អ្នកជំនាញផ្នែកសុខាភិបាលលើកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយមួយមុខគត់

ភ្នំពេញ៖ អ្នកជំនាញផ្នែកសុខាភិបាលលោកជំទាវសាស្ត្រាចារ្យទុង រដ្ឋាវី ជំរុញ និងលើកម្ពស់ការអនុវត្តការបំបៅដោះកូនដោយទឹកដោះម្តាយមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ។ លោកជំទាវសាស្ត្រាចារ្យបានលើកឡើងពីគុណតម្លៃទឹកដោះម្តាយចំពោះសុខភាព ការលូតលាស់ផ្នែករាងកាយ ការអភិ វឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលអាចទប់ស្កាត់មរណភាពទារកបានប្រហែល ២០% កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល ៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន ១៥ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយបានពេញលេញ។

អ្នកជំនាញបានសង្គត់ធ្ងន់ថា ការមិនបានបំបៅកូនដោយទឹកដោះម្តាយធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល និងសតិបញ្ញាស្មារតីរបស់កុមារ។ កុមារមិនទទួលបានការបំបៅដោយទឹកដោះម្តាយពេញលេញមានទំហំខួរក្បាលតូចជាងកុមារដែលបានបៅដោយទឹកដោះម្តាយពេញលេញ មិនតែប៉ុណ្ណោះពួកគេបាត់បង់ភាពវៃឆ្លាត ឬ IQ ចំនួន ២.៦ពិន្ទុ ប្រៀបធៀបនឹងកុមារទទួលបានការបំបៅទឹកដោះម្តាយពេញលេញ។

គុណតម្លៃទឹកដោះម្តាយសម្រាប់កូនៗ មានបញ្ញាឈ្លាសវៃ មានខួរក្បាលល្អ រៀនពូកែ មានសុខភាពល្អប្រសើរ គ្មានជំងឺរាងកាយមាំមួន សង្ហា និងកូនៗ មានអនាគតបវររុងរឿង ហើយគុណភាពទាំងអស់នេះអាចសម្រេចបានដោយគ្រាន់តែអនុវត្តការបំបៅដោះកូនឱ្យបានពេញលេញតែប៉ុណ្ណោះ។

ដោយមើលឃើញពីផលប្រយោជន៍ដ៏មហាសាលរបស់ទឹកដោះម្តាយនេះ ទើបនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យស្តីពីអាហារូបត្ថម្ភដើម្បីកំណើននាខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសកម្ពុជាបានប្ដេជ្ញាចិត្តថានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់៦ខែ ឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០។ ការប្តេជ្ញាចិត្តរបស់កម្ពុជានាពេលនេះបានធ្វើឡើងដោយសារតែអាត្រាការបំបៅកូនដោយទឹកដោះម្តាយបានធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថាអត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជាមាននិន្នាការបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងពីអត្រា ៦៥% នៅឆ្នាំ២០១៤ មកនៅត្រឹម ៥១% នៅឆ្នាំ ឮ២០២២នេះ។ មិនទាន់មានការសិក្សាណាមួយបញ្ជាក់ពីមូលហេតុក្នុងការធ្លាក់ចុះយ៉ាងគំហុកនៃអាត្រាការបំបៅដោះកូននេះនៅឡើយទេ ប៉ុន្តែអ្នកជំនាញរូបនេះបង្ហាញការយល់ឃើញថាមានកត្តារួមចំណែកដូចជា ស្ត្រី ៧៦% ធ្វើការងារនៅក្នុងប្រពន្ធ័ ហើយពួកគាត់ភាគច្រើនបានបញ្ឈប់ការបំបៅដោះកូននៅពេលត្រឡប់មកធ្វើការងារវិញ។ បញ្ហាសំខាន់មួយទៀត គឺកង្វះខាតការគាំទ្រពីស្ថាប័ន និងពីនិយោជកនៅកន្លែងធ្វើការ គ្មានការលើកទឹកចិត្តពីសំណាក់សមាជិក គ្រួសារផ្ទាល់ដូចជាប្តី ម្តាយ ឪពុក ខ្លួនឯង ម្តាយ ឪពុកក្មេក ជីដូន ជីតា និងមនុស្សជុំវិញខ្លួនដោយគិតថាការបំបៅកូនដោយទឹកដោះម្តាយជាទំនួលខុសត្រូវផ្តាច់មុខរបស់ម្តាយតែម្នាក់ឯង ដែលនេះជាការគិតប្រកបដោយគ្រោះថ្នាក់មួយដែលធ្វើឱ្យស្រ្តីងាយនឹងបោះបង់ការបំបៅដោះកូន។

ការផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ តក៏ជាកត្តាសំខាន់ដែលធ្វើឱ្យមានការភាន់ច្រឡំយ៉ាងខ្លាំងក្នុងចំណោមមហាជនអំពីគុណតម្លៃដ៏ល្អឥតខ្ចោះរបស់ទឹកដោះម្តាយ សម្រាប់ការចិញ្ចឹមទារក និងកុមារ និងយល់ខុសថាទឹកដោះគោម្សៅផ្សំតាមរូបមន្តជាអាហារទំនើបទាន់សម័យសម្រាប់ទារក។ កង្វះខាតចំណេះដឹងអំពីការបំបៅកូនដោយទឹកដោះម្តាយមិនយល់ស៊ីជម្រៅពីសារសំខាន់នៃទឹកដោះម្តាយសម្រាប់ការអភិវឌ្ឍរាងកាយ សតិបញ្ញាស្មារតី ការសិក្សារៀនសូត្រ របស់ទារក និងកុមារក៏ជាកត្តាមួយធ្វើឱ្យម្ដាយផ្ទាល់ និងក្រុមគ្រួសារឆាប់បោះបង់ការបំបៅកូនដោយទឹកដោះម្តាយផងដែរ។

ការមិនយល់ស៊ីជម្រៅពីហានិភ័យផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្តចំពោះកុមារដូចជា ជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុភាពឆ្លាតវៃចុះខ្សោយ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ និងធាត់ជ្រុលជាដើម ក៏បណ្តាលឱ្យម្តាយ និងក្រុមគ្រួសារបោះបង់ការបំបៅដោះកូន ហើយជ្រើសរើសយកការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្តជំនួសវិញ។

ការមិនផ្លាស់ប្តូរទម្លាប់ និងឥរិយាបថក្នុងការចិញ្ចឹមទារក និងកុមារ គឺបន្តការអនុវត្តន៍តាមទម្លាប់ និងប្រពៃណីដូចជាការច្របាច់ទឹកដោះដំបូងចោល ការផ្តល់ទឹក និងអាហារផ្សេងៗ ទៀតដល់ទារកទើបនឹងកើតក៏ជាបញ្ហារួមចំណែកទាញទម្លាក់អត្រាការបំបៅដោះកូនដែរ។ កត្តាការងារ និងការធ្វើចំណាកស្រុកក៏ជាបញ្ហាធំមួយរួមចំណែកធ្វើឱ្យមានការធ្លាក់ចុះនេះផងដែរ។

បន្ថែមលើនេះការសិក្សាបែបគុណភាពមួយដែលធ្វើឡើងក្នុងចំណោមម្តាយជាកម្មការិនីរោងចក្រក្នុងខេត្តកំពង់ឆ្នាំងនៅឆ្នាំ២០១៩ បានអះអាងថាជាទូទៅម្តាយ និងអ្នកថែទាំកុមារបានផ្លាស់ប្តូរពីការបំបៅកូនដោយទឹកដោះម្តាយជំនួសមកវិញនូវការបំបៅកូនដោយទឹកគោម្សៅផ្សំតាមរូបមន្ត ជាពិសេសនៅអំឡុងពេលម៉ោងធ្វើការសម្រាប់កុមារមានអាយុពី៣-៤ខែ។ នេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា ព្រោះថាមានស្ត្រីកម្ពុជាដល់ទៅចំនួន ៧៦% មានការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ។

ប្រសិនបើមិនមានដំណោះស្រាយសមស្របក្នុងការលើកកម្ពស់ការបំបៅដោះកូនសម្រាប់ស្ត្រីបំរើការងារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការទេនោះនឹងធ្វើឱ្យអត្រាការបំបៅកូនដោយទឹកដោះម្តាយបន្តធ្លាក់ចុះថែមទៀតជាមិនខាន។ នៅចំពោះមុខបញ្ហានេះភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកទឹកចិត្តធ្វើការទាំងអស់គ្នាឱ្យបន្តការបំបៅកូនដោយទឹកដោះម្តាយបន្តទៀតបន្ទាប់ពីត្រលប់មកធ្វើការវិញ។

ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០។ អ្នកជំនាញរូបនេះបានធ្វើការអំពាវនាវដល់ក្រសួងស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ម្ចាស់ជំនួយ អង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់សូមចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឱ្យមានបន្ទប់បំបៅដោះកូននៅគ្រប់កន្លែងធ្វើការទាំងអស់ ដើម្បីអាចបន្តការបំបៅដោះកូនដោយងាយស្រួលបន្ទាប់ពីត្រឡប់ចូលធ្វើការវិញ៕

រូបថតដោយ៖ Helen Keller International-Cambodia