ការលើកកម្ពស់ការចិញ្ចឹមទារក និងការលំហែមាតុភាពសម្រាប់ស្រ្តីធ្វើការនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការហេទ្បែន ខេលល័រ អន្តរជាតិ ក្រោមជំនួយឧបត្ថម្ភពីគម្រោង MUSEFO នៃអង្គការ GIZ និង Helen Keller Intl-ARCH បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារ
និងការលំហែមាតុភាពសម្រាប់ស្រ្តីធ្វើការនៅប្រទេសកម្ពុជានាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣​ នៅសណ្ឋាគារភ្នំពេញ។

នៅទូទាំងពិភពលោក ការកើនឡើងអត្រាបំបៅកូនដោយទឹកដោះម្តាយឱ្យបានពេញលេញនឹងអាចជួយការពារមិនឱ្យមានការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំបានចំនួន ៨២,៣០០០នាក់ជារៀងរាល់ឆ្នាំ​ និងរារាំងមិនឱ្យមានការស្លាប់របស់ម្តាយបានចំនួន ២០,០០០នាក់ដោយសារជំងឺមហារីកដោះ។

ការស្លាប់ដែលអាចបង្ការបានទាំងនេះរួមជាមួយនឹងការខាតបង់ផ្នែកសតិបញ្ញារបស់កុមារ និងបន្ទុកចំណាយទៅលើប្រព័ន្ធសុខាភិបាលរួមគ្នា គឺនាំឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណជា ៣៤០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ផ្អែកតាមទិន្នន័យដើម្បីបង្កើនថវិកា និងការអនុវត្តគោលនយោបាយ កម្មវិធី និងអន្តរាគមន៍ចាំបាច់នានា ដើម្បីសម្រេចគោលដៅនៃការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូងនៃអាយុរបស់ទារកនិងកុមារ។

នៅក្នុងប្រទេសកម្ពុជាជីវិតរបស់កុមារជិត ២០០០នាក់ត្រូវបានសង្គ្រោះជារៀងរាល់ឆ្នាំតាមរយៈការបង្កើនការអនុវត្តការចិញ្ចឹមទារក និងកុមារឱ្យបានល្អប្រសើរ។ ការបំបៅកូនដោយទឹកដោះម្តាយមិនបានពេញលេញបណ្តាលឱ្យកុមារប្រមាណកន្លះលាននាក់មានជំងឺរាគរូស និងរលាកសួត។ លើសពីនេះទៀតកុមារប្រមាណ ៥០០០នាក់មានបញ្ហាធាត់ជ្រុលជារៀងរាល់ឆ្នាំ។

ប្រទេសកម្ពុជាមានការខាតបង់ទឹកប្រាក់ប្រមាណ ១៣៧.៧លានដុល្លារជារៀងរាល់ឆ្នាំដោយសារតែការមិនបំបៅកូនដោយទឹកដោះម្តាយពេញលេញដែលការខាតបង់នេះ គឺរាប់បញ្ចូលទាំងបន្ទុកចំណាយបន្ថែមទៅលើប្រព័ន្ធសុខាភិបាល អាត្រាមរណៈ និងការខាតបង់ពីការខូចខាតផ្នែកសតិបញ្ញារបស់កុមារផងដែរ។

Improving Infant and Young Child Feeding and Maternity Leave for Working in Cambodia រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តសម្រេចឱ្យបានការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ឱ្យបានដល់ ៨៥% ត្រឹមឆ្នាំ២០៣០។ កម្ពុជាធ្លាប់ទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយ។ ទោះបីយ៉ាងណាក៏ដោយអត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុពី ០ដល់៥ខែ បានធ្លាក់ចុះយ៉ាងខ្លាំងពីអត្រា ៧៤% ក្នុងឆ្នាំ២០១០ ដល់ ៦៥% ក្នុងឆ្នាំ២០១៤ និងមក ៥១% ក្នុងឆ្នាំ២០២១-២០២២។

ការធ្លាក់ចុះនៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបន្តបំបៅកូនដោយទឹកដោះម្តាយគឺមានការរួមចំណែកមួយផ្នែកពីការកើនទ្បើងនៃការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ និងការបោះបង់ការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្រ្តីជាម្តាយបានត្រលប់ចូលធ្វើការវិញបន្ទាប់ពីការលំហែមាតុភាព។

លទ្ធផលពីការអង្កេតនៃទិន្នន័យដើមគ្រាដែលធ្វើឡើងនៅចន្លោះខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២ ក្នុងចំណោមនិយោជិតស្ត្រីចំនួន ៣០៨នាក់ដែលមានកូនអាយុក្រោម១២ខែនៃគម្រោងលើកកម្ពស់អាហារូបត្ថម្ភនិងការចិញ្ចឹមទារក និងកុមារ ដែលអនុវត្តន៍ដោយអង្គការហេទ្បែន ខេលល័រ ក្រោមការគាំទ្រផ្នែកថវិកាដោយគម្រោងMUSEFO នៃអង្គការGIZ បានរកឃើញថាមានតែទារក ១០% ប៉ុណ្ណោះដែលបានបំបៅដោយទឹកដោះម្តាយសុទ្ធពីកើតរហូតដល់ប្រាំមួយខែក្នុងចំណោមម្តាយដែលធ្វើការ។

ជិតពីរភាគបី ឬ ៦១% នៃទារកបានបំបៅដោយផលិតផលជំនួសទឹកដោះម្តាយ ការបោះបង់ការបំបៅកូនដោយទឹកដោះម្តាយជាមធ្យមនៅពេលទារកមានអាយុ៣ខែ គឺមានអត្រាជាងពាក់កណ្តាល ៥១%។ ការលំហែមាតុភាពរយៈពេលខ្លីអាចជាកត្តាសំខាន់មួយក្នុងចំណោមកត្តាផ្សេងៗ ទៀតដែលរួមចំណែកដល់ការជំរុញម្តាយដែលកំពុងធ្វើការឱ្យបោះបង់ការបំបៅកូនដោយទឹកដោះម្តាយ។

ក្នុងចំណោមម្តាយដែលបានបោះបង់ការបំបៅកូនដោយទឹកដោះម្តាយដែលត្រូវបានសាកសួរអំពីមូលហេតុផ្សេងៗ ពាក់ព័ន្ធការបោះបង់ការបំបៅកូនដោយទឹកដោះម្តាយនោះបានរកឃើញថាម្តាយស្ទើរតែពាក់កណ្តាល ឬ ៤៩% បានបញ្ជាក់ថាពួកគាត់បានបោះបង់ការបំបៅកូនដោយទឹកដោះម្តាយ គឺដោយសារពួកគាត់ត្រូវត្រលប់ធ្វើការវិញក្រោយលំហែមាតុភាព។

Improving Infant and Young Child Feeding and Maternity Leave for Working in Cambodia អង្គការពលកម្មអន្តរជាតិ (ILO) ប៉ាន់ប្រមាណថា កម្មករនិយោជិតប្រមាណ ៩៣% នៅកម្ពុជា ជាកម្មករបំរើការងារនៅក្នុងប្រព័ន្ធមិនផ្លូវការ។ ស្របពេលដែលស្រ្តីកាន់តែច្រើនទ្បើងៗចូលបំរើការងារជាកម្លាំងពលកម្មដ៏សំខាន់ជារៀងរាល់ឆ្នាំ ហើយស្របពេលដែលមានភស្តុតាងបង្ហាញថាម្តាយៗ បំរើការងារកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងការសម្រេចឱ្យបាននូវការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងបន្តបំបៅកូនដោយទឹកដោះម្តាយនោះ កម្ពុជាគួរពិចារណាកែសម្រួលខ្លឹមសារច្បាប់លំហែមាតុភាពបន្ថែមទៀតដើម្បីជួយការពារ លើកកម្ពស់ និងគាំទ្រការបំបៅកូនដោយទឹកដោះម្តាយឱ្យបានកាន់តែប្រសើរឡើង។

យោងតាមច្បាប់ស្តីពីការងារកម្ពុជានៅមាត្រា ១៨២-១៨៣ បានចែងថាស្ត្រីមានសិទ្ធិទទួលបានការឈប់សម្រាកលំហែមាតុភាពរយៈពេល៩០ថ្ងៃ (១២.៩ សប្តាហ៍) ដោយទទួលបានប្រាក់ឈ្នួលពាក់កណ្តាល និងប្រាក់បន្ថែមមួយចំនួនទៀតពីនិយោជក។ ក៏ប៉ុន្តែការទទួលប្រាក់ឈ្នួលដូចមានចែងក្នុងមាត្រានេះនឹងឱ្យបានតែចំពោះស្រ្តីណាដែលធ្វើការក្នុងសហគ្រាសបានយ៉ាងតិចមួយឆ្នាំទេ។

ការឈប់សម្រាកលំហែមាតុភាពរយៈពេល ១២.៩សប្តាហ៍ គឺនៅមិនទាន់ឆ្លើយតបពេញលេញទៅនឹងស្តង់ដារអប្បបរមានៃអនុសញ្ញាលេខ១៨៣ ស្តីពីការការពារមាតុភាពដែលជាអនុសាសន៍របស់អង្គការពលកម្មអន្តរជាតិពាក់ព័ន្ធទៅនឹងការឈប់លំហែមាតុភាពអប្បបរមាឱ្យបាន​១៤សប្តាហ៍ ឬការបង់ប្រាក់ឈ្នួលអប្បបរមាចំនួន ២ភាគ៣នៃប្រាក់ឈ្នួលរបស់ស្ត្រីមុនពេលឈប់លំហែមាតុភាពនោះទេ។ ស្ថានភាពនេះនឹងធ្វើឱ្យស្រ្តីដែលកំពុងបំរើការងារជួបបញ្ហាប្រឈមក្នុងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូងនៃជីវិតរបស់ទារកស្របតាមគោលនយោបាយរបស់កម្ពុជា និងអង្គការសុខភាពពិភពលោក។

ប្រទេសជាច្រើននៅក្នុងតំបន់បានធ្វើការបង្កើន ឬធ្វើវិសោធនកម្មទៅលើច្បាប់ស្តីពីសិទ្ធិឈប់លំហែមាតុភាព រយៈពេលនៃការលំហែមាតុភាពនៅក្នុងប្រទេសវៀតណាមត្រូវបានបង្កើនពី ១៦សប្តាហ៍ទៅ ២៦សប្តាហ៍ ហើយនៅក្នុងប្រទេសទ្បាវពី ១២សប្តាហ៍ទៅ១៥សប្តាហ៍ ហើយនៅក្នុងប្រទេសហ្វីលីពីនពី ៨សប្តាហ៍កន្លះទៅ ១៥សប្តាហ៍ និងនៅក្នុងប្រទេសម៉ាទ្បេស៊ីពី ៨សប្តាហ៍កន្លះទៅ ១៣សប្តាហ៍។

Improving Infant and Young Child Feeding and Maternity Leave for Working in Cambodia នៅប្រទេសបង់ក្លាដេសរយៈពេលនៃការឈប់លំហែមាតុភាព និងការឈប់សម្រាកក្រោយពេលសម្រាលមានរយៈពេល៦ខែ បានបង្កើនសិទ្ធិសម្រាប់កម្មករនិយោជិតជាស្ត្រីក្នុងវិស័យ អប់រំ និងហិរញ្ញវត្ថុ ហើយនៅប្រទេសមីយ៉ាន់ម៉ាការផ្តល់ការឈប់សម្រាកបន្ថែមត្រូវបានផ្តល់ឱ្យក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។ ចាប់តាំងពីការបង្កើនការឈប់លំហែមាតុភាពដល់ ៦ខែនៅក្នុងប្រទេសវៀតណាម អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់បានកើនឡើងពី ២២% ទៅ ៤៥.៤%។

កង្វះការផ្តល់អាហារសមស្របក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែមដល់កុមារ រួមចំណែកដល់ការកើនឡើងអត្រានៃការលូតលាស់យឺត មានបញ្ហាស្លេកស្លាំង និងកង្វះស័ង្កសីក្នុងចំណោមកុមារតូចៗ។ សូចនាករគុណភាពនៃរបបអាហារ របបអាហារចម្រុះមុខអប្បបរមា (MDD) សម្រាប់កុមារអាយុ ៦-២៤ ខែ បានកើនឡើងត្រឹមតែ ៣ភាគរយចាប់តាំងពីឆ្នាំ ២០១៤។ តិចជាង ៣០%នៃកុមារកម្ពុជាអាយុពី ៦-២៣ ខែទទួលបានរបបអាហារអប្បបរមាដែលអាចទទួលយកបាន។

កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់របបអាហារ និងការអនុវត្តការចិញ្ចឹមទារក និងកុមារ គឺនៅមិនទាន់អនុវត្តន៍បានគ្រប់គ្រាន់នៅទ្បើយ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះពីសេដ្ឋកិច្ចសង្គម និងគ្រួសារដែលរស់នៅឆ្ងាយឬគ្រួសារដែលរស់នៅតំបន់ដាច់ស្រយាល។ លើសពីនេះការសិក្សាថ្មីៗ របស់ក្រសួងសុខាភិបាល​ និងអង្គការហេទ្បែន ខេលល័រ បានរកឃើញថា ភេសជ្ជៈផ្អែម និងការបរិភោគអាហារដែលមិនល្អចំពោះសុខភាព គឺមានអត្រានៃការប្រើប្រាស់ខ្ពស់ក្នុងងចំណោមកុមារតូចៗ។ បច្ចុប្បន្ននេះកម្ពុជានៅមិនទាន់មានបទប្បញ្ញត្តិឬស្តង់ដារគ្រប់គ្រងត្រួតពិនិត្យជាក់លាក់នៅទ្បើយទៅលើសមាសធាតុ សារធាតុអាហារូបត្ថម្ភ និងស្លាកសញ្ញា រួមទាំងការបញ្ជាក់ច្បាស់លាស់លើសមាសធាតុអាហារូបត្ថម្ភសមស្រប នៃផលិតផលអាហារបន្ថែមសម្រាប់កុមារអាយុពី ៦-២៤ ខែ៕

រូបថតដោយ៖ Helen Keller International-Cambodia

Improving Infant and Young Child Feeding and Maternity Leave for Working in Cambodia