យុទ្ធនាការអន្ទាក់សូន្យត្រូវបានបិទបញ្ចប់៦ខេត្ត និងបន្តតំបន់ជួរភ្នំក្រវ៉ាញទៀត

ភ្នំពេញ៖ «យុទ្ធនាការអន្ទាក់សូន្យ» ដែលធ្វើឡើងនៅតាមបណ្តាខេត្តចំនួន៦ ដែល​មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ​ ត្រូវបានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ។

នេះ គឺជាថ្លែងឡើង​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ លោក នេ​ត្រ ភក្ត្រា ​ដែល​យុទ្ធនាការអន្ទាក់សូន្យនេះត្រូវ​បានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។

លោកបាន​ឱ្យដឹងដែរ៖ «គោលដៅចំបងនៃយុទ្ធនាការនេះគឺ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា ដែលវាយុទ្ធនាការដ៏មានសារៈសំខាន់ដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋចំពោះការហូបសាច់សត្វព្រៃ និងការផ្សព្វផ្សាយពីផល លំបាកនៃអន្ទាក់ទៅលើសុវត្ថិភាពសត្វព្រៃនិងមនុស្ស»។

យោងតាមលទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេល ៦ខែ យុទ្ធនាការអន្ទាក់សូន្យដែលបានប្រព្រឹត្តឡើងក្នុងខេត្តទាំង ៦ មានអ្នកចូលរួមដោយផ្ទាល់ជាង ៣ពាន់នាក់ មានអត្ថបទព័ត៌មានជាង ៦០០ ចំណងជើងត្រូវបានសរសេរ និងចុះផ្សាយលើបណ្តាញព័ត៌មានជាតិនិងអន្តរជាតិ និងបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋជាង ៣លាននាក់។

ជាមួយគ្នានេះ ភោជនីយដ្ឋានចំនួន ៥២ ក្នុងខេត្តទាំង ៦ នៃខេត្តគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋានទាំងនេះបានទទួលនូវប័ណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានចំពោះការតាំងចិត្ត និងចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «យុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាននិងធនធានធម្មជាតិ ជាពិសេសជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃដោយ ក្សាព្រៃឈើបាន នឹងសម្បូណ៌សត្វព្រៃ»។

​​យោងតាមសេចក្តីប្រកាសព័ត៌មាន​​របស់ក្រសួង​បរិស្ថាននៅ​ថ្ងៃទី​៤ ខែវិច្ឆិកា បានឱ្យ​ដឹងថា ក្រោមឆ័ត្រនៃ​ «យុទ្ធនាការអន្ទាក់សូន្យ» ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបានមកធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន។

ដៃគូនៃយុទ្ធនាការអន្ទាក់សូន្យនេះ រួមមាន៖ ​អង្គការ WWF​ ទីភ្នាក់ងារជំនួយអាមេរិក (USAID) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ BirdLife និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការ FFI អង្គការ RECOFT អង្គការ ACCB គម្រោង Green Prey Lang Morodok Baitong  Cambodia Green Future និងអង្គការដៃគូនៅកម្រិតមូលដ្ឋានផ្សេងទៀត។​​

​យោងតាមទិន្នន័យនៃក្រសួងបរិស្ថាន អន្ទាក់ជាង ៦ ម៉ឺនត្រូវបានដោះនៅឆ្នាំ ២០២១ កន្លងទៅ។ តាមការសិក្សាកន្លងទៅដោយក្រសួងបរិស្ថាន និងអង្គការដៃគូ បរិមាណអន្ទាក់ត្រឹមតែ ២០% ប៉ុ​ណ្ណោះ​ដែលដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ។ ​​

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ប្រាប់ថា​៖ «យុទ្ធនាការអន្ទាក់សូន្យនឹងមិនប​ញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្តធ្វើជាលក្ខណៈភ្លៀងរលឹម ហើយនឹងត្រូវពង្រីកទៅកាន់តំបន់ជួរភ្នំក្រវ៉ាញដូចជាខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ជាដើមដែលជាតំបន់មានតំបន់ការពារធម្មជាតិ និងមានការលួចបរបាញ់ និងលក់ដូរសាច់សត្វព្រៃខុសច្បាប់»៕

រូបភាពដោយ៖ ក្រសួងបរិស្ថាន