Home ខេមរភាសា គម្រោង MUSEFO នៃអង្គការ GIZ និងអង្គការ Helen Keller រួមសហការជាមួយនឹងក្រសួងការងារលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមកុមារនៅតាមរោងចក្រ

គម្រោង MUSEFO នៃអង្គការ GIZ និងអង្គការ Helen Keller រួមសហការជាមួយនឹងក្រសួងការងារលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមកុមារនៅតាមរោងចក្រ

ភ្នំពេញ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នេះ លោកស្រី Gwyneth Cotes នាយិការអង្គការ Helen Keller និង លោកបណ្ឌិត Farid Selmi នាយកគម្រោង MUSEFO នៃអង្គការ GIZ បានចូលរួមពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាមួយសម្រាប់គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាសជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អុិត សំហេង រដ្ធមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។ គម្រោងនេះឧបត្ថម្ភថវិការដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងគម្រោងពហុវិស័យសន្តិសុខស្បៀងនិង អាហារូបត្ថម្ភ MUSEFO។

លោកស្រី Gwyneth Cotes បញ្ជាក់ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រមួយចំនួនតាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។ កម្មវិធីនេះបានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា៖ ១. សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារពីជំងឺផ្សេងៗ ២. អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ៣.ការថែទំាសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន និងទី៤.ការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗ របស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។

លោកស្រីនាយិកា ក៏បានលើកឡើងដែរថា គម្រោងនេះនឹងផ្តល់ជូននូវសម្ភារអប់រំផ្សព្វផ្សាយព្រមទំាងបំពាក់នូវឧបករណ៍មួយចំនួនដូចជា៖ ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម ដល់បន្ទប់បំបៅដោះកូនដែលមានស្រាប់នៅតាមរោងចក្រគោលដៅនីមួយៗ។

លោកស្រីបានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានសហការយ៉ាងជិតស្និត ដើម្បីរៀបចំឱ្យមាន MOU នេះឡើង ដែលបានផ្តល់អាទិភាពចំពោះបញ្ហាសុខភាពទៅដល់កម្មករនិយោជិត។ លោកស្រីសង្កត់ធ្ងន់ថា សម្រាប់រដ្ឋាភិបាលកម្ពុជាដែលបានគំាទ្រលើគម្រោងនឹងសម្រេចបានចំនួន ៨៥ភាគរយ សម្រាប់អាហារូបត្ថម្ភ និង៨៥ភាគរយទៀតសម្រាប់ការបំបៅដោះកូននៅតាមរោងចក្រ សហគ្រាស នៅក្នុងឆ្នាំ២០៣០ខាងមុខនេះ។

ឯកឧត្តមបណ្ឌិត អុិត សំហេង បានវាយតម្លៃខ្ពស់ចំពោះអង្គការ Helen Keller ដែលបានបង្កើតនូវកម្មវិធីពាក់ព័ន្ធ នឹងអនាម័យ អាហាររូបត្ថម្ភ កុមារ នៅតាមរោងចក្រ សហគ្រាស ជាពិសេសជាស្ត្រីឱ្យស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែអនុវត្តនៅតាមបណ្តារោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជា។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគម្រោងGIZ ដែលបានផ្តល់ការគំាទ្រយ៉ាងសកម្មក្នុងការចូលរួមអនុវត្តនូវគម្រោងនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកគម្រោងនេះថាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញបន្ថែមនូវការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឱ្យមានភាពកាន់តែប្រសើរ ស្របពេលដែលក្រសួងការងារ បានកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗ របស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ឯកឧត្តម ជឿជាក់ថា តាមរយៈគម្រោងនេះ ក៏កាន់តែធ្វើឱ្យនិយោជក អនុវត្តន៍បានប្រសើរ ព្រមទាំងលើកទឹកចិត្តទៅដល់កម្មករនិយោជិតត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យ អាហាររូបត្ថម្ភ និងផលិតភាពការងារផងដែរ។ ជាក្តីរំពឹងទុក គម្រោងនេះ មិនត្រឹមតែជួយដល់លក្ខខណ្ឌការងារប៉ុណ្ណោះទេ ថែមទាំងជួយដល់សេដ្ឋកិច្ចរបស់ជាតិថែមទៀត៕

ប្រភព​​ និងរូបថតដោយ៖ អង្គការហេទ្បែន ខេលល័រ