កិច្ចផ្សព្វផ្សាយផែនការសកម្មភាពលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ

ភ្នំពេញ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ អង្គការ ហេឡែន ខេលល័រ អន្តរជាតិ ប្រចាំប្រទេសកម្ពុជាសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូឯកជនបាននឹងកំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការដើម្បីរួមចំណែកលើកកម្ពស់សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។

គម្រោងលើកកម្ពស់អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការនឹងផ្តល់នូវដំណោះស្រាយសម ស្របដ៏សំខាន់មួយដែលមានការចំណាយតិចតួច ហើយអនុញ្ញាតឱ្យនិយោជិតជាស្រ្តីនៅតែអាចបន្តបំបៅកូនដោយទឹកដោះ ម្តាយនៅពេលពួកគេត្រឡប់មកធ្វើការវិញ។ គម្រោងប្រភេទនេះក៏អាចផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ផ្សេងៗ ទៀតដូចជាការអប់រំអាហារូបត្ថម្ភ និងអនាម័យ ការអប់រំការចិញ្ចឹមទារក និងកុមារ ការ ប្រឹក្សាលើរបបអាហារ និងសុខភាពរបស់ស្ត្រី។

ការអនុវត្តន៍គម្រោងប្រភេទនេះអាចចាត់ទុកជាយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» មួយសម្រាប់និយោជក និងនិយោជិតពីព្រោះការបង្កបរិយាកាសសមស្របដូចជាផ្ដល់ពេលវេលាសម្រាកដល់ស្ត្រីក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរជាងមុន ទាំងខ្លួនគាត់ផ្ទាល់ និងក្រុមគ្រួសារដែលនាំមកនូវការកើនឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពផងដែរ។

គម្រោងនឹងផ្តោតលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់អា ហារូបត្ថម្ភ អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ការថែទាំសុខភាពពេលលំហែមាតុភាព ក្រោយសម្រាលកូន ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចអំឡុងពេលធ្វើការងារដើម្បីឱ្យកូនៗ របស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើក ស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។

គម្រោងនឹងបង្កើតឱ្យមានបន្ទប់បំបៅដោះកូនក្នុងតម្លៃសមស្របមានកំរិតស្តង់ដារ ដែលអាចទទួលយកបាន និងបង្ករលក្ខណៈងាយស្រួលដល់ស្ត្រីគ្រប់រូបក្នុងការបំបៅដោះកូន ការបូមទឹកដោះដោយមាន ឧបករណ៍គ្រប់គ្រាន់ដូចជា ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសន្លឹកបត់អប់រំសុខភាពដើម្បីផ្លាស់ប្តូរឥរិយាបទជាដើម។

សម្ភារៈ និងឧបករណ៍ទាំងអស់នឹងត្រូវផ្តល់ជូនទៅបន្ទប់បំបៅដោះកូនដែលមានស្រាប់តាម កន្លែងធ្វើការផ្សេងៗ គ្នាចំនួន ២៨កន្លែងដែលជាគោលដៅរបស់គម្រោងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត និងកំពង់ធំ។

ទីកន្លែងធ្វើការដែលបានជ្រើសរើសទាំងនោះនឹងត្រូវបានចាត់ទុកជាកន្លែងគម្រូសម្រាប់បង្ហាញការអនុវត្តន៍គម្រោងដ៏ល្អ បំផុតដើម្បីគាំទ្រដល់ម្តាយដែលកំពុងធ្វើការងារ ព្រមទាំងដើម្បីបង្ហាញឱ្យឃើញថាទោះបីស្ដីកំពុងបំរើការងារនៅកន្លែងធ្វើការក៏ដោយ ពួកគេក៏នៅតែអាចបន្តការចិញ្ចឹមទារក និងកុមារតូចបានល្អប្រសើរជាពិសេសការបំបៅដោះកូនដោយទឹកដោះម្តាយនៅពេលដែលពួកគេត្រឡប់មកធ្វើការវិញ។

គម្រោងនឹងប្រើប្រាស់បទពិសោធន៍ល្អៗ និងលទ្ធផលដែលទទួលបានពីគម្រោងនេះដើម្បីចែក រំលែកនិងពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជនដើម្បីកំណត់យុទ្ធសាស្ត្រក្នុងពង្រីកការគាំទ្រគម្រោងនេះនៅទូទាំងប្រទេសនៅពេលអនាគត។

ថ្នាក់គ្រប់គ្រងនៅតាមរោងចក្រ សហគ្រាស ចូលរួមពិភាក្សានូវផែនការសកម្មភាពនានាដែលគម្រោងកំពុងអនុវត្ត និងទទួលបានចំណេះដឹង និងសារគន្លឹះទាក់ទងទៅនឹងអាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការដែលជាផ្នែកមួយក្នុងការជំរុញឱ្យការអនុវត្តសកម្មភាពគម្រោង និងការបង្កើតនូវបន្ទប់បំបៅកូននៅតាមរោងចក្រ សហគ្រាសមាន ផលជះវិជ្ជមានដល់ បុគ្គលិក និយោជិត ជាពិសេសដើម្បីជាកិច្ចសហការជាមួយក្រុមការងារគម្រោងរបស់អង្គការហេឡែន ខេលល័រ ដែលជាផ្នែកមួយក្នុងការអនុវត្តសកម្មភាពនានារបស់គម្រោង។

ចូលរួមផ្សព្វផ្សាយនិងជំរុញដល់បុគ្គលិក និយោជិតជាពិសេសស្ត្រីស្ថិតក្នុងវ័យបន្តពូជ ស្ត្រីកំពុងបំបៅដោះកូន និងស្ត្រីមាន ផ្ទៃពោះឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា និងប្រើបន្ទប់បំបៅដោះកូនដែលបានបំពាក់ជូននូវឧបករណ៍រួចជាស្រេច។

វិធីសាស្ត្រក្នុងសិក្ខាសាលាផ្អែកលើគោលការណ៍សិក្សាតាមបែបអ្នកដែលមានបទពិសោធន៍ការងាររួចហើយ វិធីសាស្ត្រនេះនឹងផ្តោតទៅលើមូលដ្ឋានគ្រឹះអ្នកដែលមានបទពិសោធន៍អាចរៀនសូត្រ និងពិភាក្សាបានច្រើនតាមរយៈការឆ្លុះបញ្ចាំងពីបទ ពិសោធន៍ផ្ទាល់ខ្លួន និងយុទ្ធសាស្ត្រនៃកិច្ចប្រជុំផ្តោតទៅលើការចូលរួមចែករំលែកចំណេះដឹងបទពិសោធន៍របស់សិក្ខាកាម ការរៀនពីគ្នាទៅវិញទៅមកតាមរយៈការរៀបចំផែនការផ្សព្វផ្សាយ ការរៀបចំ និងការអនុវត្ត។

កិច្ចប្រជុំនេះជាគម្រូមួយនៃវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពដោយក្នុងកិច្ចប្រជុំទាំងមូលនឹងមានបញ្ចូលយុទ្ធសាស្ត្រផ្តោតទៅលើបញ្ហានិងដំណោះស្រាយបញ្ហា ការបង្ហាញគម្រូ និងឧទាហរណ៍ជាក់ស្តែង ការអនុវត្ត ការពិភាក្សា ការបំផុសគំនិត ឧបករណ៍អប់រំផ្សព្វផ្សាយ ករណីសិក្សា ការសម្តែង ដើរតួការលេងល្បែងថាមពល សម្ភារជំនួយដល់កិច្ចប្រជុំងាយស្រួលមើល និងងាយស្រួលយល់ វីដេអូខ្លីប និងបទបង្ហាញ។

អ្នកចូលរួមនឹងរៀនសូត្រ ចែករំលែកចំណេះដឹងរវាងគ្នាលើផែនការសកម្មភាព និងវីធីសាស្រ្តអប់រំផ្សព្វផ្សាយនៅតាមកន្លែង ការងារនីមួយៗ។ អ្នកចូលរួមម្នាក់ៗ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចែករំលែកបទពិសោធន៍ក្នុងកិច្ចប្រជុំនេះផងដែរ។ សិក្ខាកាមនឹងបំពេញសំណួរវាយតម្លៃមុន និងក្រោយវគ្គបណ្តុះបណ្តាលដើម្បីគ្រូឧទ្ទេសនិងអ្នកសម្របសម្រួលអាចវាស់វែងកម្រិតនៃការយល់ដឹង៕

រូបថតដោយ៖ សហការី