មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) វេទិកាលើកកម្ពស់សិទ្ធិស្រ្តីអ្នកសារព័ត៌មាន «សំឡេងយើង»

ភ្នំពេញ៖​ ការកើនឡើងនៃចំនួនស្ត្រីអ្នកសារព័ត៌មាន ស្របពេលដែលផ្នែកប្រព័ន្ធឌីជីថលមានការរីកចម្រើន ជាពិសេសប្រព័ន្ធទូរស័ព្ទស្មាតហ្វូនក៏អាចជាកត្តាអំណោយផលនៃការងារផងដែរ។ ព្រោះបច្ចុប្បន្ននេះស្ថាប័នរដ្ឋឯកជន អង្គការសង្គមស៊ីវិល តែងតែផ្ដល់ឱកាស និងលើកទឹកចិត្តស្ត្រី ស្របពេលដែលស្រី្តមួយចំនួនមានសមត្ថភាពពេញលេញក្នុងការកាន់មុខតំណែងធំៗ ក្នុងស្ថាប័នមួយចំនួនផងដែរ។

ក៏ប៉ុន្តែបញ្ហាប្រឈមផ្សេងៗ ដូចជាការគំរាមកំហែង និងការបៀតបៀន តែងកើតមានលើស្ត្រីអ្នកសារព័ត៌មាន ក្នុងអំឡុងពេលបំពេញការងារនៅតែបន្តមានកើនឡើង និងបានធ្វើឱ្យស្រ្តីអ្នកសារព័ត៌មានបោះបង់អាជីពមួយនេះ។ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីបញ្ហារបស់ស្ត្រីអ្នកសារព័ត៌មាន ដែលប្រឈមក្នុងពេលកំពុងបំពេញការងារ និងបង្កើតយុទ្ធសាស្រ្តឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានរៀបចំវេទិកាលើកកម្ពស់សិទ្ធិស្រ្តីអ្នកសារព័ត៌មាន «សំឡេងយើង» នាថ្ងៃទី១៥​ ខែ ខែកក្កដា ឆ្នាំ២០២២។

វេទិកាលើកកម្ពស់សិទ្ធិស្រ្តីអ្នកសារព័ត៌មាន​ «សំឡេងយើង» នាពេលពេញមួយថ្ងែ មានការអញ្ជើញចូលរួមពីស្រ្តីអ្នកសារព័ត៌មកពីស្ថាប័ននានាប្រមាណជាង ៤០នាក់ រួមមានដូចជាអ្នកសារព័ត៌មានស្រ្តីមកពីស្ថាប័នទូរទស្សន៍ សារព័ត៌មានបោះពុម្ពផ្សាយកាសែតកាសែត សារព័ត៌មាន Online និងប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ដោយស្រ្តីអ្នកសារព័ត៌មាន មានតួនាទីជាអ្នកគ្រប់គ្រង និពន្ធនាយក អ្នកយកព័ត៌មាន ផលិតករ ពិធីការនី អ្នកនិពន្ធអត្ថបទ និងអ្នកសារព័ត៌មានឯករាជ្យ (Freelancer) ជាដើម។

គោលបំណងនៃការរៀចចំកម្មវិធីវេទិកាលើកកម្ពស់សិទ្ធិស្រ្តីអ្នកសារព័ត៌មាន​ «សំឡេងយើង» នេះ ត្រូវបានលោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រី្តកម្ពុជាប្រាប់ឱ្យដឹងថា៖ «គឺចង់ផ្តល់ឱកាសដល់ស្រ្តីអ្នកសារព័ត៌មានក្នុងការចែករំលែកបទពិសោធន៍ មតិយោបល់ ការប្រឈមនៅក្នុងអាជីពជាអ្នកសារព័ត៌មាន  និងចូលរួមរកដំណោះស្រាយនានា ដើម្បីបង្កើតវិធីសាស្រ្តឆ្លើយតបទៅនឹងបញ្ហាទាំងនេះ។ ម្យ៉ាងទៀតមានគោលបំណងចងក្រងរបាយការណ៍ខ្លីដោយកំណត់នូវយុទ្ធសា ស្ត្រដែលមានសក្តានុពល ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តីអ្នកសារព័ត៌មាន និងលើកទឹកចិត្តនិស្សិតសារព័ត៌មានជាស្រ្តី ចូលរួមកាន់តែច្រើនក្នុងវិជ្ជាជីវៈសារព័ត៌មាន»។

គួរបញ្ជាក់ថារបាយការណ៍របស់ក្រសួងព័ត៌មាននៅឆ្នាំ២០២១ បានបង្ហាញថាក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជាសរុបមានប្រមាណជាង ៥,០០០នាក់ មានស្រ្តីអ្នកសារព័ត៌មានចំនួនជាង ៤៧០នាក់ ស្មើនឹង ៩.៤%៕

រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា) និង មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC)