ភ្នំពេញ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីចូលរួមចំណែកលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋានដល់អ្នកសារព័ត៌ មានក្នុងការសរសេរអត្ថបទព័ត៌មានទាក់ទងនឹងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដោយសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានរៀបចំវគ្គបណ្តុះបណ្ដាលពង្រឹងចំណេះដឹងជាមូលដ្ឋានគ្រឹដល់អ្នកសារព័ត៌មាន ៥៨នាក់ និងការីនិពន្ធ២០នាក់មកពី៤០ ស្ថាប័នក្នុងស្រុក និងអន្តរជាតិផ្សេងៗគ្នា។
កម្មវិធីនេះធ្វើឡើង គឺដើម្បីរួមចំណែកក្នុងការកសាងភាពធន់ ភាពរឹងមាំនៃវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រងតាមរយៈការផ្ដល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះបន្ថែមទាក់ទងនឹងវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដូចជាវិស័យធានារ៉ាប់រងជូនដល់អ្នកសារព័ត៌មាននៅកម្ពុជា ការកសាងបណ្តាញ និងរក្សាទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន និងធនាគារ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាផងដែរ។
វគ្គបណ្តុះបណ្តាលចាប់ផ្តើមពីចុងខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២៣ ដោយវគ្គបណ្តុះបណ្តាលមានរយៈពេលខ្លីនេះ នឹងផ្តោតជាចម្បងលើមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង។ មាតិកាសំខាន់ៗ គ្របដណ្ដប់លើតួនាទីរបស់និយ័តករហិរញ្ញវត្ថុ និងសមាគម បទប្បបញ្ញត្តិនៃវិស័យ ធនាគារនិងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រងវិន័យទីផ្សារ ប្រតិបត្តិការទីផ្សារនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កិច្ចការពារអតិថិជន ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ តួនាទីរបស់ប្រព័ន្ធចែករំលែកឥណទានក្នុងការគាំទ្រវិស័យ ហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់កម្ចី បច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ និងការណែនាំស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច។
នេះជាលើកទីពីរដែលសមាគមទាំងបី និងក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្រោយពីទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០២៣ នឹងត្រូវបែងចែកជាពីរវគ្គផ្សេងគ្នាដោយមួយវគ្គសម្រាប់អ្នកសារព័ត៌មានទូទៅ និងមួយវគ្គទៀតសម្រាប់ការី និពន្ធ។ វាគ្មិនជំនាញៗ មកពីនិយតករ សមាគមវិជ្ជាជីវៈ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិនិយោគិន និងអ្នកពាក់ព័ន្ធ នឹងចូលរួមធ្វើបទបង្ហាញចែករំលែកទិន្នន័យ និងឆ្លើយសំណួរពាក់ព័ន្ធ ដែលនឹងក្លាយជាប្រភពព័ត៌មានល្អៗ សម្រាប់ការផលិតមាតិការព័ត៌មាន។
ក្រោយបញ្ចប់វគ្គសិក្សានៅក្នុងថ្នាក់សិក្ខាកាមទាំងពីរក្រុមនឹងត្រូវចុះទស្សនកិច្ចសិក្សាទៅតាមបណ្តាលខេត្តដើម្បីស្វែងយល់ជាក់ស្ដែងនូវការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅតាមសហគមន៍ផងដែរ។ ក្រៅពីការបណ្ដុះបណ្ដាលពង្រឹងចំណេះដឹងមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មាន សមាគមទាំងបីនឹងបង្កើតនូវកម្មវិធីមួយចំនួនដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងធានាគារិក និងធានារ៉ាប់រងផងដែរ៕
រូបភាពដោយ៖ ទុយ អេងលី (សាគូរ៉ា)