អគ្គនាយកដ្ឋានកសិកម្មសហការជាមួយគម្រោង​ CAVAC រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ

កំពង់ធំ៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី «កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC» បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវនៅក្នុងសហគមន៍ត្រពាំងឬស្សី ភូមិគោកងួន ​ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ។

កម្មវិធីស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្ត លោកស្រី Amber Cernobs លេខាទីមួយនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Miyahary AI តំណាងអង្គការ JICA។

នៅក្នុងកម្មវិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម (GDA) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីប្រធានសហគមន៍កសិកម្មទាំង ១០ តំណាងឱ្យខេត្តទាំង ៨ គឺ សហគមន៍កសិកម្មអូរសារាយ ខេត្តតាកែវ សហគមន៍កសិកម្មផលិតពូជស្រូវសំរោងមានជ័យ ខេត្តបន្ទាយមានជ័យ សហគមន៍កសិកម្មស្រករពន្លកថ្មី ខេត្តពោធិ៍សាត់ សហគមន៍កសិកម្មជីក្រែងសាមគ្គី ខេត្តសៀមរាប សហគមន៍កសិកម្មចម្រើនផលរាំងកេសី ទឹកចិត្តកសិករគារមានជ័យ និងឃុំកំពង់ព្រៀង ខេត្តបាត់ដំបង សហគមន៍កសិកម្មខេមស៊ីដជេជចង្វារ ខេត្តកំពង់ឆ្នាំង សហគមន៍កសិកម្មបាភ្នំមានជ័យ ខេត្តព្រៃវែង និងសហគមន៍កសិកម្មឃុំត្រពាំងឬស្សី ខេត្តកំពង់ធំ។ ក្រៅពីនេះក៏មានវត្តមានអង្គការ IRRI និង CARDI និងមន្រ្តីជំនាញអញ្ជើញមកពី GDA។

លោកស្រី Miyahary AI តំណាងអង្គការ JICA និងលោកស្រី Amber Cernobs តំណាងស្ថានទូតអូស្រ្តាលីបានបង្ហាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងកម្មវិធី ហើយពួកគាត់សង្ឃឹមថា ប.គ.ព នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាពគ្រប់ពូជស្រូវ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវទាំងបរិមាណ និងគុណភាព មានការប្រកួតប្រជែងឆ្លើយ តបតាមតម្រូវការទីផ្សារ និងជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់សមាជិកសហគមន៍តាមរយ:ការផលិត និងលក់ចែកចាយគ្រាប់ពូជស្រូវមានគុណភាពជូនកសិករនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏មានតម្លៃដែលមានតួអង្គពាក់ព័ន្ធបានសហការគ្នារៀបចំពិធីដ៏មានសារសំខាន់នេះឡើង និងជាពិសេសចំណាប់អារម្មណ៍របស់លោកស្រី Miyahary AI និងលោកស្រី Amber Cernobs។

លោកឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានប្រាប់ឱ្យដឹងថា ប.គ.ព (QDS) ត្រូវបានរៀបចំឡើងដោយផ្អែកលើសៀវភៅគោលការណ៍ណែនាំរបស់អង្គការ FAO នៅឆ្នាំ២០០៦។ ចាប់តាំងពីឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយគម្រោងកម្មវិធីស្តីពី «ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្រ្តាលី ហៅកាត់ថា CAVAC» និង JICA ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយពី ប.គ.ព ដល់អ្នកពាក់ព័ន្ធសរុបចំនួន ៨៥នាក់ ដែលមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកសិករផលិតគ្រាប់ពូជស្រូវនៅក្នុងខេត្តទាំង ៨ ខាងលើ។

អគ្គនាយកដ្ឋានកសិកម្មបានបណ្តុះបណ្តាលមន្ត្រីបង្គោលនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីសាកល្បងអនុវត្ត ប្រព័ន្ធ ប.គ.ព  លើផលិតកម្មគ្រាប់ពូជស្រូវ នៅក្នុងរដូវវស្សាឆ្នាំ២០២០ និងឆ្នាំ២០២១ ជាមួយសហគមន៍កសិកម្មចំនួន១០។ នៅក្នុងឆ្នាំ ២០២២ បានរៀបចំចងក្រង និងបោះពុម្ពឯកសារសំខាន់ៗ មួយចំនួនដូចជាទី១. គោលការណ៍ណែនាំស្តីពី ប.គ.ព ទី២. ឯកសារ ប.គ.ព សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ និងទី៣. គោលការណ៍ណែនាំបច្ចេកទសេត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវតាម ប.គ.ព ដែលនឹងចែកជូន និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។

សមិទ្ធផលដែលបានសម្រេចឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា វាពិតជាបានឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យកសិកម្ម គឺការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសាកលលោក ជាពិសេសការធានាចីរភាពកំណើនសេដ្ឋកិច្ច សង្គម ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ កាត់បន្ថយចំណាកស្រុក និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង ចីរភាព និងបរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹង «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» នាឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យនាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងជាពិសេសដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រ ជួយសហការអនុវត្ត ប.គ.ព នេះឱ្យទទួលបានជោគជ័យ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនភាពជឿទុកចិត្ត និងបន្តគាំទ្រ។

សម្រាប់ទិសដៅអនុវត្តបន្តឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ខាងក្រោម៖ ទី១. ត្រូវជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងគោលនយោបាយ ពូជដំណាំនៅកម្ពុជាឱ្យបានទូលំទូលាយ។ ទី២. ត្រូវជំរុញឱ្យអ្នកផលិតពូជ និងអ្នកធ្វើអាជីវកម្មពូជដំណាំនៅកម្ពុជាចុះបញ្ជីប្រភេទពូជដំណាំដើម្បីធានាបាននូវគ្រាប់ពូជដែលមានគុណភាពល្អ។ ទី៣. ត្រូវពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្មសម្រាប់វិភាគគុណភាពពូជដំណាំ ដើម្បីគាំទ្រដល់ការត្រួតពិនិត្យគុណភាពពូជដំណាំដែលស្ថិតនៅក្រោមប្រព័ន្ធផ្តល់វិញ្ញាបនបត្រ និងសម្រាប់តាមដានគុណភាពពូជដំណាំដែលចរាចរនៅលើទីផ្សារ។ ទី៤. ត្រូវលើកទឹកចិត្ត និងជំរុញផលិតកម្មគ្រាប់ពូជដោយផ្សារភ្ជាប់រវាងអ្នកផលិត ជាមួយសហគមន៍កសិករ ឬអ្នកផលិតជាមួយក្រុមហ៊ុន តាមរយៈការអនុវត្តផលិតកម្មគ្រាប់ពូជតាមកិច្ចសន្យា និងទី៥. ត្រូវចងក្រង និងបោះពុម្ពឯកសារបច្ចេកទេស គោលការណ៍ណែនាំផ្សេងៗទាក់ទងនឹង ប.គ.ព  និងផ្សាយឱ្យបានទូលំទូលាយ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានឆ្លៀតឱកាសថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC និងរាជរដ្ឋាភិបាលព្រមទាំងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានសហការជួបឧបត្ថម្ភទាំងសម្ភារ ឧបករណ៍បច្ចេក ទេស និងថវិកា ដើម្បីគាំទ្រលើការអនុវត្តគម្រោងនេះ ហើយឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាគម្រោងនឹងត្រូវបានពង្រឹង និងពង្រីកឱ្យបានកាន់តែទូលំទូលាយទូទាំងប្រទេសដោយឈរលើការធានាគុណភាពគ្រប់ពូជខ្ពស់ជាចំបង៕

ប្រភព៖ ហ្វេសបុកផេកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ