គម្រោង​អនាគត​បៃតង​កម្ពុជា USAID​ ការពារ​សត្វព្រៃ​យើង ​«​កាត់បន្ថយ​ការទិញ និង​ការហូប​សត្វព្រៃ​»​

ភ្នំពេញ៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ថ្មីៗ នេះ គម្រោង​អនាគត​បៃតង​កម្ពុជា USAID បានរៀបចំ​វគ្គ​បណ្តុះបណ្តាលដល់​អ្នកសារព័ត៌មាន​ក្រោម​ប្រធានបទ​៖ ​ការពារ​សត្វព្រៃ​យើង ​«​កាត់បន្ថយ​ការទិញ និង​ការហូប​សត្វព្រៃ​»​ នៅ​សណ្ឋាគា​សាន់វ៉េ។

គោលបំណងនៃការរៀបចំ​វគ្គ​បណ្តុះបណ្តាលពេញមួយថ្ងៃនេះ គឺបញ្ជ្រាប​សារផ្លាស់ប្តូរ​ឥរិយាបថប្រជាពលរដ្ឋខ្មែរដែលនិយមទទួលទានសាច់សត្វព្រៃជាអាហារ ដែលកាលណ៍នេះបានធ្វើឱ្យការរបរបាញ់សត្វព្រៃខុសច្បាប់កើនឡើងជាបន្តបន្ទាប់។

អ្នកសារព័តមានចូលរួមវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានក្រោមប្រធានបទ៖ ការពារសត្វព្រៃយើង «កាត់បន្ថយការទិញ និងការហូបសត្វព្រៃ»

លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​ប្រចាំខេត្ត​កោះកុង និង​ទន្លេមេគង្គនៃ​អង្គការ WCS បានលើកឡើងថាដោយសារតែកត្តាយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ជឿថាការទទួលទានសាច់សត្វព្រៃ គឺជួយដល់សុខភាព និងអាចជួយព្យាបាលជំងឺផ្សេងៗ ទើបធ្វើឱ្យប្រជាពលរដ្ឋខ្មែរនិយមទទួលទានសាច់សត្វព្រៃ ក៏ប៉ុន្តែតែក្នុងនាមលោកជាអ្នកជំនាញម្នាក់ បានបង្ហាញការយល់ឃើញវាមិនដូចជាការលើកឡើងនោះទេ។

លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​ប្រចាំខេត្ត​កោះកុង និង​ទន្លេមេគង្គនៃ​អង្គការ WCS ទទួលលិខិតថ្លែងអំណរគុណពីលោក អ៊ុក ស៊ីសុវណ្ណ ប្រធានគម្រោងអនាគតបៃតងកម្ពុជា នៃអង្គការ USAID

លោក សោម ស៊ីថា លើកឡើងថា​៖ «​ប្រជាជន​ខ្លះ​គាត់​គិតថា​ពពួក​សត្វព្រៃ​ហ្នឹង ជួយ​សុខភាព​ និង​ព្យាបាល​ជំងឺ​ផ្សេងៗ​ តែ​នេះ​គ្រាន់តែ​ជាការ​ជឿ​តែប៉ុនណ្ណោះ ប៉ុន្តែ​បើ​និយាយ​ពី​លក្ខណៈ​វិទ្យាសាស្ត្រ ដូចជា​អត់​ទាន់​មានការ​សិក្សា​ត្រឹមត្រូវ​ទេ​»។ 

ដោយឡែកលោក អ៊ុក ស៊ី​សុវណ្ណ ប្រធាន​គម្រោង​អនាគត​បៃតង​កម្ពុជា នៃ​អង្គការ USAID បានឱ្យដឹងថា គម្រោង​អនាគត​បៃតង​កម្ពុជា USAID កំពុងធ្វើការ​ងារ​ជាមួយ​យុវជន​ក្នុងការ​បញ្ជ្រាប​ការយល់ដឹង​នឹង​រួមចំណែក​ធ្វើការ​ផ្លាស់ប្តូរ​ឥរិយាបថរបស់​យុវជន ក្នុង​ការទិញ និង​ទទួលទាន​សាច់សត្វ​ព្រៃ​។

អ៊ុក ស៊ី​សុវណ្ណ ប្រធាន​គម្រោង​អនាគត​បៃតង​កម្ពុជា នៃ​អង្គការ USAID នាថ្ងៃបណ្តុះបណ្តាលអ្នកសារព័ត៌មានក្រោមប្រធានបទ៖ ការពារសត្វព្រៃយើង «កាត់បន្ថយការទិញ និងការហូបសត្វព្រៃ»

លោក អ៊ុក ស៊ី​សុវណ្ណ និយាយាថា៖ «យុវជន​ដែល​បាន​ចូលរួម​ជាមួយ​គម្រោង​អនាគត​បៃតង​កម្ពុជាទទួលបាន​ចំណេះដឹង ជំនាញពាក់ព័ន្ធ​នឹង​ការអភិរក្ស​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន ហើយយុវជនបាន​នាំយកចំណេះដឹងទាំងអស់នោះទៅ​ផ្សព្វផ្សាយ​បន្តទៀត ដែលជា​ការរួមចំណែក​ដល់​ការកាត់បន្ថយ​ការទិញ និង​ហូប​សាច់សត្វ​ព្រៃបាន​កាន់តែច្រើនផងដែរ»​។

គួរបញ្ជាក់ថា គម្រោង​អនាគត​បៃតង​កម្ពុជា USAID មានរយៈពេល ៥ឆ្នាំ ហើយគម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខឆាប់ៗ នេះ។ ​អនាគត​បៃតង​កម្ពុជា USAID ធ្វើការងារជាមួយនឹងក្រុមយុវជន បុគ្គលដែលមានអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម ក្រុមអ្នកសារព័ត៌មានក្នុងស្រុកដើម្បីជួយជំរុញការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋកម្ពុជាឱ្យយល់ដឹងពីឥរិយាបទក្នុងការប្រើប្រាស់គ្រឿងសង្ហារឹមប្រណិត ការបរិភោគសាច់សត្វព្រៃ និងការគ្រប់គ្រងសំរាម៕

រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)