រោងចក្រកែច្នៃជ័រកៅស៊ូ តាន បៀន ខេត្តកំពង់ធំ ដាក់ឱ្យប្រើប្រាស់បន្ទប់បំបៅដោះកូនលក្ខណ​:​ស្តង់ដា

កំពង់ធំ៖ អង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ គម្រោងពហុវិស័យសន្តិសុខស្បៀង និង អាហារូបត្ថម្ភ MUSEFO នៃអង្គការ GIZ និងរោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន តាន បៀន កំពង់ធំ សហការជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំ «ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន» ជាផ្លូវការ។

កម្មពិធីមានការអញ្ជើញចូលរួមដោយលោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ តំណាងឱ្យឯកឧត្តមអភិបាលគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ជូ ប៊ុនហៀងនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៃទីស្តីការគណៈរដ្ឋមន្ត្រី។

លោកបណ្ឌិត Farid Selmi នាយកគម្រោង MUSEFO នៃអង្គការ GIZ និងស្រីបណ្ឌិត Sanne Sigh ទីប្រឹក្សាគម្រោង MUSEFO នៃអង្គការ GIZ។ លោក ហ៊ូ ក្រើន នាយករងអង្គការ ហេទ្បែន ខេលល័រ​ និងលោក ឡឹម ថាញ់ភូ នាយកក្រុមហ៊ុនតានបៀនកំពង់ធំ។

ការបង្កើតបន្ទប់បំបៅដោះកូននៅរោងចក្រនេះត្រូវបានអនុវត្តដោយអង្គការ ហេទ្បែន ខេលល័រ​ សហការជាមួយភាគីពាក់ព័ន្ធជាច្រើនក្រោមជំនួយថវិការរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ និងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ MUSEFO ជាផ្នែកមួយនៃគម្រោងសាកល្បងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការ។

រោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន តាន បៀន កំពង់ធំ មានកម្មករសរុបចំនួន ១,៤៨២នាក់ ក្នុងនោះមានកម្មការិនីសរុបចំនួន ៥៧៨នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រ។ កន្លងមករោងចក្រនេះមិនមានបន្ទប់បំបៅដោះកូនដែលមានលក្ខណ:ស្តង់ដារដោយការបំពាក់ដោយឧបករណ៍ និងសម្ភារៈសម្រាប់ស្រ្តីបំបៅដោះកូនឡើយ។

លោក ទ្បឹម ថាញ់ ភូ នាយកនាយកប្រតិបត្តិ រោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន តាន បៀន កំពង់ធំ បានរៀបរាប់ថា «កាលពីខែមុននេះខ្លួនខ្ញុំផ្ទាល់ និងសហការីបានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូនគំរូនៅសាលាខេត្តកំពង់ធំ និងមន្ទីរកិច្ចការនារីខេត្តកំពង់ធំ និងបានស្តាប់សុន្ទរកថាគន្លឹះរបស់ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ និងវាគ្មិនផ្សេងទៀត។ ក្រោយពេលបានឮនិងយល់ពីអត្ថប្រយោជន៍ជាច្រើននៃអាហារូបត្ថម្ភ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសលើសារៈសំខាន់ និងអត្ថប្រយោជន៍ការបំបៅកូនដោយទឹកដោះម្តាយ និងការបង្កើតបន្ទប់បំបៅដោះកូន។ ខ្ញុំបានដឹងថាទឹកដោះម្តាយមានគុណតម្លៃចំពោះសុខភាព ការលូតលាស់ផ្នែករាងកាយ ការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារ អាចទប់ស្កាត់មរណភាពទារក កាត់បន្ថយជំងឺរាករូស និងជំងឺរលាកសួត និងបានដឹងថាការបង្កើតបន្ទប់បំបៅដោះកូន និងការអប់រំអាហារូបត្ថម នឹងនាំឱ្យរោងចក្រក៏មានផលចំណេញច្រើនលើការកើនឡើងផលិតផលភាពការងារ និងប្រាក់ចំណូលដល់រោងចក្រព្រោះស្រ្តីមានអារម្មណ៍ល្អក្នុងការបំពេញការងារ និងមានសុខមាភាពល្អប្រសើរ»។

លោកបន្តទៀតថា៖ «ខ្ញុំ និងសហការីក៏បានចូលទស្សនាបន្ទប់បំបៅដោះដែលបានបង្កើតនៅសាលាខេត្តកំពង់ធំ និងមន្ទីរកិច្ចការនារីផងដែរ និងបានឃើញបន្ទប់ដែលបានរៀបចំនេះមានការតុបតែងរចនាបានយ៉ាងល្អ និងបំពាក់ដោយសម្ភារៈឧបករណ៍ល្អស្តង់ដារសក្តិសមជាបន្ទប់បំបៅដោះដ៏សមរម្យសម្រាប់ស្រ្តីបំបៅដោះកូននៅកន្លែងធ្វើការ។ បន្ទាប់ពីបានទស្សនាបន្ទប់បំបៅដោះកូនរួច ខ្ញុំរឹតតែចាប់អារម្មណ៍ខ្លាំងទ្បើង ហើយបានពិភាក្សាភ្លាមៗ ជាមួយក្រុមការងារសាលាខេត្ត ដើម្បីសម្របសម្រួលស្នើសុំបច្ចេកទេស និងសម្ភារៈពីអង្គការក្នុងការបង្កើតបន្ទប់បំបៅដោះកូននៅរោងចក្ររបស់យើងខ្ញុំដើម្បីជាប្រយោជន៍ដល់បុគ្គលិក ពិសេសកម្មការិនីដែលមានកូនតូចៗ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាលាខេត្តកំពង់ធំ ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ ការបំបៅកូនដោយទឹកដោះម្តាយ សុខភាពរបស់ស្រ្តីទារក និងកុមារនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ខ្ញុំក៏សូមបញ្ជាក់ថាក្រុមហ៊ុនក៏បានបដិភាគលើការចំណាយថវិកាដើម្បីរៀបចំបន្ទប់បំបៅនេះ ក៏ដូចជាបដិភាគថិវិកាក្នុងពិធីរបស់យើងនសថ្ងៃនេះដែរ»។

លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍សង្កត់ធ្ងន់ថា ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តបានបង្ហាញថា ការបង្កបរិយាកាសសមស្របដូចជាការបង្កើតបន្ទប់បំបៅដោះកូនសមរម្យនៅកន្លែងធ្វើការ ផ្តល់ពេលវេលាសម្រាកដល់ស្រី្តក្នុងការបំបៅដោះកូននៅកន្លែងធ្វើការ ផ្តល់ពេលវេលាក្នុងការច្របាច់ ឬបូមទឹកដោះម្តាយក្នុងបន្ទប់បំបៅជាមួយនឹងការបំពាក់សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់នឹងធ្វើឱ្យស្ត្រីមានការពេញចិត្ត មានអារម្មណ៍ល្អស្រស់ថ្លានៅកន្លែងធ្វើការ ទទួលបានសុខភាពល្អប្រសើរទាំងខ្លួនគាត់ផ្ទាល់កូន និងក្រុមគ្រួសារដែលជាបច្ច័យនាំមកនូវការកើនឡើងផលិតភាពការងារ និងកាត់បន្ថយអវត្តមានបុគ្គលិក ព្រមទាំងកាត់បន្ថយការចំណាយលើការធានារ៉ាប់រងសុខភាពបុគ្គលិកផងដែរ។

ដោយមើលឃើញពីផលប្រយោជន៍ដ៏មហាសាលរបស់ទឹកដោះម្តាយនេះ ទើបនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងតូក្យូស្តីពីអាហារូបត្ថម្ភដើម្បីកំណើននាខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តថានឹងបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យខែ រហូតដល់ ៦ខែ ឱ្យបានដល់ ៨៥% នៅឆ្នាំ២០៣០។  ការប្តេជ្ញាចិត្តរបស់កម្ពុជានាពេលនេះបានធ្វើឡើងដោយសារតែអាត្រាការបំបៅកូនដោយទឹកដោះម្តាយ បានធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០១៤ បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជាមាននិន្នាការធ្លាក់ចុះគួរឱ្យព្រួយបារម្ភពីអត្រា ៧៤% នៅឆ្នាំ ២០១០  ទៅ ៦៥% នៅឆ្នាំ ២០១៤ ដោយក្នុងនោះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់ទីប្រជុំជនពីអត្រា ៦៤% ទៅ ៣៤%»។

លោកជំទាវវជ្ជបណ្ឌិតរដ្ឋលេខាធិការបន្តថា៖  «នេះជាការព្រួយបារម្ភមួយយ៉ាងខ្លាំងពីសំណាក់ស្ថាប័នដែលធ្វើការងារផ្នែកអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា ព្រោះថានៅក្នុងប្រទេសកម្ពុជាមានស្ត្រីដល់ទៅចំនួន ៧៦% មានការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ។ ប្រសិនបើមិនមានដំណោះស្រាយសមស្របក្នុងការលើកកម្ពស់ការបំបៅដោះកូនសម្រាប់ស្រ្តីបំរើការងារនៅតាមរោងចក្រសហគ្រាស និងកន្លែងធ្វើការទេនោះនឹងធ្វើឱ្យអត្រាការបំបៅកូនដោយទឹកដោះម្តាយបន្តធ្លាក់ចុះថែម     ទៀតជាមិនខាន។ នៅចំពោះមុខបញ្ហានេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្រុញ និងលើកទឹកចិត្តស្រ្តីធ្វើការទាំងអស់ឱ្យបន្តការបំបៅកូនដោយទឹកដោះម្តាយបន្តទៀតបន្ទាប់ពីត្រលប់មកធ្វើការវិញ»។

ដើម្បីចូលរួមអនុវត្តការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឲ្យបានដល់៨៥% នៅឆ្នាំ២០៣០ លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការបានអំពាវនាវដល់ក្រសួង ស្ថាប័ន មន្ទីរ រោងចក្រសហគ្រាស ម្ចាស់ជំនួយ អង្គការសហប្រជាតិ អង្គការសង្គមស៊ីវិល ដៃគូឯកជនទាំងអស់សូមចូលរួមលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយនៅកន្លែងធ្វើការ ជាពិសេសសម្របសម្រួលឲ្យមានបន្ទប់បំបៅដោះកូននៅគ្រប់កន្លែងធ្វើការទាំងអស់ ដើម្បីឱ្យស្រ្តីអាចបន្តការបំបៅដោះកូនដោយងាយស្រួលបន្ទាប់ពីត្រឡប់ចូលធ្វើការវិញ។

ក្នុងពិធីនេះដែរ លោកស្រីបណ្ឌិត  Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា៖ «សព្វថ្ងៃនេះ ស្រ្តី និងនិយោជិតបានចំណាយពេលវេលាភាគច្រើនរបស់ពួកគេនៅកន្លែងធ្វើការ។ ដោយហេតុនេះកន្លែងធ្វើការ បានក្លាយទៅជាតួអង្គសំខាន់សម្រាប់ថែទាំសុខភាពមាតា កុមារ។ ទោះយ៉ាងណាក៏ដោយយើងត្រូវការអ្នកនាំមុខក្នុងការចាប់ផ្តើមដើម្បីបង្ហាញពីសារៈសំខាន់នៃការគាំទ្រដល់ស្រ្តី ថាគេអាចធ្វើបាន និងមានអត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់រូប។ បន្ទប់សម្រាប់បំបៅដោះកូនពុំមែនផ្តល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្រ្តី ឬម្តាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់សុខភាព និងការអភិវឌ្ឍន៍សម្រាប់កុមារ ដោយអនុញ្ញាតឱ្យមានការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងបន្តបំបៅកូនដោយទឹកដោះម្តាយ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់និយោជក និងក្រុមការងារទាំងមូល ដែលជួយដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិផងដែរ»។

លោក ហ៊ូ ក្រើន នាយរងអង្គការ ហេទ្បែន ខេលល័រ បានរៀបរាបប្រាប់នូវសារ ៤ចំនុចចែករំលែកជាមួយអង្គពិធីថា៖

ទី១. ភស្តុតាងវិទ្យាសាស្រ្តជាច្រើនដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជាផងបានបញ្ជាក់យ៉ាងច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយមានផលប្រយោជន៏យ៉ាងធំធេង សម្រាប់សុខភាពកុមារ ការលូតលាស់ផ្នែករាងកាយ ការអភិវឌ្ឍន៍ផ្នែកខួរក្បាល និងសតិបញ្ញាស្មារតី ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយើង។ អ្នកវិទ្យាសាស្ត្របានរកឃើញ ប្រសិនបើយើងធ្វើការវិនិយោគថវិកាចំនួន ១ដុល្លាថ្ងៃនេះក្នុងការលើកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដូចជាការបង្កើតបន្ទប់បំបៅដោះកូនជាដើម នោះយើងនឹងចំណេញថវិកាបានមកវិញចំនួន ៣៥ដុល្លា សម្រាប់សេដ្ឋកិច្ចជាតិរបស់យើងនាពេលអនាគត។

ទី២. ដោយមើលឃើញពីគុណតម្លៃដ៏ល្អឥតខ្ចោះរបស់ទឹកដោះម្តាយ ទើបប្រទេសកម្ពុជាយើងមានគោលនយោបាយដោយផ្តោតសំខាន់លើបីចំនុចរួមមាន៖ ជំរុញការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមូយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុបាន២ឆ្នាំ ឬលើស និងការចាប់ផ្តើមផ្តល់អាហារបន្ថែមចាប់ពីអាយុ៦ខែ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាព សមស្របតាមអាយុរបស់ទារក និងកុមារ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីបង្កើន អត្រាការបំបៅកូនដោយទឹកដោះម្តាយតែមូយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត ពីអាត្រា ៦៥% នៅឆ្នាំ២០១៤ ឱ្យបានដល់ ៨៥%នៅត្រឹមឆ្នាំ២០៣០។

ទី៣. ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការអនុវត្តការប្តេជ្ញាចិត្តខាងលើនេះ ក្រោមជំនួយថវិការបស់ អង្គការ GIZ និងគម្រោង MUSEFO អង្គការ Helen Keller សហការជាមួយភាគីពាក់ព័ន្ធបាន និងកំពុងអនុត្តន៍នូវគម្រោងសាកល្បងមួយឈ្មោះថា «គម្រោងលើកកម្ពស់អាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការ» ដែលមានទីតាំងគោលដៅចំនួន ២៧កន្លែង រួមទាំងរោងចក្រកែច្នៃជ័រកៅស៊ូ តាន បៀនកំពង់ធំនេះផង។ ហើយថ្ងៃនេះ យើងបានប្រកាសដាក់ឱ្យប្រើប្រាស់បន្ទប់បំបៅដោះកូនលើទីបួនដែលបង្កើតឡើងដោយគម្រោងនេះ។ ខ្ញុំសូមបញ្ជាក់ថា នេះគឺជាគម្រោងសាកល្បងដំបូងបង្អស់នៅកម្ពុជាដែលបានបង្កើតបន្ទប់បំបៅដោះកូនមានលក្ខណ:ស្តង់ដារ មានសម្ភារៈ និងឧបករណ៍គ្រប់គ្រាន់ប្រកបដោយផាសុខភាពសម្រាប់ស្ត្រីបំបៅដោះកូន។ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនអាត្រាការបំបៅដោះកូនពីព្រោះថាមានស្រ្តីចំនួនជាង ៣៧ម៉ឺននាក់កំពុងតែបំបៅដោះកូននៅកម្ពជា ហើយដែលភាគច្រើនបំផុតកំពុងបំរើការងារក្នុងប្រពន្ធ័។

ទី៤. ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានរកឃើញថា ការលើកម្ពស់អាហារូបត្ថម្ភ របបអាហារសុខភាព និងការចិញ្ចឹមទារកនៅកន្លែងធ្វើការបានផ្តល់គុណតម្លៃ និងផលប្រយោជន៍ដល់និយោជក និងនិយោជិតជាច្រើន ជាពិសេសការកើនឡើងផលិភាពការងារ ប្រាក់ចំណូល បរិយាកាសការងារមានលក្ខណៈល្អប្រសើរ អារម្មណ៍បុគ្គលិករីករាយក្នុងការបំពេញការងារ និងធ្វើឱ្យសុខភាពបុគ្គលិកមានលក្ខណៈប្រសើរជាងមុន។ ផលចំណេញទាំងនេះ យើងទាំងអស់គ្នាពិតជាចង់បាន ក៏ប៉ុន្តែយើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការសម្រាកលំហែមាតុភាពមាន រយៈពេលតែបីខែជាមួយនឹងការផ្តល់ប្រាក់ខែតែពាក់កណ្តាល ដែលធ្វើឱ្យស្រ្តីជាច្រើនបានបង់ការបំបៅដោះកូនដើម្បីត្រឡប់មកធ្វើការវិញ។ ដំណោះស្រាយល្អមួយ គឺការបង្កបរិយាកាសឱ្យស្រ្តីអាចបន្តការបំបៅដោះកូនបន្ទាប់ពីពួកគាត់ត្រឡប់មកធ្វើការវិញ។ ប៉ុន្តែសម្រាប់រយៈពេលវែង កម្ពុជាគួរតែពិនិត្យមើលលទ្ធភាពកែសម្រួលខ្លឹមសារខ្លះៗ លើរយៈពេលមាតុភាព និងបរិមាណប្រាក់សម្រាប់ពេលលំហែមាតុភាពនេះ៕

ប្រភព​​ និងរូបថតដោយ៖ អង្គការហេទ្បែន ខេលល័រ