វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិ្តទី៥នៅស្រុកចិត្របុរី 

ខេត្តក្រចេះ៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទសហការជាមួយក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តក្រចេះ រដ្ឋបាលសាលាស្រុកចិត្របុរី និងតំណាងដៃគូរអភិវឌ្ឍ MUSEFO IZ UNICEF និង SUN-CSAS កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិ្តទី៥ ដែលមានរយៈពេលមួយថ្ងៃនេះ​ទទួលបានគាំទ្រថវិការដោយគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា (MUSEFO/GIZ)។ 

សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គលម្នាក់ៗ នៅក្នុងសង្គមកម្ពុជា ដូចមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។

ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភមិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនធន់នឹងភាពងាយរងគ្រោ វិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែ ប្រួលអាកាសធាតុ និងមានចីរភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប រួមនឹងភពផែនដី និងវិបុលភាព។

រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានខិតខំយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវស្ថានភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ប្រជាជន ហើយបានចាត់ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដូចបានរំលេចនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដំណាក់កាលទី៤ (២០១៨-២០២៣) ជាពិសេសក្នុងចតុកោណទី១ មុំទី៣៖ ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និងចតុកោណទី៤ មុំទី១៖ ការលើកស្ទួយ វិស័យកសិកម្ម និងការអភិវឌ្ឍន៏ជនបទ និងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០។

សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាអន្តរវិស័យតម្រូវឲ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាតនិងអនាម័យ គ្រប់គ្រងធនធានទឹក គាំពារសង្គម យេនឌ័រ និងវិស័យពាក់ព័ន្ធនានា។ កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួងស្ថាប័នរដ្ឋដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមយុវជន អ្នកសារព័ត៌មាន ដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តតាមវិស័យនិងអន្តរវិស័យខាងលើ គឺជាកត្តាចាំបាច់ ដើម្បីដោះស្រាយភាពស្មុគស្មាញនៃឫសគល់អសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។

ការយល់ដឹងពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ ហេតុនេះយើងត្រូវបណ្តុះបណ្តាលឱ្យក្រុមប្រឹក្សាឃុំ សង្កាត់យល់ដឹងអំពីសារៈសំខាន់វិស័យនេះ និងលើកស្ទួយវិស័យនេះសម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន និងជំរុញឱ្យពួកគាត់ចេះវិភាគ និងចាត់អាទិភាពវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងបញ្ហាការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ និងការកៀរគរធនធានថវិកា និងធនធានមនុស្សនានាទាំងក្នុង និងក្រៅសហគមន៍ សម្រាប់លើក កម្ពស់វិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាពិសេសអាហារប្រកបដោយសុខភាពសម្រាប់កុមារស្តី បំបៅដោះកូនដោយទឹកម្តាយ និងស្ត្រីមានផ្ទៃពោះ។

ការប្រើប្រាស់ និងទទួលបានស្បៀងគ្រប់គ្រាន់រួមគ្នាវាជាកត្តាកំណត់ពីស្ថានភាពអាហារូបត្ថម្ភរបស់បុគ្គលម្នាក់ៗ ហើយរបបអាហារក្នុងបរិមាណគ្រប់គ្រាន់ មានទឹកស្អាត មានបង្គន់អនាម័យ និងមានទម្លាប់ប្រតិបត្តិអនាម័យល្អរួមនឹងការថែទាំសុខភាព សុទ្ធតែជាតម្រូវការចាំបាច់ត្រូវមានដើម្បីសម្រេចឱ្យបាននូវសុខុមាលភាពផ្នែកអាហារូបត្ថម្ភ។ កុមារដែលមានកង្វះអាហា រូបត្ថម្ភមិនត្រឹមតែប្រឈមនឹងការស្លាប់ ការឈឺ និងការឆ្លងជំងឺច្រើនតែប៉ុណ្ណោះទេ តែថែមទាំងមានបញ្ហាកង្វះប្រាជ្ញាវៀងវៃ មានការលូតលាស់យឺត ហើយរៀនមិនសូវបានចប់ឆ្នាំនៅក្នុងសាលា។

កន្លងទៅថ្មីៗ នេះកិច្ចប្រជុំផ្សព្វផ្សាយផែនការបណ្តុះបណ្តាលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ប្រារព្ធនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូហ្សាម (Zoom) ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទដោយវគ្គបណ្តុះបណ្តាលការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នេះ នឹងជួយបង្កើនសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩-២០២៣ នៅថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព។ ទទួលបាននូវចំណេះដឹង និងវិធីសាស្ត្រក្នុងបញ្ឈប់ការងារសន្តិសុខស្បៀង និងអាហារូបត្តម្ភទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ សង្កាត់។ 

អ្នកចូលរួមវគ្គបណ្តុះបណ្តាលមានចំនួនសរុបទៅតាមចំនួនឃុំចំនួន៣៤នាក់ អភិបាលស្រុក នៃគណៈអភិបាលស្រុកចិត្របុរី នៃខេត្តក្រចេះ ជាអធិបតីក្នុងពិធីបើក ១នាក់ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ឬតំណាងនៃរដ្ឋបាលសាលាស្រុក ១នាក់ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ឬតំណាងនៃរដ្ឋបាលសាលាស្រុក ១នាក់ ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ឬតំណាង នៃរដ្ឋបាលសាលាស្រុក ១នាក់។ តាមឃុំនីមួយៗ អញ្ជើញសមាសភាពជាមេឃុំ ១នាក់ សមាសភាពជាសមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកការងារស្រ្តីនិងកុមារ (គ.ក.ន.ក) ១នាក់ សមាសភាពជាសៀនឃុំ ១នាក់៕

រូបភាពដោយ៖ សហការី