សហរដ្ឋ​អាមេរិក​ផ្តល់វ៉ាក់សាំង​ជំងឺ​កូវីដ​១៩ ចំនួន ​២លាន​ដូស ដល់​ប្រជាជន​កម្ពុជា

ភ្នំពេញ៖ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សហរដ្ឋអាមេរិក សហការជាដៃគូជាមួយ COVAX អង្គការ UNICEF និងអង្គការសុខភាព​ពិភពលោក បានបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន២លានដូស ដល់ព្រះរាជាណាចក្រកម្ពុជា។ វ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពទាំងនេះ នឹងជួយការពារប្រជាជនកម្ពុជា និងជួយបង្ការពីការឆ្លងរាលដាលជំងឺកូវីដ ប្រភេទថ្មីដ៏គ្រោះថ្នាក់។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ « សហរដ្ឋអាមេរិក ចាត់ទុកការសម្រេចបាននូវសន្តិសុខផ្នែកសុខភាពជាអាទិភាពខ្ពស់មួយ និងបន្តធ្វើការជាមួយដៃគូនៃយន្តការកូវ៉ាក់ ដើម្បីធានាឱ្យប្រជាជនជុំវិញពិភពលោក ទទួលបាននូវវ៉ាក់សាំង។ ជាមួយការរួមចំណែកនេះ សហរដ្ឋអាមេរិក បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។

នៅកម្ពុជា សហរដ្ឋអាមេរិកបានផ្តល់ជំនួយមកត្រឹមពេលនេះ នូវវ៉ាក់សាំងជាង ៣លានដូស មានជំនួយបន្ថែម ១៦លានដុល្លារតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID និងបានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗ តាមរយៈទីភ្នាក់ងារសុខា ភិបាលសាធារណៈរបស់អាមេរិកជាច្រើនទៀត ក្នុងពេលមានជំងឺរាតត្បាត ដោយគាំទ្រដល់ការឃ្លាំមើល ការតាមដានអ្នកពាក់ព័ន្ធ ពង្រឹងសមត្ថភាពយល់ដឹងជាសាធារណៈ និងការស្រាវជ្រាវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។

កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក បានបញ្ជ្រាបទៅដល់ប្រជាជនកម្ពុជា ជាងដប់លាននាក់ ជាមួយនឹងសម្ភារៈទំនាក់ទំនងហានិភ័យតាមរយៈទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារ និងផ្ទាំងប៉ាណូនានា។ ការគាំទ្រទាំងនេះ បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់បុគ្គលិកថែទាំសុខភាព និងបានជួយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត។

សហរដ្ឋអាមេរិកប្តេជ្ញាដឹកនាំការឆ្លើយតបជំងឺកូវីដ-១៩ ជាសាកល ដែលធ្វើឱ្យយើងទាំងអស់គ្នា ទាំងជនជាតិអាមេរិក និងកម្ពុជា មានសុវត្ថិភាព និងសុខភាពកាន់តែប្រសើរ។ យើងមានមោទនភាពក្នុងការធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ប្រភព៖ ស្ថានទូតអាមេរិកនៅកម្ពុជា