មជ្ឈមណ្ឌលកម្ចាត់ និងបង្ការជំងឺ​របស់សហរដ្ឋអាមេរិកអបអរខួបលើកទី២០

ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជា W. Patrick Murphy និងបុគ្គលិកមកពីមជ្ឈមណ្ឌលកម្ចាត់ និងបង្ការជំងឺ​របស់សហរដ្ឋអាមេរិក (US CDC) បានធ្វើពិធីអបអរខួបលើកទី២០ នៃការចាប់ផ្តើមជាផ្លូវការ​នៃកិច្ចសហប្រតិបត្តិការរបស់ US CDC ជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយនិងវត្តមាន​នៅព្រះរាជាណាចក្រកម្ពុជា។ ពិធី​នេះ​មានការចូលរួម​នៃដៃគូសំខាន់ៗ ដែលធ្វើការក្នុងវិស័យសុខាភិបាលដែលរួមមានក្រសួងសុខាភិបាលកម្ពុជា ដើម្បីកត់សម្គាល់ឱកាសដ៏​សំខាន់​នេះ។

លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ភាពជាដៃគូរវាង US CDC និងក្រសួងសុខាភិបាលកម្ពុជាគឺជាគំរូ​នៃភាពល្អប្រសើរ ដែលបានកំណត់ និងបំពេញតាមអាទិភាពរួមក្នុងផ្នែកសុខាភិបាល ចែករំលែកព័ត៌មាន និងទិន្នន័យ ហើយជម្រុញតម្លាភាព និងគណនេយ្យ​ភាព។ ភាពជាដៃគូ​នេះ​បានកសាងមូលដ្ឋានរឹងមាំមួយសម្រាប់ប្រព័ន្ធសុខភាពសាធារណៈ​មួយដែលមានភាពធន់ ហើយជាទុនដ៏​សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី​របស់យើង»។

នៅក្នុងសារពិសេសមួយ លោកស្រី Rochelle Walensky នាយកនៃ US CDC ក៏​បានមើលឃើញពីសារសំខាន់​នៃទំនាក់ទំនងនេះដែរ។ លោកស្រីបានមានប្រសាសន៍ថា៖ «ខួបលើកទី២០ នៃ US CDC នៅកម្ពុជា គឺជាសមិទ្ធផលជាទីមោទនៈមួយ នៅក្នុងប្រវត្តិដ៏យូររបស់យើងនៅក្នុងកិច្ចសហការគ្នាក្នុងវិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលកម្ពុជា និងដៃគូដទៃទៀត​របស់កម្ពុជា។ នៅក្នុងយុគសម័យ​មួយ ដែលកិច្ចសហការគ្នាជាដៃគូមានសារសំខាន់ជាងពេលណាទាំងអស់ US CDC នៅកម្ពុជា គឺជាគំរូមួយ​នៃការប្តេជ្ញាចិត្តរួមគ្នា​របស់យើងនៅក្នុងការការពារសុខភាពសាធារណៈ។ យើងសូមអរគុណចំពោះភាពជាដៃគូ និងមិត្តភាព​របស់យើង»។

ក្នុងរយៈពេល ២ទសវត្សរ៍​មក​នេះ US CDC នៅកម្ពុជា បានធ្វើការជាមួយដៃគូ​ក្នុងស្រុក និងដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដែលរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺឆ្លងដទៃទៀត។ នៅក្នុងពេលផ្ទុះ​នៃមេរោគកូវីដ ១៩ US CDC នៅកម្ពុជា បានដើរតួនាទីសំខាន់ ក្នុងការផ្តល់ការណែនាំ និងការបណ្តុះបណ្តាល​ដល់អ្នកឆ្លើយតបផ្នែកសុខភាពសាធារណៈ ដែលធ្វើការងារឆ្លើយតបនឹងជំងឺកូវីដ-១៩ ហើយបានជួយមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់​ របស់ក្រសួងសុខាភិបាល៕

រូបថតដោយ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here