សិល្បៈករជាង៣០នាក់ព្រួតដៃគ្នាបង្កើតក្តីសង្ឃឹមដើម្បីសង្រ្គោះជីវិតឆាលី​

ភ្នំពេញ៖ សិល្បៈករប្រមាណជាង ៣០នាក់កំពុងតែព្រួតដៃគ្នាបង្កើតយុទ្ធនាការ «រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី – Save Charlie’s Life Together» ដើម្បីរៃអង្គាសប្រាក់ជួយសង្គ្រោះជីវិតក្មេងប្រុសដ៏កម្សត់ដែលកំពុងតែតតាំងនឹងឥទ្ធិពលជម្ងឺមហារីកដ៏កាចសាហាវក្នុងវ័យទើបតែ៤ឆ្នាំ។

លោក ព្រហ្ម ពន្លឺ  ជាសិល្បៈករគំនូសហសម័យមួយរូប និងជាឪពុកបង្កើតរបស់ក្មេងប្រុស ឆាលី រៀបរាប់ទាំងអារម្មណ៍ ក្តុកក្តួលនៅថ្ងៃសន្និសីទសារព័ត៌មានថា ក្នុងនាមជាឪពុកម្នាក់ លោកអាចនឹងបន្តក្តីសង្ឃឹមបន្តទៀតនៅពេលបានរៀបចំយុទ្ធនាការនេះឡើងដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីសប្បុរសជន សិល្បៈករនៅក្នុងអាជីពជាមួយគ្នា។

Save Charlie’s Life Togetherលោក ព្រហ្ម ពន្លឺ និយាយថា៖ «ក្នុងនាមខ្ញុំជាឪពុករបស់ឆាលី ខ្ញុំមានសេចក្តីសោមនស្សរីករាយនៅក្នុងការបង្កើតព្រឹត្តិការណ៍មួយនេះ ហើយការចូលរួមរបស់បងប្អូនទាំងអស់នៅក្នុងការជួយមកកូនប្រុសរបស់ខ្ញុំ អាចនិយាយបានថាដង្ហើមកូនប្រុសរបស់ខ្ញុំដកបានដោយសារទឹកចិត្ត ១ដុល្លារបស់បងប្អូន! មួយកាក់ មួយសេនរបស់បងប្អូនក៏ដោយ វាជាដង្ហើមនៃបេះដូងរបស់គាត់»។

លោក ព្រហ្ម ពន្លឺ ប្រាប់ទាំងមានក្តីសង្ឃឹមថា ជាជាងទទួលបានការបរិច្ចាគទឹកប្រាក់ដោយមិនបានធ្វើអ្វីទាល់តែសោះ លោកយល់ថា ការរៀបចំព្រឹត្តិការណ៍នេះអាចជាជ្រុងមួយជួយបំផុសគំនិតទៅកាន់សិល្បៈករ លើសពីនេះពួកគាត់អាចពាំនាំនូវស្នាដៃរបស់គាត់មកដាក់ចេញថ្លៃបាននៅថ្ងៃកម្មវិធី​ ការងាររបស់សិល្បៈករគឺជាទឹកចិត្តដែលជួយជំរុញឱ្យកូនខ្ញុំអាចបន្តដំណើរជាមួយយើងបាន។

លោក ព្រហ្ម ពន្លឺ បន្ថែមថា៖ «ក្នុងនាមខ្ញុំជាសិល្បៈមួយរូបដែល មូលហេតុដែលខ្ញុំពាំនាំយកគំនូរយកមកដេញថ្លៃ យកមកលក់ដើម្បីជួយកូនប្រុសខ្ញុំ ព្រោះខ្ញុំគិតថាវាជាជ្រុងមួយនៃសិល្បៈដែលអាចបំផុសទៅមហាជន ដើម្បីជួយក្រៅពីការថវិការដោយផ្ទាល់ ព្រោះដូចសិល្បៈករគាត់មិនមានថវិការសម្រាប់ជួយទៅជំងឺកូនខ្ញុំអីគ្រប់គ្រាប់ទេ អ៊ីចឹងគាត់មានបេះដូង និងទឹកចិត្តសប្បុរសធម៌របស់គាត់ក្នុងការបរិច្ចាគនៃស្នាដៃរបស់គាត់»។

Save Charlie’s Life Togetherលោក ប្រាក់ សំណាង ជាអ្នកផ្ដួចផ្ដើមយុទ្ធនាការនេះបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៩​ ខាងមុខនេះនឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ឯកឧត្ដម អ៊ន សុទ្ធីរ័ត្ន និងលោកជំទាវ លីម ម៉ូលីហ្សា ដែលបច្ចុប្បន្នលោកទាំងពីរជាអ្នកឧបត្ថម្ភគាំទ្រធំដល់កម្មវិធីនេះ រួមទាំងវត្តមានតារាល្បីៗ ជារូបទៀត។

លោក ប្រាក់ សំណាង លើកឡើងថា៖ «កម្មវិធីនេះទីមួយជាចំបងគឺយើងលក់ Artwork គឺលក់សិល្បៈរបស់វិចិត្រករគំនូរ ទីពីរ គឺយើងលក់តាមរយៈការដើរម៉ូត Collection របស់ Designer ហើយនិងទីបី គឺយើងទទួលបានពីការលក់សំបុត្រដល់ភ្ញៀវ ហើយក្នុងនោះយើងក៏បានអញ្ជើញជាមួយនឹងសិល្បករ តារាល្បីៗ ក៏ដូចម៉ូឌែលរបស់យើង គឺជាក្រុមបបរកញ្ញារបស់កម្ពុជាផងដែរ […] ជាការចង់ចាំមួយរួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតឆាលី»។

បន្ថែមពីនេះអ្នកផ្ដួចផ្ដើមយុទ្ធនាការរូបនេះលើកឡើងថា នៅថ្ងៃកម្មវិធីនឹងមានការចូលរួមពីវិចិត្រករគំនូរប្រមាណជាង២០រូបដែលនឹងការពាំនាំស្នាដៃដ៏ល្អ​​​ឯកទៅដាក់តាំងជូនភ្ញៀវកិត្តិយសទស្សនា ក៏ដូចជាដាក់ឱ្យដេញថ្លៃផងដែរ។ លោកសង្ឃឹមថាកម្មវិធី «រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី – Save Charlie’s Life Together» នឹងប្រែក្លាយជាការចង់ចាំដ៏ល្អមួយរវាងក្រុមគ្រួសារឆាលីជាមួយសិល្បៈករ ជាពិសេសប្រែក្លាយជាមូលនិធិសម្រាប់ជួយព្យាបាលជំងឺឆាលី។

លោក ប្រាក់ សំណាង បន្ថែមថា៖ «អ៊ីចឹងខ្ញុំក៏គិតថា ខ្ញុំចង់មានស្នាដៃមួយដែលអាចបង្កើតនៃការចង់ចាំអនុវស្សារីយ៍ដ៏ល្អសម្រាប់សម្បុរសជន ដែលគាត់អាចចូលរួមជួយមូលនិធិដល់ឆាលីបានតាមរយៈការលក់នូវវត្ថុសិល្បៈ។ វត្ថុសិល្បៈរបស់យើង គឺពាក់ព័ន្ធជាមួយនឹងសិល្បៈករ ដែលគាត់ជាសិល្បៈករគំនូរហ្មង យើងបានអញ្ជើញគាត់មកជាង ២០រូប ដែលគាត់នឹងធ្វើការលក់ស្នាដៃនៅក្នុងថ្ងៃព្រឹត្តិការណ៍»។

ងលោក ចោម មួយ ជាអ្នកច្នៃម៉ូតម្នាក់ដែលបានចូលរួមជួយយុទ្ធនាការ «រួមគ្នាបង្កើតពន្លឺថ្មីសម្រាប់ជីវិតរបស់ ឆលី – Save Charlie’s Life Together» បានត្រៀមខ្លួនជារួចរាល់រួមជាមួយនឹងឈុតសម្លៀកបំពាក់ប្រមាណជាង ១០ឈុតសម្រាប់ដាក់ដេញថ្លៃនៅក្នុងថ្ងៃកម្មវិធី។

លោក ចោម មួយ ប្រាប់ថា៖ «ដាក់ប្រហែលជា១០ឈុត ឬក៏ច្រើនជាងហ្នឹង សម្រាប់ដេញថ្លៃនៅក្នុងកម្មវិធីហ្នឹង ហើយបើសិនជាដេញថ្លៃ១០ឈុតហ្នឹង យើងលក់ចេញទាំងអស់ យើងនឹងផ្តល់មួយចំណែកទៅមូលនិធិហ្នឹងផ្ទាល់ សម្រាប់ការព្យាបាលទៅឆាលី ដែលពួកគាត់កំពុតែមានបញ្ហាហ្នឹង»។

បន្ថែមពីនេះលោក លោក ចោម មួយ មានការរំពឹងទុកថា៖  «នឹងអាចផ្តល់ជាមូលនិធិមួយចំណែកដល់ឆាលីហ្នឹង […] ខ្ញុំគិតថានឹងមានអ្នកគាំទ្រច្រើនក៏ដូចជាអ្នកសិល្បៈផងដែរ ជាពិសេសយើងធ្វើទាក់ទងទៅនឹង Charity Event ហ្នឹង!សង្ឃឹមថាបញ្ហាដែលគាត់ប្រឈមហ្នឹង គាត់ត្រូវការជំនួយពីអ្នកដែលចូលរួមជាមួយគាត់»។

Save Charlie’s Life Togetherសូមបញ្ជាក់ថានៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះពិធីដាក់ដេញថ្លៃផ្ទាំងគំនូរ និងសម្លៀកបំពាក់ម៉ូតទាន់សម័យពីសិល្បៈករ និងអ្នកច្នៃម៉ូតនឹងធ្វើឡើងនៅទីតាំង Factory Phnom Penh ចាប់ពីម៉ោង 5រសៀលតទៅ។

លោកអ្នកអាចទំនាក់ទំនងទិញសំបុត្រតាមលេខទូរស័ព្ទ 087 993 398 និង ០10 448 926 ដោយសំបុត្រមានតំម្លៃ 15 ដុល្លា សម្រាប់ VIP សំបុត្រពិសេសតម្លៃ 8 ដុល្លា និងសំបុត្រធម្មតាតម្លៃ 5 ដុល្លា​៕

អត្ថបទ និងរូបភាពដោយ៖ ទុយ អេងលី

Save Charlie’s Life TogetherSave Charlie’s Life Together