ពិធីជូនដំណើរសិស្សអាហារូបករណ៍រដ្ឋាភិបាលជប៉ុនថ្នាក់វិទ្យាល័យទៅកាន់ប្រទេសជប៉ុន

ភ្នំពេញ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នេះ ស្ថានទូតជប៉ុននៅកម្ពុជាបានពិធីជូនដំណើរសិស្សវិទ្យាល័យនៃអាហារូបករណ៍អាស៊ីកាកេហាស៊ី២០២២ ជំនាន់ទី៥ នៅនិវេសដ្ឋានឯកអគ្គរាជទូតជប៉ុន កម្មវិធីមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងឯកឧត្តម យ៉ក់ ងុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក ស៊ាង និមល នាយករងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន។
អាហារូបករណ៍នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដោយក្រសួងអប់រំជប៉ុន ហៅកាត់ថា MEXT ក្នុងគោលបំណងជំរុញធនធានមនុស្សដែលនឹងដើរតួនាទីជាស្ពាននៃបណ្តាប្រទេសអាស៊ាន។ រហូតមកដល់ឥឡូវនេះ មានសិស្សវិទ្យាល័យនៅកម្ពុជាចំនួន ៣៧នាក់ហើយ ដែលបានទៅសិក្សានៅជប៉ុន តាមវិទ្យាល័យនានា ដើម្បីសម្របខ្លួន ស្វែងយល់ពីវប្បធម៌ និងភាសាជប៉ុន ព្រមទាំងសិក្សាស៊ីជម្រៅអំពីប្រទេសជប៉ុន។
សិស្សអាហារូបករណ៍អាស៊ីកាកេហាស៊ីចំនួន១២រូប នឹងចាកចេញទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី២៥ ខែមិថុនានេះ។ តាមរយៈបទពិសោធន៍មួយនេះ ពួកគាត់នឹងបានសម្រួចចំណេះដឹងលើភាសា វប្បធម៌ និងសង្គមជប៉ុនជាក់ជាមិនខាន ដូចឈ្មោះនៃអាហារូបករណ៍នេះ នឹងក្លាយជាស្ពានទំនាក់ទំនងនៃប្រទេសទាំងពីរ។
​ រូបភាពដោយ៖ ហ្វេសបុកផេកស្ថានទូតជប៉ុននៅកម្ពុជា 

LEAVE A REPLY

Please enter your comment!
Please enter your name here