គោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ

ភ្នំពេញ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះ អង្គការភ្លែនអន្តរជាតិកម្ពុជា ស្ថាប័នដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ បានប្រកាសអនុវត្តនូវ «គោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវា ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ»។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងការចូលរួមជាភ្ញៀវកិត្តិយសរបស់តំណាងមកពីក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាក់ព័ន្ធទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងអង្គការសង្គមស៊ីវិល។

National Guiding Principles for Nutrition-sensitive WASH and Case Study Report Launchedលោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានមាន ប្រសាសន៍ថា៖​ «រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវស្ថានភាព អាហារូបត្ថម្ភ និងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាលទ្ធផលអត្រាក្រិសក្រិនរបស់កុមារក្រោមអាយុ ៥ឆ្នាំ បានធ្លាក់ចុះពី ៣២% ក្នុងឆ្នាំ២០១៤ មកត្រឹម ២២% នៅឆ្នាំ២០២២។ ប្រទេសកម្ពុជាក៏មានភាពដំណើរប្រសើរឡើងនូវការលុបបំបាត់ ការបន្ទោបង់ពាសវាលពាសកាលនៅទីជនបទដែលត្រូវបានកាត់បន្ថយពី ៩៨% ក្នុងឆ្នាំ ២០០០ មកត្រឹម ១៤% នៅឆ្នាំ២០២២។ យោងតាមរបាយការណ៍នៃអង្កេតសុខភាព និងប្រជាសាស្រ្តកម្ពុជា ២០២១-២០២២ អត្រាគ្រួសារនៅជនបទមិនទទួលបានទឹកស្អាតប្រើប្រាស់អំឡុងរដូវប្រាំង នៅត្រឹមតែ ១៥% ប៉ុណ្ណោះក្នុងឆ្នាំ២០២២»។

ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ (Nutrition-sensitive WASH) គឺជាអភិក្រមជាលក្ខណៈពហុវិស័យមានគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាព អាហារូបត្ថម្ភ និងកាត់បន្ថយអត្រាក្រិសក្រិន និងស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំ។ កង្វះអាហារូបត្ថម្ភបង្កឡើងដោយកត្តាជាច្រើនរួមមាន អសន្តិសុខស្បៀងក្នុងគ្រួសារ កង្វះទឹកស្អាត ប្រើប្រាស់ និងកង្វះទឹកស្អាត និងអនាម័យក្នុងគ្រួសារ។ ដូច្នេះហើយកង្វះទឹកស្អាត និងអនាម័យត្រូវ បានចាត់ទុកថាជាមូលហេតុចម្បងនៃបញ្ហារាករូស និងកង្វះអាហារូបត្ថម្ភរបស់កុមារដែលបណ្តាលឱ្យកុមារកម្ពុជាជាច្រើននាក់រួមទាំងកុមារនៅជុំវិញពិភពលោកបានស្លាប់។

ការបន្ស៊ីគ្នារវាងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាមួយនឹងសេវាកែលម្អស្ថានភាពអាហារូបត្ថម្ភ គឺកាន់តែមិនត្រូវបានគេមើលរំលង និងកាន់តែកើនឡើងនូវការទទួលស្គាល់អំពីសារៈសំខាន់នៃការលើកកម្ពស់ស្ថានភាព អាហារូបត្ថម្ភតាមរយៈ សមាហរណកម្មនៅក្នុងអន្តរាគមន៍ដែលឆ្លើយតបទៅនឹងដើមហេតុ និងមូលដ្ឋាននៃបញ្ហាកង្វះអាហារូបត្ថម្ភរបស់បុគ្គល គ្រួសារ និងសង្គម ជាពិសេសផ្តោតសំខាន់លើវិស័យផ្គត់ផ្គត់ទឹកស្អាត និងអនាម័យ។

គោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែល គិតគូរដល់អាហារូបត្ថម្ភត្រូវបានបង្កើតឡើងដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការណែនាំ ទៅដល់អ្នកពាក់ព័ន្ធក្នុងការកែលម្អស្ថានភាពអាហារូបត្ថម្ភនៅប្រទេសកម្ពុជា។

National Guiding Principles for Nutrition-sensitive WASH and Case Study Report Launchedឯកសារគូសបញ្ជាក់នូវគោលការណ៍គន្លឹះណែនាំទាំង ៥ រួមមាន៖

១. កំណត់តំបន់ភូមិសាស្រ្តគោលដៅសម្រាប់អន្តរាគមន៍បញ្ចូលគ្នានៃសេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដោយផ្អែកលើតម្រូវការសហគមន៍ តាមរយៈការវាយតម្លៃ អត្រាគ្រប់ដណ្តប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សមភាព នៃការទទួលបានសេវា និងអត្រាប្រេវ៉ាឡង់កង្វះអាហារូបត្ថម្ភកុមារ។

២. កំណត់សេវាដែលមានការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ និងបង្កើតតម្រូវការដើម្បីទទួលបានលទ្ធភាពស្មើគ្នា។ នៅក្នុងដំណាក់កាលរៀបចំផែនការអ្នកអនុវត្តត្រូវវាយតម្លៃអត្រាគ្របដណ្តប់ និងកំណត់អ្នកផ្តល់សេវាដែលមានស្រាប់ សម្រាប់សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ។

៣. ផ្លាស់ប្តូរឥរិយាបថ និងជំនឿប្រកបដោយនិរន្តរភាព និងជះឥទ្ធិពលលើវិស័យផ្គត់ផ្គង់ ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភដែលផ្តោតលើយេនឌ័រ និងយុវជន។

៤. ពង្រឹងគណនេយ្យភាព និងជំរុញការចូលរួមពីវិស័យឯកជននៅថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិរួមទាំងការអភិវឌ្ឍន៍សមត្ថភាពរបស់ក្រសួងពាក់ព័ន្ធ ថ្នាក់ក្រោមជាតិ និងសមាជិក ក្រុមប្រឹក្សាឃុំ។

៥. ផ្តោតចម្បងលើកុមារ ជាពិសេស ផ្តោតលើកិច្ចអន្តរាគមន៍ ១០០០ថ្ងៃដំបូងនៃជីវិត។ កិច្ចអន្តរាគមន៍ត្រូវផ្តោតការយកចិត្តទុកដាក់ និងបញ្រ្ជាបរាល់សកម្មភាពដែលគិតគូរកុមារ ជាចម្បង ក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់អាហារូបត្ថម្ភ កុមារ ចាប់ពីដំណាក់កាលដំបូងនៃជីវិតរហូតដល់កុមារអាយុ ៥ឆ្នាំ។

ជាមួយគ្នានេះដែរ ករណីសិក្សាត្រូវបានចងក្រងឡើងដើម្បីចែករំលែកបទពិសោធន៍នៃអន្តរាគមន៍នានានៅសហគមន៍អំពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងប្រើប្រាស់មេរៀនទទួលបានពីការអនុវត្តកម្មវិធីការចាប់ផ្តើមជាមួយសុខភាពល្អ ដែលជាកម្មវិធីស្នូលមួយក្នុងចំណោមកម្មវិធីស្នូលទាំង៤ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅខេត្តកំពង់ធំ របស់អង្គការហេទ្បែន ខេលល័រអន្តរជាតិ ក្រោមជំនួយថវិការបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ហើយនឹងត្រូវបានប្រើប្រាស់ដើម្បីជូនជាព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធសម្រាប់អន្តរាគមន៍នាពេលខាងមុខដើម្បីដោះស្រាយបញ្ហាក្រិសក្រិនតាមរយៈកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ។

National Guiding Principles for Nutrition-sensitive WASH and Case Study Report Launchedកម្មវិធីប្រកាសអនុវត្តថ្នាក់ជាតិនូវគោលការណ៍ប្រតិបត្តិថ្នាក់ជាតិស្តីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ និងករណីសិក្សា គឺជាជំហានទៅមុខដ៏ប្រសើរមួយដែលអាចដោះស្រាយបញ្ហាកង្វះអាហារូប ត្ថម្ភនៅក្នុងប្រទេសកម្ពុជា។ គោលការណ៍ទាំងនេះផ្តល់ការណែនាំច្បាស់លាស់សម្រាប់ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទបានផ្តល់អនុសាសន៍ថា៖ «អនុក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភត្រូវបន្តផ្សព្វផ្សាយចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងលើការអនុវត្ត កិច្ចអន្តរាគមន៍ទឹកស្អាត និងអនាម័យដោយគិតគូរអាហារូបត្ថម្ភទៅដល់ភាគីពាក់ព័ន្ធទាំងអស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយដៃគូពាក់ព័ន្ធត្រូវធ្វើការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រុមការងារបច្ចេកទេស ចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងក្រុមការងារដឹកនាំសម្របសម្រួលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្តដើម្បីបង្កើតយន្តការអនុវត្តនៅសហគមន៍ឱ្យស្របគ្នានូវវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ អាហារូបត្ថម្ភដើម្បីរួមចំណែកកែលម្អកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់»។

រូបភាពដោយ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា

National Guiding Principles for Nutrition-sensitive WASH and Case Study Report Launched