ជប៉ុនផ្តល់ថវិកាប្រមាណជាង៨៥ម៉ឺនដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឃគុណភាពគ្រូបង្រៀនអប់រំកាយ និងលើកកម្ពស់ឱកាសការងារជនមានពិការភាព

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសពត៌មានពីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៨៥៤,៩៥៦ ដុល្លារអាមេរិកដល់អង្គភាពទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយ លោកឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនីមួយៗ។

គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ដែលត្រូវចំណាយថវិកាប្រមាណជាង ៥៥៣,៩៦៩ ដុល្លារអាមេរិកត្រូវផ្តល់ជូនទៅអង្គការក្រៅរដ្ឋាភិបាល ឲបេះដូងមាស (HoG)។ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសនឹងអនុវត្តសកម្មភាពមួយចំនួន ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានឧត្តមសិក្សាដូចជា បណ្ណាល័យ មជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃក្នុង ការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងនិស្សិត ការគាំទ្រអតីតនិស្សិត និងការគ្រប់គ្រងសន្តិសុខនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES ) ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ គម្រោងនេះមានគោលបំណងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយនិរន្តរភាពដើម្បីបណ្តុះបណ្តាលគ្រូបង្រៀនអប់រំកាយប្រកបដោយគុណភាពស្របតាមស្តង់ដាគុណភាពអប្បបរមាសម្រាប់ការផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា (MSAHEI) នៅក្នុងប្រទេសកម្ពុជា។

Japan Provides 854,956 USD for Developing Quality Physical Education Teachers and Promoting Employment for Persons with Disabilitiesថវិកាចំនួនប្រមាណជាង ៣០០,៩៨៧ ដុល្លារអាមេរិកនឹងផ្តល់ជូនទៅសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) សម្រាប់ជួយទៅលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងការពង្រឹងបណ្តាញទំនាក់ទំនងជាមួយសហគមន៍ក្នុងខេត្តកណ្តាល។​

នៅក្នុងគម្រោងនេះសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុនមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់ជនមានពិការភាពនៅក្នុងខេត្តកណ្តាលតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងតាមរយៈការកសាងបណ្តាញក្នុងចំណោមសហគមន៍មូលដ្ឋាន។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមានឋបណីយភណ្ឌដែលមានរចនាបថបែបសកលក៏ដូចជាបំពាក់ដោយសម្ភារៈដែលចាំបាច់សម្រាប់ការបណ្តុះបណ្តាល។ លើសពីនេះទៀតបុគ្គលិកនឹងទទួលបានការបណ្តុះបណ្តាលឱ្យយល់ដឹងកាន់តែច្រើនអំពីពិការភាពដើម្បីឱ្យជនមានពិការភាពអាចសម្រប និងទទួលបានជំនាញដោយរលូនក្នុងកំឡុងពេលដែលពួកគេរៀន។ គម្រោងរំពឹងថានឹងរួមចំណែកដល់សង្គមភាវូបនីយកម្ម និងការសម្រេចបាននូវឯករាជ្យភាពសេដ្ឋកិច្ចរបស់ជនមានពិការភាព។

Japan Provides 854,956 USD for Developing Quality Physical Education Teachers and Promoting Employment for Persons with Disabilitiesឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនដែលហៅថា “អ៊ិនរ៉េន” បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៦០គម្រោងនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម អ៊ូអិណុ ថ្លែងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ រដ្ឋាភិបាលជប៉ុន នឹងចូលរួមចំណែកដោះស្រាយបញ្ហានានា ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ជប៉ុន»។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេស កម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មករដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៥៤លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៦០ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

រូបភាពដោយ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

Japan Provides 854,956 USD for Developing Quality Physical Education Teachers and Promoting Employment for Persons with Disabilities

LEAVE A REPLY

Please enter your comment!
Please enter your name here