កម្មវិធី SIF Connects បានសហការជាមួយនឹងកម្មវិធីអាហាររូបករណ៍យុវជនអាស៊ាន នៅទីក្រុងហ្សាការតា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ និងបន្តទំនាក់ទំនងជាមួយអតីតយុវជនមកពីកម្មវិធីយុវជនអាស៊ានទាំងអស់ និងយុវជនដែលមកពីកម្មវិធីមិត្តរបស់សិង្ហបុរី (FOS)។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា ដែលមានអ្នកចូលរួមសរុបប្រមាណជាជាង២០០សមាជិកក្នុងនោះរួមមានសមាជិកមកពីសហគមន៍ការទូត កម្មវិធីមិត្តរបស់សិង្ហបុរី និងប្រជាជនសិង្ហបុរីដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាទាំងអស់។
នៅក្នុងព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត អុង ខឺង យ៉ុង ប្រធានអង្គការមូលនិធិអន្តរជាតិសិង្ហបុរីបានសម្តែងនូវការកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូឥណ្ឌូនេស៊ីអស់រយៈពេល ៣០ឆ្នាំកន្លងមក។ លោកបានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩២ មក អង្គការមូលនិធិអន្តរជាតិសិង្ហបុរីបានសហការលើគម្រោង និងគំនិតផ្តួចផ្តើមជាង ១០០ រួចមកហើយ នៅតាមបណ្ដាខេត្តដូចជានៅទីក្រុង បាន់ដា អាឆេ (Banda Aceh) ទីក្រុងបានឌុង (Bandung) ទីក្រុងហ្សាការតា (Jakarta) ទីក្រុងមឺដាន (Medan) ទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) និងទីក្រុងយ៉ុងយ៉ាការតា (Yogyakarta) ជាដើម។ កិច្ចសហការទាំងនោះទាក់ទងនឹងវិស័យថែទាំសុខភាព វិស័យអប់រំ សហគ្រិនភាពសង្គម សិល្បៈ និងវប្បធម៌ជាដើម។
លោកបានលើកឡើងថា អង្គការមូលនិធិអន្តរជាតិសិង្ហបុរី បានមានកិត្តិយសទទួលបាននូវពានរង្វាន់ Adinata Award ដែលផ្ដល់ជូនដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅសិង្ហបុរីក្នុងខែសីហា ឆ្នាំ២០២២។ ពានរង្វាន់នេះបានបញ្ជាក់អំពីការអបអរសាទរភាពជាដៃគូយូរអង្វែងរបស់អង្គការជាមួយប្រទេសឥណ្ឌូនេស៊ីនៅក្នុងការលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជន និងពង្រឹងទំនាក់ទំនងរវាងប្រជាជនសិង្ហបុរី និងឥណ្ឌូនេស៊ី។
នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សហគមន៍ឥណ្ឌូនេស៊ីនៅក្នុងព្រឹត្តិការណ៍នោះ លោកបាននិយាយថា៖ «ពានរង្វាន់នេះគឺជាការលើកទឹកចិត្តដ៏អស្ចារ្យមួយសម្រាប់ទាំងអស់គ្នាដែលមានវត្តមាននៅក្នុងអង្គការមូលនិធិអន្តរជាតិសិង្ហបុរី ក្នុងនោះរួមមាន អ្នកស្ម័គ្រចិត្ត និងបុគ្គលិករបស់យើង ដែលបានខិតខំធ្វើការជាមួយអ្នកទាំងអស់គ្នា ដើម្បីធ្វើឱ្យពិភពលោករបស់យើងកាន់តែប្រសើរឡើង»។
រូបភាពដោយ៖ សហការី