កុមារកម្ពុជាអាយុក្រោម៥ឆ្នាំនៅតែប្រឈមបញ្ហាជំងឺស្គមស្គាំងធ្ងន់ធ្ងរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអង្គការ Helen Keller International-Cambodia បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី៖​ «គម្រោងព្យាបាល និងថែទាំកុមារកង្វះអាហារូបត្ថម្តស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរនៅកម្ពុជា»​ នៅសណ្ឋាគារភ្នំពេញនាថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០២៣ ។

សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងសុខាភិបាល មន្ទីសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល យុវជនជើងឯកអាហារូបត្ថម្ត និងអ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្តផងដែរ។

លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំប្រទេសកម្ពុជា បានលើកឡើងថាតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលនាអំឡុងពេលឆ្នាំ២០២២កន្លងទៅនេះ អង្គការ Helen Keller បានផ្ដល់អាទិភាពខ្ពស់លើការព្យាបាល និងការថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរដោយបានចាប់ផ្ដើមគាំទ្រកម្មវិធីជាតិអាហារូបត្ថម្ភក្នុងការអនុវត្តគម្រោងនេះចាប់តាំងពីខែមករា ឆ្នាំ២០២៣ នៅខេត្តចំនួន៣ ខេត្តតាកែវ កំពង់ឆ្នាំង និងខេត្តសៀមរាប។

លោក ហ៊ូ ក្រើន និយយាថា៖ «គម្រោងរបស់យើងបានធ្វើការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលថ្នាក់ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពចំនួន ៣៣នាក់ និងក្រុមទ្រទ្រង់សុខភាពភូមិចំនួន ១,៦៦៦នាក់»។

លោកវេជ្ជបណ្ឌិត ភឹម លាន់ តំណាងរដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថាដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្តស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរនៅកម្ពុជា អង្គការ Helen Keller ប្រចាំនៅប្រទេសកម្ពុជាគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើនការព្យាបាល និងថែទាំកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរក្នុងរយៈពេលប្រាំឆ្នាំ (២០២៣-២០២៧) ដែលរួមមាននៅក្នុងខេត្តគោលដៅចំនួន៦គឺ ខេត្តតាកែវ សៀមរាប កំពងស្ពឺ កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។​

លោក ភឹម លាន់ ថ្លែងថា៖ «អង្គការហេឡែន ខេលល័រ អន្តរជាតិ ពិនិត្យមើលលទ្ធភាពដើម្បីបន្តការអនុវត្តគម្រោង ក្នុងខេត្តគោលដៅ និងអាចបង្កើតនៅខេត្តផ្សេងៗ ទៀត។ ចំពោះកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាជាច្រើនទៀតដែលតម្រូវឱ្យមានការថែទាំ និងព្យាបាលដើម្បីអោយពួកគេផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ»។

គួរបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់បី គឺដើម្បីផ្ដល់ឱកាសដល់ការចូលរួមអនុវត្តគម្រោង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពរបស់គម្រោងបញ្ហាប្រឈមដែលបានជួបប្រទះ និងបទពិសោធន៍ល្អៗ ក្នុងឆ្នាំ២០២៣។​ ពិភាក្សាលើយុទ្ធសាស្រ្ត និងនីតិវិធីនានាដើម្បីអនុវត្តគម្រោងឱ្យរិតតែមានប្រសិទ្ធភាពនៅពេលអនាគត​ និងពិភាក្សាផែនការសកម្មភាព ពេលវេលាធនធានសម្រាប់ឆ្នាំ២០២៤។

យោងតាមរបាយការណ៍អង្កេតប្រជាសាស្រ្ត និងសុខាភិបាលកម្ពុជាឆ្នាំ ២០២១-២០២២ កុមារកម្ពុជាប្រមាណ ១០% មានបញ្ហាស្គមស្គាំង។ បើតាមរបាយការណ៍នេះអាចបញ្ជាក់បានថារយៈពេល១៥ឆ្នាំកន្លងមក បញ្ហាស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំនៅតែធ្ងន់ធ្ងរ ដោយកុមារប្រហែល ៥០,០០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមិនអាចទទួលបានការព្យាបាលបានបន្ថែមលើពីនេះមានកុមារជាង ១៦,០០០០នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម៕

អត្ថបទដោយ៖ អាយ រីសសា