ភ្នំពេញ៖ «យុទ្ធនាការអន្ទាក់សូន្យ» ដែលធ្វើឡើងនៅតាមបណ្តាខេត្តចំនួន៦ ដែលមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ត្រូវបានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ។
នេះ គឺជាថ្លែងឡើងពីអ្នកនាំពាក្យក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ លោក នេត្រ ភក្ត្រា ដែលយុទ្ធនាការអន្ទាក់សូន្យនេះត្រូវបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ។
លោកបានឱ្យដឹងដែរ៖ «គោលដៅចំបងនៃយុទ្ធនាការនេះគឺ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា ដែលវាយុទ្ធនាការដ៏មានសារៈសំខាន់ដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋចំពោះការហូបសាច់សត្វព្រៃ និងការផ្សព្វផ្សាយពីផល លំបាកនៃអន្ទាក់ទៅលើសុវត្ថិភាពសត្វព្រៃនិងមនុស្ស»។
យោងតាមលទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេល ៦ខែ យុទ្ធនាការអន្ទាក់សូន្យដែលបានប្រព្រឹត្តឡើងក្នុងខេត្តទាំង ៦ មានអ្នកចូលរួមដោយផ្ទាល់ជាង ៣ពាន់នាក់ មានអត្ថបទព័ត៌មានជាង ៦០០ ចំណងជើងត្រូវបានសរសេរ និងចុះផ្សាយលើបណ្តាញព័ត៌មានជាតិនិងអន្តរជាតិ និងបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋជាង ៣លាននាក់។
ជាមួយគ្នានេះ ភោជនីយដ្ឋានចំនួន ៥២ ក្នុងខេត្តទាំង ៦ នៃខេត្តគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋានទាំងនេះបានទទួលនូវប័ណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានចំពោះការតាំងចិត្ត និងចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «យុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាននិងធនធានធម្មជាតិ ជាពិសេសជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃដោយ ក្សាព្រៃឈើបាន នឹងសម្បូណ៌សត្វព្រៃ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែវិច្ឆិកា បានឱ្យដឹងថា ក្រោមឆ័ត្រនៃ «យុទ្ធនាការអន្ទាក់សូន្យ» ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបានមកធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន។
ដៃគូនៃយុទ្ធនាការអន្ទាក់សូន្យនេះ រួមមាន៖ អង្គការ WWF ទីភ្នាក់ងារជំនួយអាមេរិក (USAID) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ BirdLife និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការ FFI អង្គការ RECOFT អង្គការ ACCB គម្រោង Green Prey Lang Morodok Baitong Cambodia Green Future និងអង្គការដៃគូនៅកម្រិតមូលដ្ឋានផ្សេងទៀត។
យោងតាមទិន្នន័យនៃក្រសួងបរិស្ថាន អន្ទាក់ជាង ៦ ម៉ឺនត្រូវបានដោះនៅឆ្នាំ ២០២១ កន្លងទៅ។ តាមការសិក្សាកន្លងទៅដោយក្រសួងបរិស្ថាន និងអង្គការដៃគូ បរិមាណអន្ទាក់ត្រឹមតែ ២០% ប៉ុណ្ណោះដែលដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ប្រាប់ថា៖ «យុទ្ធនាការអន្ទាក់សូន្យនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្តធ្វើជាលក្ខណៈភ្លៀងរលឹម ហើយនឹងត្រូវពង្រីកទៅកាន់តំបន់ជួរភ្នំក្រវ៉ាញដូចជាខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ជាដើមដែលជាតំបន់មានតំបន់ការពារធម្មជាតិ និងមានការលួចបរបាញ់ និងលក់ដូរសាច់សត្វព្រៃខុសច្បាប់»៕
រូបភាពដោយ៖ ក្រសួងបរិស្ថាន
