សកម្មភាពលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូដល់អាហារូបត្ថម្ភនៅខេត្តកំពង់ធំ និងសៀមរាប

អនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ (WASH and Nutrition SWG) សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងក្រុមការងារថ្នាក់ក្រោមជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នឹងរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ពីការអនុវត្តគម្រោងអន្តរាគមន៍ជាក់ស្តែងនៅសហគមន៍ក្នុងការងារលើកកម្ពស់​សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរអាហារូបត្ថម្ភ ក្នុងខេត្តកំពង់ធំ និងសៀមរាប ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

អនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ដែលសម្របសម្រួលរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានកិច្ចសហការគាំទ្រហិរញ្ញវត្ថុពីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា តាមរយៈគម្រោងភាពជាដៃគូសកម្មភាពជាតិសម្រាប់គាំទ្រគម្រោងសកម្មភាពលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ ក្នុងគោលបំណងលើកកម្ពស់គុណភាពជិវិត និងធ្វើឱ្យប្រសើរឡើងសុខភាពកុមារ និងមាតាពង្រីកវិសាលភាពសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ និងពង្រឹងគុណភាពសេវា និងការទទួលបានសេវាសុខភាព និងអនាម័យ។

ការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើការងារលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ គឺមានសារសំខាន់ចាំបាច់ដើម្បីសម្របសម្រួល និងសហការគាំទ្រគម្រោងនានាសំដៅសម្រេចបានគោលបំណងខាងលើនេះ។

ទស្សនកិច្ចសិក្សាថ្នាក់ជាតិនេះ ត្រូវបានអញ្ជើញចូលរួមពីមន្រ្តីនៃក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងបណ្តាអង្គការដៃគូអភិវឌ្ឍនានាដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកការរៀនសូត្រ និងព័ត៌មាននានា ស្តីពីការអនុវត្តជាក់ស្តែងនៅសហគមន៍លើ គម្រោងសកម្មភាពលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ។

គោលបំណងនៃគម្រោងនេះ គឺផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកការរៀនសូត្រ និងព័ត៌មាននានា ស្តីពីការអនុវត្តគម្រោងដែលដឹកនាំដោយសហគមន៍ជាក់ស្តែងក្នុងការងារលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ រួមទាំងមេរៀន និងបទពិសោធន៍ល្អៗ រវាងក្រសួងស្ថាប័នថ្នាក់ជាតិ និងស្ថាប័នអនុវត្តថ្នាក់ក្រោម​ជាតិ អង្គការដៃគូ និងសហគមន៍ដែលជាអ្នកអនុវត្តគម្រោងសកម្មភាពជាក់ស្តែង និងជាអ្នកទទួលផលពីគម្រោង។

គាំទ្រការពង្រឹងសមត្ថភាពអ្នករៀបចំគោលនយោបាយ ពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តវិធីសាស្រ្តតាមបែបចូលរួមជាមួយ សហគមន៍ដែលដឹកនាំការងារលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ។ ស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្វះខាត ឱកាស និងឧបសគ្គនានា (SWOT) ដើម្បីចូលរួមកែលម្អគម្រោងសកម្មភាពនានាដែលដឹកនាំដោយសហគមន៍លើការងារលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ។

គម្រោងមានការរំពឹងទុកថាទទួលបានចំណេះដឹងពីចំណុចខ្លាំង ចំណុចខ្វះខាត ឱកាស និងឧបសគ្គនានា (SWOT) នៃគម្រោងសកម្មភាពដែលដឹកនាំដោយសហគមន៍លើការងារលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ។ រកឃើញពីវិធីសាស្រ្តរៀបចំគម្រោង ចំណុចគន្លឹះ និងសមិទ្ធិផលនានា នៃគម្រោងសកម្មភាពលើកកម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ។ ពិភាក្សាប្រកបដោយផ្លែផ្កាអំពីវិធីសាស្រ្តក្នុងការពង្រឹង និងកែលម្អគម្រោងអន្តរាគមន៍លើ កម្ពស់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភ សម្រាប់ជាផលប្រយោជន៍ទាំងការរៀបចំគោលនយោបាយ និងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន៕

រូបភាពដោយ៖ សហការី