កម្មវិធីជាតិស្តីពីជំងឺរបេង និងក្រុមគម្រោងស្រាវជ្រាវ TB-Speed រៀបចំសន្និសីទថ្នាក់ជាតិដើម្បីបង្ហាញអំពីលទ្ធផលនៃគម្រោង

ភ្នំពេញ៖ ថ្ងៃទីអង្គារ ទី០៥ ខែកក្កដាកន្លងទៅ ស្ថានទូតបារាំងបានរៀបចំពិធីជប់លៀងមួយនៅស្ថានទូត ក្នុងឱកាសនៃសន្និសីទថ្នាក់ជាតិធ្វើឡើងនៅរាជធានីភ្នំពេញដើម្បីបង្ហាញលទ្ធផលនៃគម្រោង​ស្រាវជ្រាវ​ល្បឿន​ជំងឺរបេង TB-Speed Research Project។

បច្ចុប្បន្ននេះ ជំងឺរបេងគឺជាជំងឺឆ្លងដ៏កាចសាហាវបំផុត ដែលបង្កឱ្យបាត់បង់អាយុជីវិតមនុស្ស ១,៥លាននាក់ក្នុងមួយឆ្នាំ។ តាមពិតទៅជារៀងរាល់ឆ្នាំ ចំនួនអ្នកស្លាប់ដោយសារជំងឺរបេងគឺច្រើនជាងចំនួនអ្នកស្លាប់ដែលបណ្តាលមកពីជំងឺគ្រុនចាញ់ និងជំងឺអេដស៍បូកបញ្ចូលគ្នាទៅទៀត។ ជារៀងរាល់ឆ្នាំមនុស្ស១០លាននាក់មានជំងឺរបេងសកម្មដែលក្នុងនោះមានកុមារ១លាននាក់។

ទោះបីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងក៏មែនពិត ចំនួនអ្នកកើតជំងឺរបេងបានថយចុះ ២៥% ចន្លោះឆ្នាំ២០១៥ និង២០២០ នៅកម្ពុជានៅមានអ្នកកើតជំងឺរបេង ៤,៥០០០ ករណីនៅឡើយក្នុងមួយឆ្នាំ ដែលក្នុងនោះកុមារមាន ២២%។

គម្រោងស្រាវជ្រាវ TB-Speed មានគោលដៅកាត់បន្ថយអត្រាស្លាប់បណ្តាលមកពីជំងឺរបេងដែលកើតមានលើកុមារ ដោយធ្វើការកែលម្អការធ្វើរោគវិនិច្ឆ័យ។ គម្រោងនេះត្រូវបានដាក់ឱ្យដំណើរការចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២២ នៅតាមប្រទេសចំនួន៧ ដែលធនធាននៅមានកម្រិតរួមមានកម្ពុជា កាមេរូន កូដឌីវ័រ ម៉ូហ្សមប៊ិក សៀរ៉ាឡេអូន អ៊ូហ្កង់ដា និងហ្សំប៊ី។

លទ្ធផលដំបូងៗ នៃគម្រោងនេះត្រូវបានចែករំលែកដល់សហគមន៍វិទ្យាសាស្រ្ត ហើយបានចូលរួមចំណែកក្នុងការពិនិត្យឡើងវិញនូវសៀវភៅណែនាំប្រតិបត្តិការស្តីពីជំងឺរបេងរបស់អង្គការសុខភាពពិភពលោក។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កម្មវិធីជាតិស្តីពីជំងឺរបេង និងក្រុមគម្រោងស្រាវជ្រាវ TB-Speed បានរៀបចំសន្និសីទថ្នាក់ជាតិមួយដើម្បីបង្ហាញអំពីលទ្ធផលនៃគម្រោង TB-Speed ដោយមានវត្តមានចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងតួអង្គពាក់ព័ន្ធនានា។

សុខភាពសាកល គឺជាអាទិភាពមួយរបស់ប្រទេសបារាំង ការផ្តល់មូលនិធិដល់គម្រោងស្រាវជ្រាវ TB-Speed ពីសំណាក់ស្ថាប័នធំៗ បីខាងក្រោម ឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តរបស់បារាំងចំពោះសុខភាពសាកល៖ ទីភ្នាក់ងារស្រាវជ្រាវបារាំង ANRS Initiative (ដើមឡើយត្រូវបានហៅថាគំនិតផ្តួចផ្តើម៥%) ដែលជាផ្នែកមួយនៃមូលនិធិសាកល និងទីភ្នាក់ងារសុខាភិបាល សុខាភិបាលសាកលសម្រាប់ការបង្កើតថ្មី (Unitaid) ដែលក្នុងនោះប្រទេសបារាំង គឺជាស្ថាបនិក និងជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុដ៏ធំ។

ស្ថានទូតបារាំងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការស្តីពីសុខាភិបាលនៅកម្ពុជា តួយ៉ាងតាមរយៈការការគាំទ្រដល់និស្សិតកម្ពុជាដែលសិក្សាផ្នែកវេជ្ជសាស្រ្ត ឬការកៀរគរអ្នកជំនាញបច្ចេកទេសអន្តរជាតិដែលបំពេញការងារនៅតាមស្ថាប័នសំខាន់ៗ នៃវិស័យសុខាភិបាល។

ក្នុងន័យនេះ ជាការសំខាន់ដែលស្ថានទូតរៀបចំពិធីនេះឡើងដើម្បីអបអរសន្និសីទដ៏មានសារសំខាន់នេះ​ដែលផ្តោត​លើ​ការស្រាវជ្រាវស្តីពីជំងឺរបេង។ ពិធីខាងលើមានការចូលរួមពីអ្នកចូលរួមប្រមាណ៦០នាក់ រួមមានអ្នកពាក់ព័ន្ធសំខាន់ៗនៃគម្រោង TB-Speed និងតួអង្គសំខាន់ៗផ្សេងទៀតនៃវិស័យសុខាភិបាល៕

រូបថតដោយ៖ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា