ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញមានសេចក្តីរីករាយសូមស្វាគមន៍បេសកជនកីឡា Joanna Lohman និង Kacey White ដែលជាអតីតកីឡាការិនីបាល់ទាត់ក្រុមជម្រើសជាតិអាមេរិកដែលមកធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមីនានេះ។ តាមរយៈកម្មវិធីបេសកជនកីឡារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក តារាបាល់ទាត់ទាំងពីររូបនេះនឹងធ្វើការប្រាស្រ័យជាមួយយុវតីកម្ពុជា និងយុវជនដទៃទៀត ដើម្បីលើកទឹកចិត្តពួកគេក្នុងការអភិវឌ្ឍជំនាញកីឡាបាល់ទាត់របស់គេ ហើយលើកកម្ពស់វិស័យកីឡាដែលមានប្រជាប្រិយបំផុតនេះក្នុងចំណោមកីឡាក្នុងពិភពលោក។ សកម្មភាពរបស់ពួកគាត់ជាមួយកីឡាករដែលមានក្តីស្រម៉ៃខ្ពស់ផ្តោតលើការងារជាក្រុមទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ការកសាងការទុកចិត្តលើខ្លួនឯង និងមេរៀនដទៃទៀត ដែលគេអាចរៀនសូត្រតាមរយៈការលេងបាល់ទាត់។
បេសកជនកីឡាទាំងពីររូបនេះនឹងចូលរួមក្នុងសកម្មភាពនានា នាសប្តាហ៍នេះ នៅខេត្តកំពង់ឆ្នាំង ភ្នំពេញ និងសៀមរាប។ នៅខេត្តកំពង់ឆ្នាំង ពួកគាត់នឹងលេងជាមួយក្លឹបកីឡាផ្កាឈូក ចំណែកឯនៅខេត្តសៀមរាបពួកគាត់នឹងបង្ហាត់ ប្រាស្រ័យជាមួយកុមារអង្គការ Kids Play International ។ ដើម្បីរម្លឹកដល់ទិវានារីអន្តរជាតិលោកស្រី Lohman និង White នឹងជួបជាមួយកូនសិស្សកម្ពុជា ដើម្បីនិយាយអំពីស្រ្តីក្នុងកីឡា ហើយចែករម្លែកបទពិសោធន៍ក្នុងនាមជាអតីតកីឡាការិនីអាជីព ក្នុងក្រុមជម្រើសជាតិអាមេរិក។
កម្មវិធីបេសកជនកីឡារបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកជ្រើសរើសអត្តពលិក និងគ្រូបង្វឹកដើម្បីបង្ហាត់បង្ហាញពីការលេងកីឡាហើយប្រាស្រ័យជាមួយយុវជន និងអត្តពលិកវ័យក្មេងនៅទូទាំងសាកលលោក។ នៅបរទេសស្ថានទូត និងស្ថានកុងស៊ុលអាមេរិកធ្វើការជាដៃគូជាមួយអង្គការក្នុងស្រុក ដើម្បីដំណើរការកម្មវិធីដែលជួយអភិវឌ្ឍជំនាញក្នុងការដឹកនាំ ផ្តល់អំណាចដល់ស្រ្តីហើយបណ្តុះភាពសុខដុម និងបរិយាបន្នសង្គម។ កន្លងមកមានបេសកជនកីឡាចំនួនជាង ៣០០នាក់ ក្នុងវិញ្ញាសាកីឡាចំនួន ២៤ខុសៗ គ្នា បានធ្វើដំណើរក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកបដោយលទ្ធផលខ្ពស់៕
រូបភាពដោយ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា