ស្ថានទូតអាមេរិកនៅភ្នំពេញអបអរទិវាឯករាជ្យលើកទី២៤៦ របស់សហរដ្ឋអាមេរិក

ភ្នំពេញ៖​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា គឺលោក W. Patrick Murphy និងបុគ្គលិករបស់ស្ថានទូតបានស្វាគមន៍ភ្ញៀវចំនួនជាង ៤០០នាក់ នៅសណ្ឋាគារ Hyatt Regency នៅថ្ងៃទី៣០ ខែមិថុនា ដើម្បីអបអរខួបលើកទី២៤៦ នៃទិវាឯករាជ្យ​របស់សហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូត Murphy ផ្តោតលើគោលការណ៍ដើម ហើយនិងប្រពៃណីប្រជាធិបតេយ្យរបស់ប្រទេសអាមេរិក ដែលត្រូវបានចែង​នៅក្នុងសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយនិងទំនាក់ទំនងដ៏យូរលង់របស់សហរដ្ឋអាមេរិក ជាមួយប្រជាជនកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «នៅរាល់ថ្ងៃទី៤ ខែកក្កដា ប្រជាជនអាមេរិកធ្វើការអបអរក្នុងនាមជាប្រជាជាតិមួយ គុណតម្លៃប្រជាធិបតេយ្យ​របស់យើង និងឧត្តមគតិដែលយើងសង្ឃឹមថានឹងបំពេញបាន។ យើងចង់មានការសប្បាយផងដែរនៅថ្ងៃឈប់សម្រាក​នេះ ហើយនៅក្នុងស្មារតី​នេះ ការប្រារព្ធទិវាឯករាជ្យរបស់យើងគឺជាការជួបជុំគ្នានៃមិត្តភក្តិ និងដៃគូរបស់យើង»។

លោកជំទាវ បណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានចូលរួមផងដែរ ហើយលោកជំទាវបានថ្លែងសុន្ទរកថាតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ដោយគូសបញ្ជាក់ពីរយៈពេល ៧២ ឆ្នាំ​នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា លោកជំទាវបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជារីករាយនឹងធ្វើការជិតស្និទ្ធថែមទៀត ជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកវិធីថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនង និងកិច្ចសហការគ្នាជាដៃគូកាន់តែមានភាពរស់រវើកថែមទៀត ដើម្បីជាឧត្តមប្រយោជន៍​នៃប្រទេស និងប្រជាជនយើងទាំងពីរ»។

កន្លងមក​នេះ សហរដ្ឋអាមេរិកគឺជាដៃគូអភិវឌ្ឍន៍រឹងមាំ និងខ្ជាប់ខ្ជួនរបស់ប្រទេសកម្ពុជា ដោយបានផ្តល់ជំនួយចំនួនជាង ៣ ពាន់លានដុល្លា ក្នុងរយៈពេល ៣០មក​នេះ។ សហរដ្ឋអាមេរិកថែមទាំងជាទីផ្សារនាំចេញធំជាងគេបំផុតតែមួយគាត់​របស់ប្រទេសកម្ពុជា រហូតមកដល់​ពេលនេះ។

សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្ត​ចំពោះប្រជាជនកម្ពុជា និងសេចក្តីប៉ងប្រាថ្នារបស់គេដែលចង់ឱ្យប្រទេសរបស់គេមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យជាបន្ថែមទៀត ដែល​ក្នុង​នោះសម្លេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព។

ខ្លឹមសារ​នៃការអបអរទិវា ៤ កក្កដា ​របស់ស្ថានទូតសហរដ្ឋអាមេរិក គឺចម្រៀង និងតន្រ្តីអាមេរិក ដែលមានមកតាំងពីការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រហូតមកដល់​ពេល​នេះ។ ភ្ញៀវបានស្តាប់ចម្រៀងល្បីៗ របស់អាមេរិក ដែលមានតាមបែបសម័យ និងបែបប្រពៃណី និងមានចង្វាក់ដូចជា hip hop blues rock n’ roll និង R&B។ ស្ថានទូតថែមទាំងរម្លឹកពីកេរ្តិ៍ដំណែលដ៏គួរឱ្យយចាប់ចិត្ត​ផ្នែកតន្រ្តី និងចម្រៀងដែលរួមមានបទចម្រៀង​របស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។

ពិធី​អបអរទិវាឯករាជ្យនេះ​ថែមទាំងមានការប្រគំតន្រ្តីរបស់ក្រុមតន្រ្តី Khmer Magic Music Bus និងក្រុមតន្រ្តី Hard Rock Band ហើយនិងការច្រៀងចម្រៀងជាតិដ៏គួរឲ្យចាប់អារម្មណ៍ ​នៃប្រទេសទាំងពីរ ដោយ Adda Angel ដែលជាអ្នកចម្រៀង អ្នកនិពន្ធបទចម្រៀង៕

រូបថតដោយ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ