ជប៉ុនផ្តល់ទឹកប្រាក់ជាងប្រាំសែនដុល្លារអាមេរិកក្នុងការជួសជុលរមណីយដ្ឋានប្រវត្តិសាស្រ្ត

ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជា ណាចក្រកម្ពុជា និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិស្តីពីរដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តផ្តល់ជំនួយលើគម្រោងគាំទ្រថ្មីមួយ ដែលមានទឹកប្រាក់ចំនួន ៥២០,៨ ៤៧ដុល្លារអាមេរិក សម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលគម្រោងមានឈ្មោះថា «គម្រោងគាំទ្រ ការទិញ និងថែទាំយានយន្ត និង ម៉ាស៊ីនធុនធ្ងន់ ព្រមទាំងការទិញសម្ភារៈសម្រាប់ការងាររក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទ បាយ័ន ដែលទាក់ទងនឹងគម្រោង JASA»

នៅឆ្នាំ១៩៩៤ រដ្ឋាភិបាលជប៉ុនបានបង្កើតក្រមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ JSA ត្រូវបានដឹកនាំដោយលោកបណ្ឌិត តាក់ស៊ី ណាកាហ្គាវ៉ា សាស្ត្រាចារ្យ កិត្តិយសនៃសាកលវិទ្យាល័យវ៉ាសំដា ដែលជាគម្រោងមួយតាមរយៈអង្គការយូណេស្កូ Japan Funds in Trust សម្រាប់ការអភិរក្សវប្បធម៌បេតិកភណ្ឌពិភពលោក។

JSA បានចំណាយថវិកាសរុបប្រមាណ ២៧លានដុល្លារអាមេរិក ចាប់ពីជំហានទី១ ដល់ជំហានទី៥ ដើម្បីអនុវត្តសកម្មភាពអភិរក្ស ជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ ចាប់តាំងពីជំហានទី៣ ក្នុងឆ្នាំ២០០៥ JSA និងអាជ្ញាធរជាតិអប្សរា បាននិងកំពុងចូលរួមក្នុងគម្រោងរួមគ្នាដែលហៅថា ជប៉ុន-អប្សរាការពារ ប្រាសាទអង្គរ JASA។

នៅខែមេសាឆ្នាំនេះ ជំហានទី៦ បានចាប់ផ្តើមធ្វើការស្រាវជ្រាវ និងធ្វើការ លើការរក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័នជាចម្បង។ រដ្ឋាភិបាលជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា គម្រោងគាំទ្រថ្មីនេះនឹងរួមចំណែកដល់ការអនុវត្តការងារអភិរក្ស និងជួស ជុលប្រាសាទបាយ័ន ដែលជាប្រាសាទដ៏សំខាន់បំផុតមួយនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ៕

រូបថតដោយ៖ សហការី