ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ វិនិយោគ​ ៧០​លាន​ដុល្លារ​លើ​ដំណាំ​ស្វាយ​នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយលោកស្រី Amber Cernobs លេខាទីមួយនៃស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្វាយ សំអៀង អភិបាលនៃគណ:អភិបាលខេត្ត និងសហការី បានអញ្ជើញមកពិនិត្យចំការស្វាយរបស់ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ នៅឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក Jacky នាយកចាត់ការទូទៅនៃក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ ​បានប្រាប់ឱ្យដឹងអំពីស្ថានភាពផលិតកម្មផ្លែស្វាយដែលមានដូចជាពូជត្រូវបាននាំចូលពីប្រទេសតៃវ៉ាន់ អាមេរិក និងអូស្រ្តាលី (R2E2, Jinh Wang, Keitt Mango, Red Golden Dragon, Tainong, Guire) រួមជាមួយនឹងថ្នាលកូនស្វាយពូជអាយុបីឆ្នាំសម្រាប់ដាំដុះបន្ត។

លោកបានបន្ថែមទៀតថាមកទល់នឹងពេលនេះ ក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុបចំនួន ១២០០ហិចតា ដែលស្មើនឹង ១២% ធៀបនឹងផែនការដែលត្រូវដាំលើផ្ទៃដីសរុបទំហំ ៩៧៧២,១១៧៦ហិចតា។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកម្មករបម្រើការសរុបចំនួន ២០៥នាក់ ក្នុងនោះបុគ្គលិកខ្មែរ ២៨នាក់ បរទេស ៨នាក់ កម្មករខ្មែរអចិន្ត្រៃយ៍ ១៩នាក់ កម្មករអណ្ដែត ១៥០ នាក់ ហើយនៅពេលដល់រដូវប្រមូលផលនៅឆ្នាំ២០២៣ ក្រុមហ៊ុននឹងត្រូវការកម្មករចំនួន ៣០០នាក់បន្ថែមទៀតទាំងអ្នកប្រមូលផល និងអ្នកវេចខ្ចប់ ដែលភាគច្រើន គឺជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះតែម្តង។

លោកថាការនាំកសិផលចេញទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសវៀតណាម ថៃ តាមកំពង់ផែក្នុងព្រះសីហនុ ហើយគិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចំណាយថវិកាជិត ៧០លានដុល្លារហើយ។ លោកបានសម្តែងនូវក្តីបារម្ភថាបច្ចុប្បន្នការដឹកជញ្ជូន គឺជាបញ្ហាចំបងសម្រាប់ក្រុមហ៊ុន ចំណុចនេះលោកបានអះអាងថា ក្រុមហ៊ុននឹងរៀបចំមធ្យោបាយដឹកជញ្ជូន និងរួមទាំងទូត្រជាក់ផងដែរ ដើម្បីកាត់បន្ថយថ្លៃដើម។ ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្ម ហើយទទួលបានកិច្ចសហការល្អមកវិញពីអគ្គនាយកដ្ឋានបានបញ្ជូនមន្រ្តីជំនាញចុះមកណែនាំអំពីបច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យជាទូទៅ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានលើឡើងអំពីស្ថានភាពជារួមនៃការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន រួមទាំងមធ្យោបាយដឹកជញ្ជូនទាំងក្នុងស្រុក និងអន្តរជាតិ ដែលក្រុមហ៊ុនកំពុងប្រឈម។ តែទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តខិតខំលើការងារផលិតកម្មបន្ថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះ សម្រាប់នាំចេញ បើទោះសកម្មភាពនៃការនាំចេញបាន និងកំពុងតែប្រឈម។

លោកបានបន្ថែមថា បញ្ហាប្រឈមនេះមិនមែនកើតឡើងតែក្នុងប្រទេសកម្ពុជានោះទេ តែវាជាបញ្ហាសកលដែលមិនអាចចៀសវាងបាន។ មួយវិញទៀតលោកបានស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើយ៉ាងណាឱ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រត្តិទៅដោយរលូន និងទទួលបានជោគជ័យ។

លោកបានបញ្ជាក់ថា ភាពជោគជ័យនេះមិនមែនសម្រាប់តែក្រុមហ៊ុនទេ គឺសម្រាប់សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តាមរយ:ការបង្កើតការងារ មានការងារ មានចំណូល គ្មានចំណាកស្រុក មានជីវភាពល្អប្រសើរ ទាំងនេះជាក្តីបំណងរបស់រាជរដ្ឋាភិបាលដែលតែងតែគាំទ្រ និងលើក ទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផលដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស៕

រូបភាពដោយ៖ ហ្វេសបុកឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន