ភ្នំពេញ៖ បន្ទាប់ពីបានអាក់ខានអស់រយៈពេល ២ឆ្នាំមកក្រោយការចាប់ផ្តើមនៃជំងឺកូវីដ១៩ ជាសាកលមកទីភ្នាក់ងារ ភីសខ័រ (Peace Corps) នៅកម្ពុជាបានស្វាគមន៍ការត្រឡប់មកវិញនៃអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ ចំនួន ៣៥នាក់ជាជនជាតិអាមេរិក ដើម្បីបំពេញការងារនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់ទីភ្នាក់ងារនេះ អ្នកស្ម័គ្រចិត្តរបស់យើងនឹងបង្រៀនរួមគ្នាជាមួយគ្រូបង្រៀនខាងកម្ពុជាម្នាក់ទៀត នៅតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័នដែលផ្តល់ការបង្រៀនផ្សេងទៀត។
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរីករាយណាស់ ដែលអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្មជាសាកលរបស់ទីភ្នាក់ងារ Peace Corps គឺសន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំងនោះនឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអតីតអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ខ្ញុំយល់ពីតម្លៃដែលអ្នកស្ម័គ្រចិត្តទាំងនេះក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃសហរដ្ឋអាមេរិក និងកម្ពុជា និងក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា»។
លោក Mikel Herrington ប្រធាននៃទីភ្នាក់ងារ ភីសខ័រ (Peace Corps) ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ «យើងមានក្តីរំភើបក្នុងការមានចំណែកជាប្រវត្តិសាស្រ្តមួយ នៃការវិលត្រឡប់មកកម្ពុជាវិញ នៃអ្នកស្ម័គ្រចិត្តរបស់យើង។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ បុគ្គលិកនៃទីភ្នាក់ងារ Peace Corps នៅទូទាំងពិភពលោក បានធ្វើការដើម្បីពង្រឹងគ្រឹះនៃទីភ្នាក់ងារនេះ។ យើងមានការត្រៀមជាស្រេចក្នុងការដំណើរការឡើងវិញនូវសកម្ម ភាពការងាររបស់អ្នកស្ម័គ្រចិត្តរបស់យើង ហើយធ្វើការងារក្នុងពេលជាប្រវត្តិសាស្រ្តនេះ ជាមួយដៃគូរបស់យើងតាមសហគមន៍នៅកម្ពុជា និងជាមួយបុគ្គលិកនៃស្ថានទូតរបស់យើង»។
គម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់យើងធ្វើការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញអាទិភាពផ្នែកអប់រំរបស់កម្ពុជា។ គម្រោងពង្រឹងជំនាញក្នុងការគិត និងផ្នែកភាសាអង់គ្លេសរបស់សិស្ស និស្សិត គ្រូ និងសមាជិកសហគមន៍នៅកម្ពុជា ដើម្បីឱ្យពួកគេមានឱកាសទទួលបានឱកាសសម្រាប់ខ្លួនគេផ្ទាល់ក្នុងអាជីព និងក្នុងការសិក្សា។ នៅឆ្នាំ២០១៩ នៅក្នុងពេលបន្តឡើងវិញចុងក្រោយនៃគម្រោង ៤៨% នៃសហគ្រូបង្រៀនខាងកម្ពុជា បានលើកកម្ពស់វិធីសាស្រ្តក្នុងការបង្រៀនភាសាអង់គ្លេសរបស់គេ ហើយមានសិស្សចំនួន ៣,៣១៧ នាក់រៀនចេះបានច្រើន តាមការវាយតម្លៃផ្លូវការ និងមិនផ្លូវការ។
ទីភ្នាក់ងារ Peace Corps បានស្វាគមន៍ក្រុមអ្នកស្ម័គ្រចិត្តទីមួយរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ២០០៧។ តាំងពីពេលនោះមក អ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ចំនួន ៧១៤ នាក់បានមកបំពេញការងារនៅកម្ពុជា ដោយធ្វើការនៅតាមគម្រោងសិក្សាអប់រំផ្នែកភាសាអង់គ្លេស។ កម្មវិធីអប់រំសុខភាព បានដំណើរការពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨។
ទីភ្នាក់ងារ Peace Corps គឺជាបណ្តាញអន្តរជាតិនៃអ្នកបំពេញការងារ សមាជិកសហគមន៍ ដៃគូនៅតាមប្រទេសម្ចាស់ផ្ទះ និងបុគ្គលិក ដែលឆើ្លយតបនឹងបេសកកម្មដើម្បីសន្តិភាពពិភពលោក និងមិត្តភាពរបស់ទីភ្នាក់ងារនេះ។ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៅទូទាំងសាកលលោកអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ធ្វើការជាមួយសមាជិកសហគមន៍ នៅតាមគម្រោងដែលសហគមន៍មូលដ្ឋានកំណត់ជាអាទិភាពក្នុងវិស័យអប់រំ សុខាភិបាល បរិស្ថាន កសិកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងការអភិវឌ្ឍន៍យុវជន។
តាមរយៈការបំពេញការងាររបស់គេសមាជិកនៃបណ្តាញរបស់ទីភ្នាក់ងារ Peace Corps ពង្រឹងជំនាញដែលគេអាចផ្ទេរទៅអ្នកដទៃបាន ហើយពង្រឹងបន្ថែមនូវជំនាញក្នុងវប្បធម៌ចម្រុះ ដែលនាំពួកគេឱ្យក្លាយជាអ្នកដឹកនាំសាកលជំនាន់ក្រោយ។ ចាប់តាំងពីលោកប្រធានាធិបតី John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅក្នុងឆ្នាំ១៩៦១ មកមានជនជាតិអាមេរិកចំនួន ២៤០,០០០ នាក់បានបំពេញការងារនៅតាមប្រទេសចំនួន ១៤២នាក់ នៅទូទាំងសាកលលោក។ ចំពោះព័ត៌មានបន្ថែម សូមចូលអានក្នុង peacecorps.gov ហើយតាមដានជាបន្តតាម Facebook, Instagram និង Twitter ៕
រូបភាព៖ សហការី