អង្គការហេទ្បែន ខេលល័ររកឃើញក្រុមយុវជនជើងឯកអាហារូបត្ថម្ភសម្រាប់រដូវកាលថ្មី

ភ្នំពេញ៖ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រុមយុវជនជើងឯកអាហារូបត្ថម្ភនៃអង្គការហេទ្បែន ខេលល័រ ក្រោមជំនួយឧបត្ថម្ភរបស់គម្រោង MUSEFO នៃអង្គការ GIZ និងអង្គការហេទ្បែន ខេលល័រ បានរៀបចំវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភនៅអាគារ The Kampus  ក្រោមអធិបតីភាពលោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលរួមទាំងវត្តមានភ្ញៀវកិត្តិយស យុវជនប្រមាណជាង ១៣៧នាក់។

Helen Keller International's Youth Nutrition Champions Debates
ម្ចាស់ជ័យលាភីយយុវតី លី ស្រីលីន ឯកឧត្តម​ ឃួន​ លឹម​ឈាន់​ អគ្គលេខាធិការរង​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទផាត បញ្ញាបុត្រ និង ហួរ ស្រីលីស។​ រូបថតថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ រូបថតដោយ៖ ទុយ អេងលី

កម្មវិធីនៃវគ្គផ្តាច់ព្រ័ត្របានរកឃើញបេក្ខភាពជ័យលាភីលេខ១ សម្រាប់រដូវកាលថ្មីចំនួន៣រូបដែលរូមមានយុវជន ផាត បញ្ញាបុត្រ យុវតី លី ស្រីលីន និង ហួរ ស្រីលីស​ មកពីក្រុមស្របនៃការតស៊ូមតិក្រោមប្រធានបទ «ការធ្វើទីផ្សារអាហារ និងភេសជ្ជៈនៅលើបណ្តាញសង្គមបានបង្កគ្រោះថ្នាក់ជាងផលល្អដល់របបអាហាររបស់កុមារ និងយុវជន»។ ចំណែកឯ​បេក្ខភាពជ័យលាភីលេខ២ បានទៅលើក្រុមបដិសេធរួមមានយុវតី ឡេង គីមឈេង យុវជន ហោ វិរដ្ឋា និង ផន រស្មី។

កម្មវិធីវគ្គផ្តាច់ព្រ័ត្រយុវជនជើងឯកអាហារូបត្ថម្ភនៃអង្គការហេទ្បែន ខេលល័រ យុវជនទាំងពីរក្រុមបានបញ្ចេញសមត្ថភាពយ៉ាងក្លាហាន មុតមាំក្នុងការតស៊ូមតិដែលជាផ្នែកមួយជួយជំរុញលើកទឹកចិត្តយុវជនជាច្រើនទៀតឱ្យយល់ដឹងពីការលើកកម្ពស់របបអាហារសុខភាពសម្រាប់ស្រ្តី កុមារ និងយុវជនជាដើម។

Helen Keller International's Youth Nutrition Champions Debates
ឯកឧត្តម​ ឃួន​ លឹម​ឈាន់​ អគ្គលេខាធិការរង​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ​ប្រគល់រង្វាន់យុវតី ហួរ ស្រីលីស ម្ខាស់ជ័យលាភីក្រុមស្របក្រោមប្រធានបទ​ «ការធ្វើទីផ្សារអាហារ និងភេសជ្ជៈនៅលើបណ្តាញសង្គមបានបង្កគ្រោះថ្នាក់ជាងផលល្អដល់របបអាហាររបស់កុមារ និងយុវជន»។

យុវតី ហួរ ស្រីលីស ម្ចាស់ជ័យលាភីលេខ១ បានចែករំលែកបទពិសោធន៍ពីការប្រកួតថា៖ «ការប្រកួតមួយៗ ខ្ញុំគិតថាវាសំខាន់គឺយើងយកបទពិសោធន៍ ពីព្រោះបើកាលណាយើងមើលទៅលើការចាញ់ឈ្នះតែមួយមុខនឹងធ្វើឱ្យយើងបាត់ការផ្តោត ដែលយើងផ្តោតទៅលើគោលដៅតែមួយមុខ។ អ៊ីចឹងធ្វើឱ្យយើងមានចន្លោះប្រហោងដែលយើងធ្វើវា Step by step បានឈានទៅដល់គោលដៅ»។

ស្រីលីស បន្ថែមថា៖ «អ៊ីចឹង! យើងមិនចាំបាច់ផ្តោតទៅវាខ្លាំងពេកទេ គ្រាន់តែអីឱ្យអស់ពីសម្ថភាពទៅ អ៊ីចឹងអាចាញ់ និងឈ្នះហ្នឹង! វានឹងមកតាមក្រោយ សំខាន់គឺយើងធ្វើវាឱ្យល្អបំផុតសម្រាប់យកបទពិសោធន៍។ បទពិសោធន៍គឺសំខានបំផុត ខ្ញុំគិតថាបទពិសោធន៍គឺសំខាន់ជាងអ្វីៗ ទាំងអស់ដែលជួយយើងបានច្រើន​ជាជាងពាក្យថាចាញ់ និងឈ្នះ»។

Helen Keller International's Youth Nutrition Champions Debates
ឯកឧត្តម វេជ្ជបណ្ឌិត សយ អុឹង ប្រធាននាយកដ្ឋាន សន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល, ហោ វិរដ្ឋា, ឡេង គីមឈេង ផន រស្មី។ រូបថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ រូបថតដោយ៖ ទុយ អេងលី

ចំណែកយុវតី ឡេង គីមឈេង ​បើទោះបីជាមិនទទួលបានជ័យលាភីយ៉ាងណាក្តីក៏យុវតីរូបនេះហាក់ពេញចិត្តទៅនឹងបទពិសោធន៍ពីការប្រកួតប្រជែងយុវជនជើងឯកអាហារូបត្ថម្ភថា៖ ​ «បទពិសោធន៍ដែលខ្ញុំចង់ចែកទៅប្អូនៗ ខ្ញុំគិតថាបើសិនជាគាត់ទទួលបានប្រធានមួយ គាត់ត្រូវតែមើលប្រធានហ្នឹងឱ្យយល់សិន ចាំគាត់ទៅរកទទ្បី្ហករតាមក្រោយ ហើយប្រធានបទមួយៗ សុទ្ធតែបង្កប់ន័យនៅក្នុងហ្នឹង ដូចទៅនឹងគណៈកម្មការថាអ៊ីចឹង ថាអាប្រធានបទសូម្បីតែពាក្យគន្លឹះតូចៗ ក្នុងហ្នឹងក៏ត្រូវយកមកពន្យល់បកស្រាយដែរ»។

គីមឈេង បន្ថែមថា៖ «ខ្ញុំចង់ផ្តាំទៅប្អូនថាបើសិនចូលរួមក្នុងកម្មវិធីប្រកួតប្រជែងហ្នឹង ខ្ញុំចង់ឱ្យពួកគាត់ព្យាយាមស្រាវជ្រាវទាក់ទងនឹងជីវភាពផ្ទាល់ខ្លួនរបស់ខ្លួនឯងឱ្យច្រើន កុំសូវយកពីបរទេសច្រើនពេក​ ពីព្រោះភាគច្រើនគេកំណត់ទៅលើជាក់ស្តែង»។

Helen Keller International's Youth Nutrition Champions Debates
បេក្ខភាពយុវជនជើងឯកអាហារូបត្ថម្ភថតរូបជាក្រុមជាមួយនឹងភ្ញៀវកិត្តិយសនាឱកាសថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្ត។​ រូបថតថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ រូបថតដោយ៖ ទុយ អេងលី

អំឡុងខែមីនា និងខែមេសា ឆ្នាំ២០២៣ យុវជនជើងឯកអាហារូបត្ថម្ភអង្គការហេឡែន ខេលល័របានរៀបចំការប្រកួតតស៊ូ មតិយុវជនជើងឯកអាហារូបត្ថម្ភដែលមានបេក្ខជនចំនួន ១២នាក់ត្រូវបានជ្រើសរើសដើម្បីទទួលការបណ្តុះបណ្ដាលស្ដីពីជំនាញតស៊ូមតិ (Debating Skills) ពីអ្នកជំនាញ និងអភិវឌ្ឍនូវជំនាញផ្សេងៗ របស់ខ្លួនដូចជា ការត្រិះរិះពិចារណា ការងារជាក្រុម ការស្រាវជ្រាវ និងភាពជាអ្នកដឹកនាំជាដើម។

បន្ទាប់ពីទទួលការបណ្តុះបណ្តាលទាំងពីរលើកបេក្ខជនទាំង ១២រូបត្រូវបែងចែកជាបួនក្រុមដើម្បីចូលរួមការប្រកួតតស៊ូមតិយុវជនជើងឯកអាហារូបត្ថម្ភពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជម្រុះយកពីរក្រុមឈានមកកាន់វគ្គផ្តាច់ព្រ័ត្រលើប្រធានបទដែលទាក់ទងនឹងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាព៕

រូបភាពដោយ៖ ទុយ អេងលី

Helen Keller International's Youth Nutrition Champions DebatesHelen Keller International's Youth Nutrition Champions Debates