ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍សន្យាផ្តល់ជំនួយ ៤០០លានអឺរ៉ូដើម្បីជួយប្រទេសកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងនាមប្រទេសកម្ពុជា ​ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមទាំងគណៈប្រតិភូត្រូវបានទទួលស្វាគមន៍​នៅឯទីស្នាក់ការ​កណ្តាលរបស់​​ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីក្រុងប៉ារីស៍។

ទីភ្នាក់ងារ AFD ត្រូវបាន​តំណាងដោយលោកស្រី Marie Hélène Loison អគ្គនាយិការង​ និងលោក Cyrille Bellier ប្រធាននាយកដ្ឋាន​​អឺរ៉ុបខាងកើត មជ្ឈិមបូព៌ា និងអាស៊ី។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីភ្នាក់ងារ AFD ដើម្បីពិភាក្សាគ្នាអំពីទិសដៅយុទ្ធសាស្រ្តរបស់​ទីភ្នាក់ងារ AFD នៅកម្ពុជា។

ការពិភាក្សាប្រចាំឆ្នាំនេះ​ក៏មានការចូលរួមផងដែរពីតំណាងក្រសួងបច្ចេកទេសពាក់ព័ន្ធ និងសហគ្រាសសាធារណៈ​ជាដៃគូរបស់ទីភ្នាក់ងារ AFD។ កិច្ចពិភាក្សាខាងលើ គឺជាឱកាសដើម្បីរំលឹកអំពីភាពជាដៃគូយូរអង្វែងរវាងប្រទេសកម្ពុជា និង AFD និងកំណត់ទិសដៅសំខាន់ៗ នៃផែនការសកម្មភាពសម្រាប់បណ្តាឆ្នាំខាងមុខ។ តាមរយៈកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាក្នុងឱកាសនោះទីភ្នាក់ងារ AFD បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឈរបស់ព្រះរាជាណាចក្រកម្ពុជាដោយសន្យាផ្តល់ហិរញ្ញប្បទានដល់គម្រោងនានារហូត​ដល់៤០០លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣-២០២៤ ដោយផ្តោតអាទិភាពលើវិស័យទឹក និងអនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

យុទ្ធសាស្ត្ររបស់ទីភ្នាក់ងារ AFD សម្រាប់បណ្តាឆ្នាំខាងមុខមានគោលដៅគាំទ្រប្រទេសកម្ពុជាក្នុងកាអភិវឌ្ឍថាមពល​កាបូន​​ទាប​​ លើកកម្ពស់ភាពធន់របស់ដីចំពោះមុខការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយជ្រោមជ្រែងកម្ពុជា​ក្នុង​ការ​​ធ្វើសមាហរណកម្ម និងការប្រកួតប្រជែងក្នុងតំបន់ឱ្យបានកាន់តែប្រសើរក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ច​បៃតង និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព។ យុទ្ធសាស្ត្រទាំងនេះឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍​ប្រកបដោយ​​ចីរភាព ហើយក៏ផ្តោតផងដែរលើបញ្ហាមួយចំនួនដូចជានវានុវត្តន៍ យេនឌ័រ ការប្រែប្រួលអាកាសធាតុ ប្រសិទ្ធភាពថាមពល និងវិធីសាស្រ្ត “សុខភាពតែមួយ” (One Health)។

លោកស្រី Sandrine Boucher នាយិកា​ AFD ប្រចាំកម្ពុជាបានលើកឡើងថា៖ «នៅក្នុងឆ្នាំនៃការប្រារព្ធខួបលើកទី ៣០នៃវត្តមាន AFD នៅកម្ពុជានេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ដៃគូកម្ពុជារបស់យើងមកកាន់ទីស្នាក់ការកណ្តាលរបស់ AFD។ ​ការប្តេជ្ញាចិត្តបង្កើន​ជំនួយទ្វេដងដល់ប្រទេសកម្ពុជា ពោលគឺរហូតដល់៤០០លានអឺរ៉ូសម្រាប់ឆ្នាំ២០២៣-២០២៤ ឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏យូរអង្វែងរបស់យើង ដោយហេតុថា AFD ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាអាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា»។ 

ចំណែកឯកឧត្តម  វង្សី វិស្សុត វិញបានបង្ហាញនូវភាព​រីករាយចំពោះការ​ពង្រីក​ប្រតិបត្តិការ​របស់ AFD នៅ​កម្ពុជា ដោយ ឯកឧត្តមបានលើកឡើងថា៖​ «​នៅពេលយើងឈានទៅកាន់ដំណាក់កាលមួយទៀតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម យើងមើលឃើញឱកាសសហការគ្នាកាន់តែច្រើន​ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា​នៅពេលបច្ចុប្បន្ន និងទៅអនាគត។ យើងក៏សប្បាយចិត្តផងដែរចំពោះភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់យើងរៀងខ្លួននៅក្នុងវិស័យអាទិភាព ពិសេសក្នុងវិស័យទឹក និងអនាម័យ កសិកម្ម ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ»។​

ការប្រជុំនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង Macron នៅ​ទីក្រុង​ប៉ារីស និងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក Rémy Rioux នាយកប្រតិបត្តិ AFD ដែលជាឱកាសដើម្បីបញ្ជាក់ឡើងវិញពីទំនាក់ទំនងល្អជាច្រើនឆ្នាំកន្លងមករវាង AFD និងកម្ពុជា។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ១៩៩៣​ ទីភ្នាក់ងារ AFD បានផ្ដល់ហិរញ្ញប្បទានដល់គម្រោងចំនួន៩២​ក្នុងទំហំទឹកប្រាក់សរុប៩២៧លានអឺរ៉ូ។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ជំនួយតាមវិស័យរបស់ AFD បានផ្តោតលើទឹក និង​អនាម័យ 44% កសិកម្ម 40% ថាមពល 10% និងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ 9%។

ក្នុងនាមជាក្រុមមួយទីភ្នាក់ AFD មានសាខាពីរដែលសកម្មនៅក្នុងប្រទេសកម្ពុជា៖ ទី១ គឺស្ថាប័ន Proparco ដែលផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជនជាពិសេសវិស័យហិរញ្ញវត្ថុដោយមានគម្រោងចំនួន១០កំពុងដំណើរការក្នុងទំហំទឹកប្រាក់សរុប ១៤៣លានអឺរ៉ូ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះធ្វើការជាមួយធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុលើបញ្ហានានាដូចជា យេនឌ័រ អាកាសធាតុ និងការកែលម្អលទ្ធភាពទទួលបានទឹកស្អាត និងអគ្គិសនីនៅតំបន់ជនបទ។ ចំណែកទី២ គឺជំនាញការបារាំង (Expertise France) ​ដែលផ្តល់ការគាំទ្របច្ចេកទេសរបស់ផ្នែក​សាធារណៈបារាំងដល់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈកម្ពុជាដូចជាក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬក្រសួងអប់រំ យុវជន និងកីឡា៕

រូបថតដោយ៖ សហការី