USAID និង KOICA រួមគ្នាជំរុញពង្រឹងសមត្ថភាពបន្ថែមទៀតដល់ក្រុមអ្នកជំនាញជំងឺឆ្លងពីសត្វទៅមនុស្ស

ភ្នំពេញ៖ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងពីសត្វទៅមនុស្សទទួលការជំរុញពង្រឹង សមត្ថភាពបន្ថែមតាមរយៈភាពដៃគូរវាងទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ ភាពជាដៃគូនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៧ ដោយទទួលនូវភាពជោគជ័យយ៉ាងធំធេងតាមរយៈគម្រោង ធនធានមនុស្សសុខភាពតែមួយ (One Health Workforce) ដែលបានបង្កើតនូវបណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជា (Cambodia One Health University Network – CAMBOHUN) ដែលក្នុងនោះសាកលវិទ្យា ល័យចំនួន៥ បានប្តេជ្ញាចិត្តក្នុងការ ជំរុញសមត្ថភាពអ្នកជំនាញជំនាន់ក្រោយស្តីពីជំងឺឆ្លងពីសត្វទៅមនុស្ស។

លោកស្រី Nancy J. Eslick នាយិកាបេសកកម្មរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា បាននិយាយ ថា៖ «ភាពជាដៃគូនេះ បានធ្វើឱ្យសន្តិសុខផ្នែកសុខភាពក្នុងប្រទេសកម្ពុជា និងក្នុងតំបន់មេគង្គមានភាពជឿនលឿនតាម រយៈការពង្រឹងសមត្ថភាពធនធានផ្នែកសុខភាពសត្វ និងមនុស្ស ក្នុងការស្វែងរក និងគ្រប់គ្រងការផ្ទុះនូវជំងឺឆ្លងពីសត្វទៅ មនុស្ស»។

អ្នកស្រីបន្ថែមថា៖ «ថ្ងៃនេះ យើងអបអរសាទរភាពជាដៃគូដ៏រឹងមាំរបស់យើងក្នុង ផ្នែកសន្តិសុខសុខភាពពិភពលោក តាមរយៈការគាំទ្ររួមគ្នាលើផ្នែកការចាក់វ៉ាក់សាំងបង្ការ និងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលជំនាន់ក្រោយរបស់កម្ពុជា ក្នុងការតាមដាន និងគ្រប់គ្រងជំងឺឆ្លងពីសត្វទៅមនុស្សដែលជាអាទិភាពសកល»។

សុខភាពតែមួយ (One Health) សំដៅលើអភិក្រមពហុជំនាញ ដែលទទួលស្គាល់នូវទំនាក់ទំនងសុខភាពរវាងមនុស្សនិងសត្វ ព្រមទាំងបរិស្ថាន។ សមាជិកនៃបណ្តាញសាកលវិទ្យាល័យសុខភាពតែមួយកម្ពុជារួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលាប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិ កសិកម្មកំពង់ចាម និងសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ សមាជិកចំនួន៤រូប ដែលមកពីសាកលវិទ្យាល័យទាំងនេះ ត្រូវបានទទួលស្គាល់ជាគ្រូបង្គោលសម្រាប់ការបណ្តុះបណ្តាលពីបណ្តាញ អេពីដេមីសាស្ត្រតាមបែបការចូលរួម (Participatory Epidemiology Network for Animal and Public Health) សម្រាប់សុខភាពមនុស្ស និងសត្វ ហើយបណ្តាញនិស្សិតសុខភាពតែមួយត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍជាអ្នកដឹកនាំនៅថ្ងៃអនាគតសម្រាប់សុខភាពតែមួយ។

បន្ថែមពីលើការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់គម្រោងសុខភាពតែមួយការរួមចំណែកថវិការបស់ KOICA ចំនួន ១.៣៥០.០០០ដុល្លា ដល់សកម្មភាពសន្តិសុខសុខភាពជាសកលរបស់ USAID បានពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំងរបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺថ្មីៗ។ តាមរយៈកិច្ចសហប្រតិបត្តិការរបស់ USAID និង KOICA ឥឡូវនេះ មណ្ឌលសុខភាពសាធារណៈចំនួនប្រាំនៅក្នុងខេត្តភាគឦសានមានឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាពរបស់វ៉ាក់សាំង ឧបករណ៍ទុកដាក់ត្រជាក់ ហើយមន្ត្រីទទួលបន្ទុកផ្នែកទុកដាក់ត្រជាក់នៃថ្នាំបង្ការចំនួន ២៥៥នាក់ ត្រូវបានបណ្តុះបណ្តាលដើម្បីប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។

លោក Hyunjun Rho នាយកប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះទីភ្នាក់ងារ USAID និងក្រុម ការងារគម្រោង ដែលបានខិតខំប្រឹងប្រែងយ៉ាងមុតមាំ សម្រេចបានលទ្ធផលជាផ្លែផ្កានៃគម្រោង One Health នៅកម្ពុជា។ គម្រោង One Health គឺជាផ្នែកមួយនៃរបៀបវារៈសន្តិសុខសុខភាពសកលដែលជាសំណុំអាទិភាពដែលត្រូវអភិវឌ្ឍសម្រាប់លើវិស័យសុខាភិបាល ហើយវាជាផ្នែកមួយនៃការសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសកូរ៉េ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានឃើញសមិទ្ធិផលនេះតាមរយៈគម្រោងសន្តិសុខសុខភាពពិភពលោក (Global Health Security Agenda) តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការជាមួយ USAID នៅតែបន្តនាពេលអនាគត»។

ទីភ្នាក់ងារជំនួយអាមេរិក USAID និង KOICA ក៏បានរួមគ្នាធ្វើទស្សនកិច្ចនៅផ្សារលក់សត្វបក្សីក្នុងទីក្រុងភ្នំពេញ ជាមួយ នឹងសិស្សនៃបណ្តាញ CAMBOHUN។ សាស្ត្រាចារ្យបានធ្វើការជាមួយសិស្ស ដើម្បីកំណត់បញ្ហាសុខភាពតែមួយ ដែលទាក់ទងទៅនឹងអនាម័យ ការដាក់លក់លាយឡំចម្រុះសត្វ បក្សី ដង់ស៊ីតេសត្វ និងសុវត្ថិភាពចំណីអាហារ។

តាមរយៈភាពជាដៃគូបែបនេះ ទីភ្នាក់ងារ USAID គាំទ្រដល់ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត ដើម្បីឱ្យកម្ពុជាអាច ទប់ស្កាត់ និងឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺដែលឆ្លងពីសត្វទៅមនុស្ស ដូចជាជំងឺគ្រុនផ្តាសាយ បក្សី ឆ្កែឆ្កួត Salmonella និងការគំរាមកំហែងនៃជំងឺឆ្លងថ្មីៗផ្សេងទៀត៕

ប្រភព៖ ស្ថានទូតអាមេរិកនៅកម្ពុជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here