អង្គការ BBC Media Action និងបណ្តាញទូរទស្សន៍កម្ពុជា CBS បើកសម្ពោធរឿងភាគទូរទស្សន៍ថ្មី «គ្រួសារសុខសាន្ត»

ភ្នំពេញ៖ រឿងភាគអប់រំបែប​កំប្លែង​តាម​ទូរទស្សន៍ថ្មីរបស់អង្គការ BBC Media Action នឹងធ្វើការលាតត្រដាង និងស្វែងយល់​អំពី​លក្ខ័ណមួយចំនួន ​ដើម្បី​ក្លាយ​ជា​គ្រួសារដ៏​សុខសាន្តមួយ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងសតវត្សរ៍​ទី២១នេះ។ ក្រុមការងាររបស់អង្គការ BBC Media Action ដែលនៅពីក្រោយកម្មវិធីទូរទស្សន៍ដ៏ពេញនិយមមួយចំនួន ដូចជាស្ថានីយក្តីស្រមៃ កុំចាំទឹកភ្លៀង និងផ្ទះក្លាហាន9 មានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ជូនកម្មវិធីទូរទស្សន៍ថ្មីខ្នាតវែងចុងក្រោយបង្អស់គឺរឿង «គ្រួសារសុខសាន្ត» បានចាប់ដៃគូជាថ្មីម្តងទៀតជាមួយបណ្តាញទូរទស្សន៍កម្ពុជា CBS។

រឿងភាគទូរទស្សន៍ថ្មី ដែលមានចំនួន ១៣ភាគនេះ នឹងចាក់បញ្ចាំងនៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅលើកញ្ចក់ទូរទស្សន៍ CTN។ សាច់រឿងនឹងដំណាលអំពីរឿងរ៉ាវរបស់គ្រួសារតូចមួយ គឺគ្រួសារ ពូ សុខ និង មីង សាន្ត ហើយនិងកូនៗ របស់ពួកគាត់ដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីបង្កើតគ្រួសារដ៏សុខសាន្តមួយ។ ខណៈ​ដែល​គ្រួសារពួកគាត់​ហាក់​មាន​ភាពស្រុះស្រួល​រួបរួម​គ្នា ការ​ប្រេះឆា​នានាក៏បាន​ចាប់​ផ្តើម​លេចរូបរាងឡើង​នៅ​ពេល​ដែល​កូនៗ​ កាន់តែធំធាត់ឡើង​ ដែលធ្វើឱ្យពួកគេ​ចង់​បាន​ឯករាជ្យ​ភាព​បន្ថែម​ទៀតពីឳពុកម្តាយ។ កូនស្រីច្បងឈ្មោះ ចន្ទ មិនសូវនិយាយស្តីក្នុងគ្រួសារ កូនស្រីពៅ ក្តឹប អំពិល មានមហិច្ឆតាធំ ដែលវានៅតែបន្តធ្វើឱ្យនាងមានបញ្ហាជាមួយគ្រួសារ ចំណែកឯកូនប្រុស ទិត្យ មានអាកប្បកិរិយាប្លែកៗ ចំពោះជីវិតរបស់គេ ហើយកំពុងសាកល្បងជាមួយមនុស្សគ្រប់គ្នានៅជុំវិញខ្លួន។

តោះ! ចូលរួមស្វែងយល់ជាមួយ «គ្រួសារសុខសាន្ត» នូវរឿងរ៉ាវដែលនាំឱ្យមានការឈ្លោះប្រកែកគ្នា ការតស៊ូជាមួយរឿងតូចៗ នៃជីវិតបែបទំនើប ការចេះរៀនសូត្រពីមេរៀនជីិវិត ការបង្កភាពសប្បាយរីករាយក្នុងគ្រួសារ និងការបង្កើនទំនាក់ទំនងកាន់តែជិតស្និតនៅក្នុងរង្វង់គ្រួសារ។

លោកស្រី Gemma Hayman នាយិកានៃអង្គការ BBC Media Action ប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ដែលបានបើកសម្ពោធរឿងភាគទូរទស្សន៍ថ្មី គ្រួសារសុខសាន្ត និងរីករាយជាខ្លាំងដែលបានចាប់ដៃគូជាមួយបណ្តាញទូរទស្សន៍កម្ពុជា ដើម្បីផ្សព្វផ្សាយទៅដល់ទស្សនិកជនឱ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបាន។ ក្រុមការងារដ៏ប៉ិនប្រសប់ និងប្រកបដោយភាពច្នៃប្រឌិតរបស់យើងបានខិតខំអភិវឌ្ឍ និងផលិតកម្មវិធីថ្មីសន្លាងនេះ ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពី សមត្ថភាពរបស់យុវជន ភាពជាគំរូល្អៗ ដែលពួកគេអាចចូលរួមក្នុងជីវិតសាធារណៈ និងលើកទឹកចិត្តឱ្យមានការពិភាក្សាលើបញ្ហាទាំងនេះប្រកបដោយភាពស្រុះស្រួល និងចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា។ យើងសង្ឃឹមថាទស្សនិកជននឹងចូលចិត្តរឿង គ្រួសារសុខសាន្ត»។

លោក Rajveer Singh អគ្គនាយកប្រតិបត្តិបណ្តាញទូរទស្សន៍កម្ពុជា CBS មានប្រសាសន៍ថា៖ «វាជាមោទនភាពមួយសម្រាប់ CBS ក្នុងការចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីនាំ គ្រួសារសុខសាន្ត ទៅកាន់ទស្សនិកជនរបស់យើងទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនរបស់យើងបាននិងកំពុងចែករំលែកនូវចក្ខុវិស័យរួមមួយក្នុងការនាំយកទៅឱ្យភាគីពាក់ព័ន្ធរបស់យើងនូវការកម្សាន្តដ៏ល្អបំផុត ហើយ គ្រួសារសុខសាន្ត គឺជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ CBS”។

រឿងភាគទូរទស្សន៍ថ្មីនេះ ជាផ្នែកមួយនៃគម្រោងពង្រឹងសមត្ថភាពយុវជនតាមរយៈពហុវេទិការបស់អង្គការ BBC Media Action គម្រោង Klahan9 SPACE ដែលជួយគាំទ្រដល់ការចូលរួមពិភាក្សា និងការចូលរួមអភិវឌ្ឍសហគមន៍របស់ប្រជាពលរដ្ឋ ដែលត្រូវបានផ្តល់មូលនិធិដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ SDC និងស្ថានទូតស៊ុយអែត ដែលមានការិយាល័យនៅរាជធានីភ្នំពេញ។ គម្រោងនេះមានគោលបំណងជួយផ្តល់ជាប្រយោជន៍ដល់យុវជនកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាព ជំនាញ និងចំណេះដឹងនានា សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ដែលពួកគាត់រស់នៅ។

លោក Adrian Scherler ប្រធាន Governance Portfolio នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ SDC មានប្រសាសន៍ថា៖ «SDC មានមោទនភាពណាស់ក្នុងការក្លាយជាផ្នែកមួយនៃកម្មវិធីទូរទស្សន៍ដ៏គួរឱ្យចាប់អារម្មណ៍នេះ ព្រោះនេះ គឺជាធាតុផ្សំដ៏សំខាន់មួយនៃគម្រោង ក្លាហាន9 ស្ពេស។ យើងសង្ឃឹមថា កម្មវិធីនេះ នឹងផ្សព្វផ្សាយទៅដល់ទស្សនិកជនយ៉ាងទូលំទូលាយ និងចម្រុះនៅទូទាំងប្រទេស ហើយវានឹងជំរុញឱ្យមានការឆ្លុះបញ្ចាំងពីគ្នាទៅវិញទៅមកនៅក្នុងគ្រួសារ និងក្នុងចំណោមសហគមន៍។ យើងមានមោទនភាពក្នុងការចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការប្រាស្រ័យទាក់ទងជាឧបករណ៍សំខាន់ដើម្បីជំរុញ និងគាំទ្រយុវជនកម្ពុជាឱ្យចូលរួមក្នុងជីវិតសាធារណៈ”។

លោកស្រី Camilla Ottosson ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតស៊ុយអែតភ្នំពេញ បានមានប្រសាសន៍ថា៖ «ស្របតាមយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែតជាមួយកម្ពុជា ដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ យើងឃើញថា អង្គការ BBC Media Action គឺជាដៃគូដ៏មានតម្លៃរបស់យើងនៅក្នុងប្រទេសកម្ពុជា ក្នុងន័យជួយគាំទ្រយុវជនឱ្យចូលរួមពិភាក្សា និងអភិវឌ្ឍសហគមន៍របស់ខ្លួន។ ប្រទេសស៊ុយអែត រួមជាមួយនឹង SDC រីករាយអបអរសាទរចំពោះ អង្គការ BBC Media Action ក្នុងការបើកដំណើរការកម្មវិធីទូរទស្សន៍ថ្មី គឺ គ្រួសារសុខសាន្ត ដែលជាកម្មវិធីទូរទស្សន៍ដែលនឹងជំរុញទឹកចិត្តយុវជនខ្មែររាប់លាននាក់ឱ្យចូលរួមពិភាក្សា និងចូលរួមក្នុងជីវិតសាធារណៈ។ ការផ្សារភ្ជាប់ជាមួយយុវជនតាមរយៈការកម្សាន្តបែបអប់រំលើប្រធានបទសំខាន់ៗ ដែលទាក់ទងនឹងសង្គម គឺជារឿងល្អណាស់ ហើយយើងសង្ឃឹមថាវានឹងទៅដល់ទស្សនិកជនជាច្រើន និងមានឥទ្ធិពលវិជ្ជមានដល់ជីវិតរស់នៅរបស់យុវជនក្នុងប្រទេសកម្ពុជា»។ 

បន្ថែមពីលើកម្មវិធីទូរទស្សន៍គ្រួសារសុខសាន្ត គម្រោង Klahan9 SPACE ក៏មានការផលិត និងផ្សព្វផ្សាយមាតិកាអប់រំតាមឌីជីថល សកម្មភាពផ្សព្វផ្សាយសហគមន៍ និងការគាំទ្រដល់អ្នកអនុវត្តប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោងនេះត្រូវបានដឹកនាំ និងអនុវត្តដោយអង្គការ BBC Media Action ដោយធ្វើការក្នុងភាពជាដៃគូជាមួយក្រុមប្រឹក្សាយុវជនកម្ពុជា YCC កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន YRDP និងមជ្ឈមណ្ឌលធនធានអូឌីយ៉ូបុប្ផាណា។

«គ្រួសារសុខសាន្ត» នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ វេលាម៉ោង១២ ថ្ងៃត្រង់ និងថ្ងៃសៅរ៍ វេលាម៉ោង៥ ល្ងាច។ លោកអ្នកក៏អាចមើលរឿងនេះបានតាមប្រព័ន្ធអនឡាញផងដែរ តាមរយៈតំណភ្ជាប់នេះ  https://www.facebook.com/klahan9cambodia និង
https://www.youtube.com/c/klahan9cambodia៕

រូបភាពដោយ៖ អង្គការ BBC Media Action

LEAVE A REPLY

Please enter your comment!
Please enter your name here