លោក ហ៊ូ ក្រើន៖ ការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការកាត់បន្ថយអត្រាបោះបងការងារ

ភ្នំពេញ៖ គម្រោងនេះបានអនុវត្តនៅលើរោងចក្រសហគ្រាស ស្ថាប័នរដ្ឋ និងអង្គការចំនួន ២៨កន្លែង ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពត និងកំពង់ធំ ក្នុងគោលបំណងរួមចំណែកអនុត្តន៍នូវការប្តេជ្ញាចិត្តរបស់រាជរដ្ធាភិបាលកម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រប់ទារកអាយុសូន្យ ដល់៦ខែ ឲ្យបាន ៨៥% នៅត្រឹមឆ្នាំ២០៣០។

គម្រោងសង្ឃឹមថា​បុគ្គលិក កម្មករ កម្មការិនីចំនួនជាង ២០,០០០នាក់នឹងទទួលបានផលប្រយោជន៍ពីគម្រោង។ ក្រសួងកិច្ចការនារី គឺជាទីតាំងគោលដៅមួយក្នុងចំណោមគោលដៅទាំង ២៨កន្លែង ដែលត្រូវបានជ្រើសរើសចូលរួមក្នុងការអនុវត្តគម្រោងនេះ។

គម្រោងសាកល្បងនេះផ្តោតសំខាន់លើការអប់រំ និងបង្កើនចំណេះដឹងដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភដូចជា អាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល គុណតម្លៃការបំបៅដោះកូនដោយទឹកដោះម្តាយ ការផ្តល់អាហារបន្ថែមដល់កុមារមានអាយុចាប់ពី ៦ខែឡើងទៅ ការផ្តល់ប្រឹក្សាលើរបបអាហារសុខភាព សារ:សំខាន់លើអនាម័យចំណីអាហារ និងខ្លួនប្រាណ អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះ ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារអំឡុងពេលធ្វើការងារ។

Hou Kroeun Setting up a breastfeeding room in the workplace to reduce the number of women leaving from workការរៀបចំបន្ទប់បំបៅដោះកូន​ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់គម្រោងដែលមានគោលបំណងសំខាន់ចំនួនបួន ទីមួយដើម្បីបង្កបរិយាកាសងាយស្រួលដល់បុគ្គលិកស្រ្តីអាចបន្តបំបៅដោះកូនបន្ទាប់ពីត្រឡប់មកធ្វើការងារវិញ។ ទីពីរដើម្បីផ្តល់លទ្ធភាពដល់ស្រ្តីបំបៅដោះកូនមានកន្លែងច្របាច់ឬបូមទឹកដោះ និងមានឧបករណ៍ស្តុកទឹកដោះម្តាយសមរម្យ។ ទីបីមានបន្ទប់និងសម្ភារៈអប់រំសម្រាប់ម្តាយអានដើម្បីស្វែងយល់ពីអត្ថប្រយោជន៍នៃទឹកដោះម្តាយ អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ និងទីបួនដើម្បីបង្កើនទម្លាប់ និងការអនុវត្តន៍ល្អៗ នៅកន្លែងធ្វើការងារ។

បន្ទាប់ពីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូននេះទៅ ក្រុមការងារអង្គការ ហេឡែន ខេលល័រ អន្តរជាតិកម្ពុជា និងក្រសួងកិច្ចការនារីបានសហការជាមួយកម្មវិធីជាតិអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល នឹងរៀបចំការបណ្តុះបណ្តាលខ្លីៗ ដល់បុគ្គលិកទាំងអស់នៅទីនេះស្តីពីអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ។

Hou Kroeun Setting up a breastfeeding room in the workplace to reduce the number of women leaving from workលោក ហ៊ូ ក្រើន នាយអង្គការ ហេឡែន ខេលល័រ អន្តរជាតិកម្ពុជាបានប្រាប់ឱ្យដឹងពីការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនៅប្រទេសមួយចំនួនលើសកលលោក បានរកឃើញថា គម្រោងលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស​ និងកន្លែងធ្វើការមានផលចំណេញច្រើនសម្រាប់ទាំងស្ថាប័ន និងបុគ្គលិកដោយជួយកាត់បន្ថយថ្លៃថែទាំសុខភាពសម្រាប់ម្តាយ និងកូនកាត់បន្ថយការអវត្តមានបុគ្គលិក បង្កើនផលិតភាពការងារ ធ្វើ​ឱ្យបរិយាកាសនៅកន្លែងធ្វើការមានលក្ខណៈល្អប្រសើរ បុគ្គលិកស្រ្តីដែលបន្តការងាររយ:ពេលយូរមានអត្រាខ្ពស់ បុគ្គលិកមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ និងជួយការកាត់បន្ថយការចំណាយលើការជ្រើសរើស និងការបណ្តុះបណ្តាលបុគ្គលិក។

លោក ហ៊ូ ក្រើន ថា៖ «ដោយមើលឃើញពីផលប្រយោជន៍ និងគុណតម្លៃទាំងអស់នេះហើយ ទើបអង្គការ និងភាគីពាក់ព័ន្ធបានរៀបចំ និងអនុវត្តនូវគម្រោងសាកល្បងនេះឡើង។ ម្យ៉ាងទៀត ដើម្បី​​ឱ្យមានស្តង់ដារច្បាស់លាស់ក្នុងការអនុវត្តន៍គម្រោងលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការឱ្យមានប្រសិទ្ធភាពខ្ពស់»។​

លោកបន្ថែមទៀតថា ​អង្គការហេឡែន ខេលល័រ កំពុងរៀបចំឯកសារគោលការណ៍ស្តង់ដារអប្បបរមួយ ដែលរំលេចឡើងនូវព័ត៌មានលម្អិតស្តីពីជំហ៊ាន និងដំណើរការបង្កើតកម្មវិធីអាហារូបត្ថម្ភ និងបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការងារ។  ឯកសារគោលការណ៍ស្តង់ដារអប្បបរនេះនឹងប្រកាសដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានអនុម័តជាផ្លូវការរួចមក។

លោក ហ៊ូ ក្រើន៖ «ខ្ញុំសង្ឃឹមថានឹងមានមេរៀនល្អៗ ពីគម្រោងនេះនឹងត្រូវបានប្រើប្រាស់ក្នុងការពិចារណាលើការកែសម្រួលខ្លឹមសារខ្លះៗ នៃរយៈពេលលំហែមាតុភាព និងតម្រូវការ លើការរៀបចំបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ ព្រមទាំងខ្លឹមសារលើប្រាក់បៀវត្សដែលមានចែងក្នុងច្បាប់ការងារកម្ពុជា ព្រោះថាការសម្រួលខ្លឹមសារនេះ ពិតជានឹងផ្តល់ឱកាសដល់ស្រ្តីអាចបន្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយ:ពេល៦ខែ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលផង និងការប្តេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា»។

រូបភាពដោយ៖ អង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា

Hou Kroeun Setting up a breastfeeding room in the workplace to reduce the number of women leaving from work