល់ឆ្នាំដោយសារជំងឺឆ្លងតាមម្ហូបអាហារ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើតម្រូវការបន្ទាន់ និងភាពចាំបាច់នានាក្នុងការចាត់វិធានការឱ្យបានល្អប្រសើរពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពម្ហូបអាហារនេះ។

Cambodia Marks World Food Safety Day 2024 with a Commitment to Preparedness for Unexpected Challengesឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានគូសបញ្ជាក់ថា៖ «សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ អាហារ​​មាន​សុវត្ថិភាពផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព​ សុខុមាលភាព​ និងជីវភាពរស់នៅរបស់​មនុស្ស​គ្រប់​រូប។ ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកត្តាស្នូលដែលនាំឆ្ពោះទៅរកនិរន្តរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍធនធានមនុស្ស និងជាលក្ខខណ្ឌត្រៀមបម្រុងក្នុងការសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ យុវជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធស្បៀង ដើម្បីធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងបញ្ជ្រាបបញ្ហាសុវត្ថិភាពម្ហូបអាហារនេះទៅក្នុងគោលនយោបាយសុខភាពសាធារណៈក្នុងគោលបំណងកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃជំងឺឆ្លងតាមម្ហូបអាហារ និងដើម្បីអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនព្រមទាំងជួយសម្រួលដល់ឱកាសធ្វើពាណិជ្ជកម្មក្នុងវិស័យម្ហូបអាហារ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា»។

ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ដែលបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៨  ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែមិថុនា ផ្តោតសំខាន់ទៅលើការលើកកម្ពស់ការយល់ដឹង និងសកម្មភាពនានា ដើម្បីអាចកំណត់បានជំងឺឆ្លងតាមម្ហូបអាហារ ព្រមទាំងជួយការពារ និងគ្រប់គ្រងហានិភ័យ ដែលបណ្តាលមកពីម្ហូបអាហារ ដែលមិនមានសុវត្ថិភាពទាំងនោះ។ ការប្រារព្ធពិធីនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ បានសរបញ្ជាក់ពីតម្រូវការសំខាន់ៗ ក្នុងការបង្កើនកិច្ចសហការរួមគ្នារវាងអ្នកចងក្រងគោលនយោបាយ អ្នកជំនាញ អ្នកផលិតម្ហូបអាហារ អ្នកកែច្នៃ អ្នកចែកចាយ អ្នកលក់រាយ និងអ្នកប្រើប្រាស់នានា ដើម្បីធានាថាមនុស្សគ្រប់រូបទទួលបានអាហារប្រកបដោយសុវត្ថិភាព ជាពិសេសក្នុងកាលៈទេសៈ ដែលមិនអាចស្មានទុកជាមុនបាន។ ប្រធានបទសកលនៅឆ្នាំនេះគឺ «ការត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ» បានបង្ហាញពីសារៈសំខាន់នៃការរៀបចំ ដើម្បីដោះស្រាយចំពោះស្ថានភាពណាមួយដែលអាចបង្កជាអសុវត្ថិភាពម្ហូបអាហារ មិនថាជាបញ្ហាតូចតាចដែលកើតមាននៅតាមមូលដ្ឋាន ដូចជាការដាច់ចរន្តអគ្គិសនី ឬការព្រមានពីសុវត្ថិភាពអាហារនៅកម្រិតអន្តរជាតិធំៗ នោះឡើយ។

Cambodia Marks World Food Safety Day 2024 with a Commitment to Preparedness for Unexpected Challengesលោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជាបានកត់ សម្គាល់ថា៖ «នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងជាសាកលដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក គ្រោះថ្នាក់នៃសុវត្ថិភាពម្ហូបអាហារអាចកើនឡើងយ៉ាងឆាប់រហ័សពីកម្រិតមូលដ្ឋានទៅជាវិបត្តិអន្តរជាតិដែលតម្រូវឱ្យមានការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ជាងពេលណាទាំងអស់។ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាដោយគ្របដណ្ដប់គ្រប់ដំណាក់កាលនៃខ្សែច្រវាក់ម្ហូបអាហារ គិតរាប់ចាប់ពីអ្នកផលិតរហូតដល់អ្នកប្រើប្រាស់ និងស្ថាប័នត្រួតពិនិត្យ។ យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវត្រៀមខ្លួនជានិច្ចចំពោះស្ថានភាពណាមួយ ដែលបង្កដោយអសុវត្ថិភាពម្ហូបអាហារ។

ថ្លែងក្នុងនាមភ្នាក់ងារអង្គការសហប្រជាជាតិនៅក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៤នេះ លោកស្រីបានបន្តទៀតថា៖ «ការជួបជុំគ្នានាថ្ងៃនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះសុវត្ថិភាពម្ហូបអាហារ និងបង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហការក្នុងការការពារប្រព័ន្ធស្បៀង និងសុខភាពសហគមន៍របស់យើង។ ស្របពេលដែលយើងកំពុង
បោះជំហានបេសកកម្មរបស់យើងទៅមុខ ការរៀបចំផែនការ ការត្រៀមលក្ខណៈ និងការធ្វើសកម្មភាពរួមគ្នាពិតជាចាំបាច់បំផុតដើម្បីដោះស្រាយរាល់បញ្ហាប្រឈមសំខាន់ៗ នៅក្នុងប្រព័ន្ធស្បៀងរបស់កម្ពុជាដោយខិតខំធ្វើយ៉ាងណាឱ្យខ្សែច្រវាក់តម្លៃម្ហូបអាហារទាំងមូលកាន់តែមានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាព»។

Cambodia Marks World Food Safety Day 2024 with a Commitment to Preparedness for Unexpected Challengesលោកស្រីវេជ្ជបណ្ឌិត ម៉ារីអាណា ទ្រីអាស តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបន្ថែមថា៖ «ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៤នេះ ជាសេចក្ដីរំលឹកស្មារតីរបស់យើងទាំងអស់គ្នាជាថ្មីម្តងទៀតនូវសារៈសំខាន់ចាំបាច់នៃការខិតខំប្រឹងប្រែងរួមគ្នាក្នុងកិច្ចការសុវត្ថិភាពម្ហូបអាហារ។ វាជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា និងជាវិធីតែមួយគត់ ដែលអាចធានាបាននូវសុវត្ថិភាពម្ហូបអាហារដែលយើងទទួលទាន។ យ៉ាងណាមិញ បើទោះបីជាយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពប៉ុណ្ណាក៏ដោយ មានពេលខ្លះអ្វីដែលមិននឹកស្មានដល់នៅតែអាចកើតមានឡើង និងរំខានដល់ផែនការដ៏ល្អឥតខ្ចោះដែលយើងបានរៀបចំ និងអនុម័តរួច។ ការងារចាំបាច់បំផុតសម្រាប់យើងទាំងអស់គ្នានៅពេលនេះ គឺត្រូវធ្វើយ៉ាងណាត្រៀមខ្លួនឱ្យរួចជាស្រេចផ្សាភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានាដែលនឹងអាចកើតមានឡើងប្រកបដោយភាពបត់បែនបំផុត។ យើងត្រូវបង្កើនកិច្ចសហប្រតិបត្តការរួមគ្នាដើម្បីធានាថាប្រព័ន្ធតាមដានរបស់យើងត្រូវបានដាក់បញ្ចូលនៅគ្រប់ផ្នែកដូចជា សុខភាព សត្វ និងបរិស្ថាន ក្នុងការត្រៀមបង្ការចំពោះសញ្ញាណនៃការព្រមានជាមុនណាមួយព្រមទាំងត្រៀមលក្ខណៈ ដើម្បីការពារការផ្ទុះ ឡើងជាយថាហេតុ។ អង្គការសុខភាពពិភពលោកប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរបស់យើងទាំងអស់ ដើម្បីធានាថាម្ហូបអាហាររបស់យើងពិតជាមានសុវត្ថិភាព និងរួមចំណែកការពារសុខភាពរបស់មនុស្សគ្រប់រូប»។

Cambodia Marks World Food Safety Day 2024 with a Commitment to Preparedness for Unexpected Challengesកម្ពុជាជាប្រទេសសម្បូរទៅដោយធនធានមនុស្សដែលជាយុវជនប្រមាណជាង៦០ភាគរយនៃចំនួនប្រជាជនសរុប ដូច្នេះទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៤នេះ សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការចូលរួមរបស់យុវជនពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ។ ព្រឹត្តិការណ៍នេះក៏មាននូវការថ្លៃងសុន្ទរកថាពីវាគ្មិនដែលជាថ្នាក់ដឹកនាំសំខាន់ៗ រួមទាំងកិច្ចពិភាក្សាតុមូលជាមួយអ្នកជំនាញជាច្រើនរូប និងក្រុមយុវជន ព្រមជាមួយនឹងកម្មវិធី «យុវជនដើម្បីសុវត្ថិភាពម្ហូបអាហារ» ដែលជាវេទិកានៃការបង្ហាញស្នាដៃច្នៃប្រឌិតពីសំណាក់សិស្ស​ និស្សិត តាមរយៈការប្រកួតប្រជែងរចនាផ្ទាំងរូបភាព វីដេអូ និងរូបថតផ្សេងៗ។ នៅក្នុងដំណើរការនៃការប្រកួតប្រជែងនេះ យុវជន​វ័យ​ក្មេង​ចំនួន៩រូប ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈនានា​នឹង​ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភី​ក្នុង​កម្មវិធីនោះផងដែរ។

ចំពោះទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនេះ កម្ពុជានៅតែបន្តបង្ហាញជំហរប្តេជ្ញាចិត្តរបស់ខ្លួនជានិច្ចដោយបន្តកសាងភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនានា ទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយបង្ហាញពីការទទួលស្គាល់ជាសាកលកាន់តែច្រើនឡើងអំពីតួនាទីដ៏សំខាន់នៃសុវត្ថិភាពម្ហូបអាហារនៅក្នុងវិស័យសុខភាពសាធារណៈ និងស្ថិរភាពសេដ្ឋកិច្ច។ ចាប់តាំងពីការចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២២មក ប្រទេសកម្ពុជាបានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការជំរុញសុវត្ថិភាពម្ហូបអាហារ ការលើកកម្ពស់ស្តង់ដារម្ហូបអាហារយ៉ាងហ្មត់ចត់ រួមទាំងការប្រតិបត្តិការអនុវត្តការគ្រប់គ្រងគុណភាព និងសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព និងធានាបាននូវប្រព័ន្ធតាមដាន ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕​

រូបភាពដោយ៖ សហការី

Cambodia Marks World Food Safety Day 2024 with a Commitment to Preparedness for Unexpected Challenges

LEAVE A REPLY

Please enter your comment!
Please enter your name here