ពិធីបុណ្យ «តាណាបាតា ឬពិធីបុណ្យផ្កាយ» បានវិលត្រលប់មកធម្មតាវិញនាឆ្នាំ២០២២ នេះ

ភ្នំពេញ៖ ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុនបានរៀបចំបើក​កម្មវិធីបុណ្យផ្កាយឆ្នាំ២០២២ (Tanabata Festival 2022) នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងបរិវេណ CJCC។ 

នាល្ងាចបើក​កម្មវិធី ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជាបានប្រាប់ឱ្យដឹងថា «តាណាបាតា ឬពិធីបុណ្យផ្កាយ» គឺជាបុណ្យប្រពៃណីជប៉ុនមួយដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ ខែកក្កដា។ តាមតំណាលរឿង គូស្នេហ៍មួយគូ ត្រូវបានបំបែកដោយទន្លេអាម៉ាណុហ្គាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ នៅថ្ងៃ «តាណាបាតា» ប្រជាជនជប៉ុននាំគ្នាសរសេរបំណងប្រាថ្នារបស់ខ្លួននៅលើចម្រៀកក្រដាសពណ៌ចម្រុះ ហើយចងព្យួរទៅនឹងដើមឬស្សីដែលមានការតុបតែយ៉ាងស្រស់ស្អាត។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា៖ «ចំណែកនៅក្នុងកម្ពុជាពិធីបុណ្យផ្កាយត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន និងស្ថានទូតជប៉ុន ដោយចាប់ផ្តើមចាប់ពីថ្ងៃទី៨  ខែកក្កដា និងបន្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា ក្នុងគោលបំណងណែនាំពីបុណ្យប្រពៃណីជប៉ុន តាណាបាតា មកកាន់ប្រជាជនកម្ពុជា និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជាបន្ថែមទៀត។ ថ្ងៃទី៩ ខែកក្កដា មានកម្មវិធីបង្ហាញពីវប្បធម៌ជប៉ុន ជាពិសេសកម្មវិធីដែលមានអត្ថប្រយោជន៍សម្រាប់សិស្សនិស្សិតនឹងធ្វើឡើងនៅស្ថានទូតជប៉ុន ព្រមទាំងវិទ្យាល័យមួយចំនួនផងដែរ។ ចំណែកឯនៅថ្ងៃបើកកម្មវិធីនេះ រួមមានការសម្តែងដោយក្រុមសិល្បករជប៉ុន និងកម្ពុជា និងមានកម្មវិធីសាកល្បងសរសេរអក្សរផ្ចង់បែបជប៉ុន ថ្នាក់បត់ក្រដាស​ ឬអូរិហ្គាមី ថ្នាក់ភាសាជប៉ុន ការប្រគំតន្រ្តីខ្នាតតូចកម្ពុជា-ជប៉ុន ជាដើមផងដែរ»។

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងនៅក្នុងល្ងាចបើកកម្មពិធីបុណ្យផ្កាយ តាណាបាតាថា តាងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា លោកជំទាវមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានថ្លែងសារទៅកាន់ប្រជាជនជប៉ុនក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ក្នុងព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ។

ព្រឹត្តិការណ៍នេះបានរៀបចំឡើង ក្នុងគោលដៅលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងជប៉ុន ជាពិសេសកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌នាអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។ អស់រយៈពេល ២ឆ្នាំដែលព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះត្រូវបានរៀបចំឡើងតាមរយៈអនឡាញ ដែលជាហេតុមិនអាចពាំនាំមកនូវអត្ថន័យរបស់ព្រឹត្តិការណ៍បានពេញលេញ។ សកម្មភាពនៃការសរសេរពីបំណងប្រាថ្នាទៅដាក់ព្យួរនឹងដើមឫស្សី ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មួយថ្មីទៀតសម្រាប់ការបួងសួងសុំឱ្យពិភពលោកទាំងមូលចៀសផុតពីជម្ងឺកូវីដ-១៩។

លោកជំទាវ ប៉ែន មុនីមករា បានលើកឡើងថា៖ «ទំនាក់ទំនងដ៏ល្្អ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែបន្តមានជាហូរហែ នៅគ្រប់កាលៈទេសៈ ជាពិសេសគឺក្នុងវិស័យវប្បធម៌និងសិល្បៈ។ ជាឧទាហរណ៍ ព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ តាណាបាតា តែងតែប្រារព្ធរាល់ឆ្នាំជាទៀងទាត់ ក្នុងការបន្តលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនប្រទេសទាំងពីរ។ ពាក្យស្លោកមួយឃ្លា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ដែលប្រជាជនកម្ពុជាឧស្សាហ៍និយាយ គឺពិតជាសក្តិសមយកមកបរិយាយអំពីទំនាក់ទំនងកម្ពុជា-ជប៉ុនខ្លាំងណាស់»។

លោកឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រាប់ឱ្យដឹងដែរថា លោកមានសេចក្តីរីករាយ ដោយបានចូលរួមដោយផ្ទាល់ និងសូមអបអរសាទរពិធីបុណ្យផ្កាយ តាណាបាតា ឆ្នាំ២០២២ ដែលជាកម្មវិធីវប្បធម៌មួយរបស់ប្រទេសជប៉ុន និងតែងតែប្រារព្ធឡើងរៀងរាល់ឆ្នាំនៅក្នុងខែកក្កដា។ នៅឆ្នាំ២០២២នេះ លោកក៏សូមចូលរួមអបអរសាទរពីចម្ងាយជាមួយនឹងប្រទេសជប៉ុន និងប្រជាជនជប៉ុន។

លោកឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា៖ «តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រារព្ធពិធីបុណ្យផ្កាយ​ តាណាបាតា ដែលស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលសហប្រតិបត្តិការ​កម្ពុជា-ជប៉ុន បានសហការប្រារព្ធពិធីបុណ្យនេះឡើងនៅកម្ពុជា ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ​២០០៤ មកម្លេះ ដែលជាផ្នែកមួយក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសយើងទាំងពីរ និងជាឱកាសសម្រាប់ឱ្យយុវជន បានស្វែងយល់អំពីការប្រមូលផ្តុំ និងការចែករំលែកនូវវប្បធម៌ចម្រុះ រវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ»៕

រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)