ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី៖ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភដើរតួនាទីសំខាន់​អភិវឌ្ឍ​ន៍មូលធនមនុស្ស

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការធ្វើការរួមគ្នាបំពេញកង្វះខាតផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ»​ នៅឯសណ្ឋាគារសុខាភ្នំពេញថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួម​ចំណែក​អភិវឌ្ឍ​ន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើន​សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។​

ការអភិវឌ្ឍទីក្រុង ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ ការបំរែបំរួលប្រជាសាស្រ្ត និង​ការរីកចម្រើនផ្នែកសេដ្ឋកិច្ច​ និងសង្គម បានធ្វើឱ្យប្រជាជន​កម្ពុជា​ផ្លាស់​ប្តូរ​របៀបរស់នៅ និងការហូបចុក។ ការ​ផ្លាស់ប្តូរ​ និងបំរែបំរួលទម្លាប់បុគ្គល និងសង្គមនេះ មាន​ឥទ្ធិពល​​លើ​ស្ថានភាពសន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត លើការប្រយុទ្ធនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ហើយបញ្ហានេះបានធ្វើឱ្យប្រជាជនប្រឈមនឹងបញ្ហាថ្មីៗ ដែលបង្កការគំរាមកំហែងដល់សុខភាព និងសក្កានុពល​នៃកំណើនសេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី៖ «ប្រសិនបើគ្មាន​ការយកចិត្តទុកដាក់លើសុខភាព សន្តិសុខ​ស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែល​បានមកពីការអភិវឌ្ឍសេដ្ឋកិច្ច​នឹងត្រូវធ្លាក់ចុះ​ ដោយសារ​ការ​ខាតបង់​ដែលមិនអាច​មើលរំលងពី​បញ្ហាកង្វះ​អាហារូបត្ថម្ភ និង​បន្ទុក​​ចំណាយលើការថែទាំ និងព្យាបាលជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងជាដើម»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានបន្ថែមទៀតថា រយៈពេល ២០ឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមជាប្រធាន ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ធ្វើការសម្របសម្រួល និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តជាអាទិភាពនានា លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភដែលនាំឱ្យមានលទ្ធផលល្អប្រសើរឡើងគួរជាទីមោទនៈ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី៖ «ជាក់ស្តែងបើប្រៀបធៀបកាលពី ២០ឆ្នាំមុន ពីប្រទេសមានបញ្ហាអសន្តិសុខស្បៀង ឥឡូវបានក្លាយជាប្រទេសនាំស្បៀងចេញ ហើយពិន្ទុសន្ទទស្សន៍នៃភាពអត់ឃ្លានសកលបានធ្លាក់ចុះពី ៤៣.៥% នៅឆ្នាំ២០០០ មកត្រឹម ២០.៦% នៅឆ្នាំ២០២០ បញ្ហាក្រិសក្រិនកុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី ៥០% នៅឆ្នាំ២០០០ មកត្រឹម ២២% នៅឆ្នាំ២០២២ អត្រាមិនគ្រប់ទម្ងន់បានធ្លាក់ចុះពី ២៤% មកត្រឹម ១៦% ប៉ុន្តែអត្រាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ មានតួលេខដដែលគឺ ៩.៨% ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​បានស្នើបន្តអនុវត្តសកម្មភាពជាក់ស្តែងជាពហុវិស័យទាំងការលើកផែនការ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ការងារ តាមរយៈកិច្ចសហការគ្នាក្នុងក្របខ័ណ្ឌក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ថ្នាក់រាជធានី ខេត្តទូទាំងប្រទេស។

លើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្បៀង តម្លៃស្បៀង និងការធ្វើពិពិធកម្មគ្រប់មុខដំណាំប្រកបដោយបរិយាប័ន្ន និងការប្រកួតប្រជែងដោយស្មើភាព។ លើកកម្ពស់ការផលិតអាហារសុខភាព និងអាហារសុវត្ថិភាព ដោយផ្អែកលើច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទដ្ឋានគតិយុត្តិនានា និងចូលរួមអនុវត្តនិងពង្រឹងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាព។

បន្តពង្រីក និងពង្រឹងការទទួលបានសេវាសុខភាព និងសេវាអាហារូបត្ថម្ភ តាមរយៈលើកកម្ពស់ការផ្តល់ចំណេះដឹងដល់អ្នកប្រើប្រាស់ ការអប់រំវិស័យផ្គត់ផ្គង់ទឹកស្អាត‑អនាម័យ និងការរៀបចំទម្លាប់រស់នៅប្រកបដោយអនាម័យ​ល្អ និងការលើកម្ពស់ការយល់ដឹង និងពង្រឹងគុណភាពប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំ និងប្រព័ន្ធគាំពារសង្គម៕

រូបភាពដោយ៖ សហការី