ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាសហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា ឬ Drone ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ។
ជាមួយគ្នានោះ លោកក៏បានហាមចំពោះសាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ រួមនឹងមានការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីភ្នំពេញផងដែរ។
បំរាមនេះត្រូវបានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី៤ ខែវិច្ឆិកា ស្តីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងតាមរយៈសេចក្តីជូនដំណឹងនេះថា ចំពោះសាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកបានបន្ថែមថា ចំពោះកំពង់ចម្លងសុខាមករាជធានីភ្នំពេញត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងអំឡុងពេលកិច្ចប្រជុំនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ «ដោយឡែកចំពោះកំពង់ចម្លងអរិយក្សត្រអនុញ្ញាតឱ្យដំណើរការធម្មតា តែទីតាំងកំពង់ចម្លងផ្នែកខាងលិចត្រូវប្តូរទៅចត និងឡើងនៅកំពង់ចម្លងខាងកោះពេជ្រវិញ»។
លោកបានសង្កត់ធ្ងន់ទៀតថា៖ «ហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសតាមផ្លូវហោះហើររបស់យន្តហោះ»។
ក្នុងឆ្នាំ២០២២ នេះ ព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន ដោយកន្លងមកបានរៀបកិច្ចប្រជុំជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ហើយជាពិសេសក្នុងអំឡុងខែវិច្ឆិកានេះនឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាពេលខាងមុខ។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងកិច្ចដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានខាងលើនឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ដូចនេះដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងបញ្ចៀសការកកស្ទះចរាចរ រាជធានីភ្នំពេញនឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទនៅតាមបណ្តាវិថីសំខាន់ៗ មួយចំនួន។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចំពោះយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចស្ពានអាកាសចោមចៅឆ្ពោះទៅមហាវិថីចោមចៅ។ ចំណែកយានយន្តដែលធ្វើដំណើរចេញ ចូលមហាវិថីព្រះនរោត្តមត្រូវបង្វែរទិសចរាចរណ៍តាមផ្លូវលេខ៦៣ និងតីរវិថីព្រះស៊ីសុវត្ថិ។
ចំពោះយានយន្តដែលធ្វើដំណើរចេញចូលមហាវិថីព្រះមុនីវង្ស ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងត្រង់រង្វង់មូលកួចកាណុងត្រូវបង្វែរទៅវិថីឧកញ៉ា ឃ្លាំង មឿង (ផ្លូវលេខ៧០)។
រីឯយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ ត្រូវបង្វែរទិសចរាចរណ៍តាមមហាវិថីឈ្នះឈ្នះ។ ករណីយានយន្តស្ថិតនៅក្នុងតំបន់ជ្រោយចង្វារត្រូវបង្វែរចរាចរណ៍តាមរង្វង់មូលនាងទេពមច្ឆាឆ្លងតាមស្ពានបេឡេចូលរាជធានីភ្នំពេញ។
ចំណែកយានយន្តដែលធ្វើដំណើរលើវិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០) ក្នុងទិសដៅទៅរង្វង់មូលកួចកាណុងត្រូវបង្វែរទិសចរាចរណ៍ចូលតាមមហាវិថីស៊ីធីសេនធ័រ (ផ្លូវលេខ១៦៩តំបន់បឹងកក់) និងផ្លូវបេតុងផ្សារសំហាន់ឆ្ពោះទៅផ្លូវលេខ៥៩៨។
លោក ឃួង ស្រេង បានលើកឡើងថា៖ «ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ខណៈពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឱ្យទទួលបានជោគជ័យ សូមប្រជាពលរដ្ឋចូលរួម និងសហការឱ្យបានល្អជាមួយកម្លាំងមានសមត្ថកិច្ច ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានល្អប្រសើរក្នុងរាជធានីភ្នំពេញ»៕
រូបភាពដោយ៖ សហការី