ភ្នំពេញ៖ ក្រសួងកិច្ចការនារីបានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «បន្ទប់បំបៅដោះកូន» នៅទីស្តីការក្រសួងនារសៀលថ្ងៃសុក្រ ទី០២ ខែធ្នូនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។
ការបង្កើតបន្ទប់បំបៅដោះកូននៅក្នុងក្រសួងដោយផ្ទាល់មានគោលបំណងជួយសម្រួលបន្ទុកដល់មន្ត្រីរាជការ និងបុគ្គលិកជាស្រ្តីដែលមានកូនតូចឱ្យមានកន្លែងសមរម្យបន្តបំបៅដោះកូនដោយអារម្មណ៍ស្រស់ស្រាយ និងទទួលបានភាពកក់ក្តៅនៅពេលដែលពួកគាត់ត្រឡប់មកបំពេញការងារវិញក្រោយពីសម្រាកមាតុភាព។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការបំបៅដោះកូនដោយទឹកដោះម្តាយពិតជាបានរួមចំណែកកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ និងជួយឱ្យកុមារមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ និងដើម្បីធ្វើឱ្យមានភាពប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភសម្រាប់ស្រ្តី និងកុមារ។ ការគាំទ្រសកម្មភាពនេះ ស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារកអាយុពីសូន្យ ដល់ប្រាំមួយខែឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០។
ទន្ទឹមគ្នានេះដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់រួមទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលប្រសិនបើអាចធ្វើទៅបាន គួរបង្កើតបន្ទប់មួយដោយឡែកនៅក្នុងកន្លែងបំពេញការងាររបស់ខ្លួន ហើយត្រូវបំពាក់សម្ភារៈបរិក្ខារផ្សេងៗ សម្រាប់មន្ត្រី និងបុគ្គលិករបស់ខ្លួនដែលជាស្រ្តីដែលមានកូនតូចអង្គុយបំបៅទារកដោយទឹកដោះរហូតដល់ប្រាំមួយខែ ឬរហូតដល់ពីរឆ្នាំបាន។
សូមជម្រាបថា ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «បន្ទប់បំបៅដោះកូន» នៅទីស្តីការក្រសួងកិច្ចការនារីមានអ្នកចូលរួមជាថ្នាក់ដឹកនាំ មន្រ្តីក្រសួងកិច្ចការនារី តំណាងក្រសួង-ស្ថាប័ននានាចំនួន ២៧ និងអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ សង្គមស៊ីវិលសរុបចំនួន ២០៧នាក់ ដោយក្នុងនោះមានស្រ្តី ១៨០នាក់។ ការបង្កើតបន្ទប់បំបៅដោះកូននេះ ក្រសួងកិច្ចការនារីបានសហការជាមួយអង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា និងគម្រោង MUSEFO នៃអង្គការ GIZ៕
រូបភាពដោយ៖ អង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា