​រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមដង​ផ្លូវមួយចំនួន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ នៅ​ថ្ងៃទី៤ ខែ វិច្ឆិកា នេះ បានជូនដំណឹងស្តីពី ការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។

តាមរយៈ​សេចក្តីប្រកាស លោក ឃួង ស្រេង បាន​​ឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជា​តិ-អន្តរជាតិនឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨, ៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

លោកថា ៖ «ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភា​ព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាម​ផ្លូវមួយចំនួនក្នុង​រាជ​ធានីភ្នំពេញ»។

ការបញ្ចៀសចរាចរនេះមានចាប់ពីច្រាំងទន្លេសាបតាមបណ្តោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារសនាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃជួនណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨ រហូតដល់ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះត្រូវបានបញ្ចប់។

លោក ឃួង ស្រេង សូមការ​យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕