យន្តការគាំទ្រ និងសកម្មភាពលើកកម្ពស់អនាម័យជនបទនៅក្នុងខេត្តស្វាយរៀង

ស្វាយរៀង៖ ដើម្បីឱ្យស្ថានភាពអនាម័យក្នុងខេត្តស្វាយរៀងរីកចម្រើន ក្នុងពេលកន្លងមកនេះតាមរយៈអង្គកាផ្លែនអន្តរជាតិកម្ពុជា បានគាំទ្រគម្រោងលើកកម្ពស់អនាម័យជនបទជំហានទីមួយ (CRSIIIP.I) ដែលអនុវត្តដោយអង្គការសន្តិសេនា (SSO) អង្គការ (SNV) និងអង្គការ (CFED) នៅស្រុកគោលដៅចំនួន៥ គឺស្រុកស្វាយទាប កំពង់រោទិ៍ ចន្ទ្រា ស្វាយជ្រំ និងស្រុករមាសហែកសរុប ៣៥ឃុំ ២៥២ភូមិ និងសាលាបឋមសិក្សាគោលដៅចំនួន ៨៤គម្រោង ត្រូវបានបញ្ចប់នៅឆ្នាំ២០១៦ តាមរយៈគម្រោងនេះបានធ្វើឱ្យអត្រាអនាម័យនៅទូទាំងខេត្តស្វាយរៀងកើនពី ៣៩% ទៅ ៧៨% ដែលក្នុងនោះមានភូមិចំនួន១៥៤ និងឃុំចំនួន៨ បានសម្រេច (ODF)។

ទន្ទឹមគ្នានោះដែរមានអង្គការដៃគូមួយចំនួនបានចូលរួមអនុវត្តគម្រោងលើកកម្ពស់អនាម័យជនបទ និងអភិវឌ្ឍន៍សហគមន៍ចម្រុះរួមមានអង្គការ កាកបាទក្រហមកម្ពុជា (CRC) ស្អាតកម្ពុជា ឆាលហ្វាន់ ទឹកស្អាត១០០១ (KADRA) កូនក្មេង (I.C.C) និងអង្គការវឌ្ឍនភាពសហគមន៍ (CAO) ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យក្នុងខេត្តស្វាយរៀង។ នៅឆ្នាំ២០១៧ អង្គការផ្លែនអន្តរជាតិកម្ពុជា បានបន្តគាំទ្រគម្រោងយុទ្ធសាស្ត្រផ្ទេរការងារ (TS) រយៈពេលមួយឆ្នាំក្នុងស្រុកគោលដៅចំនួន៤ គឺស្រុកស្វាយទាប កំពង់រោទិ៍ ចន្ទ្រា និងស្រុករមាសហែក។ ជាពិសេសតាមរយៈគម្រោង (TS) បានជំរុញការងារលើកកម្ពស់អនាម័យជនបទកាន់តែប្រសើរឡើង តាមរយៈការអនុវត្តគម្រោងនេះធ្វើឱ្យស្រុកស្វាយទាបសម្រេច (ODF) និងបានធ្វើពិធីប្រកាសទទួលស្គាល់ផ្លូវការជាស្រុកទី២ បន្ទាប់ពីស្រុកបន្ទាយមាស ខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧។ 

ដើម្បីឱ្យស្ថានភាពការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទទូទាំងប្រទេសកម្ពុជា សម្រេចទៅតាមផែនការអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា (SDGs) នៅឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតលេខ ០០១៤/១៧ ក.អ.ជ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ស្ដីពីសំណើសុំបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរាជធានី​ខេត្ត។

យោងលិខិតខាងលើ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីសម្រេចលេខ ០១២/១៧ស.ស.រ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត (PwG/RWSSH) និងបានចេញសេចក្តីសម្រេចកែសម្រួលក្រុមការងារ (PwG/RWSSH) ចំនួន៣លើកដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ បន្ថែមពីនេះទៅទៀតដើម្បីឱ្យមានការទទួលខុសត្រូវការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅថ្នាក់ក្រុង ស្រុកច្បាស់លាស់ និងកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តស្វាយរៀង បានចេញលិខិតលេខ ០៧០/១៨ ស.ជ.ណ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ស្តីពីបង្កើតក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រុង ស្រុក ទាំង៨។

បន្ថែមលើសពីនេះទៅទៀតរដ្ឋបាលខេត្តស្វាយរៀងបានបង្កើតផែនការសកម្មភាពខេត្តជំហានទីមួយ ស្តីពីការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៣-២០១៨ (PAP.I 2013-2018) តាមរយៈការអនុវត្តផែនការសកម្មភាពនេះ បានធ្វើឱ្យការងារផ្គង់ផ្គង់ទឹកស្អាត និងអនាម័យជនបទរីកចម្រើនដូចតទៅអត្រាប្រជាពលរដ្ឋមានប្រភពទឹកកែលម្អប្រើប្រាស់បានកើនពី ៦៥% ទៅ៧៥% និងអត្រាប្រើប្រាស់ទឹកមានសុវត្ថិភាពបានកើនពី៧០% ទៅ៨០% ទន្ទឹមនោះដែរអត្រាខ្នងផ្ទះប្រជាពលរដ្ឋមានបង្គន់អនាម័យកែលម្អប្រើប្រាស់បានកើនពី៣៦% ទៅ៦០%និងអត្រាគ្រួសារប្រជាពលរដ្ឋទម្លាប់លាងសម្អាតដៃជាមួយសាប៊ូបានកើនពី ៤៦.៥%ទៅ៦០%។

ជាពិសេសដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥ និងផែនការសកម្មភាពជាតិជំហានទីពីរស្តីពីការផ្គង់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៨-២០២៣ រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតផែនការស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្តជំហានទី២ ឆ្នាំ២០១៨-២០២៣ (PAP.II 2018-2023) កំឡុងពេលរៀបចំផែនការសកម្មភាពខេត្ត ដោយមានការជំរុញយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តធ្វើឱ្យរដ្ឋបាលក្រុង ស្រុកទាំង៨ បានប្តេជ្ញាចិត្តអនុវត្តផែនការកំណត់សម្រេច (ODF) នៅបំណាច់ឆ្នាំ២០២១ ដើម្បីខេត្តស្វាយរៀង ទាំងមូលឈានទៅទទួលបានជោគជ័យជាខេត្តសម្រេចបាន (ODF) ១០០% នៅដើមឆ្នាំ២០២២។​

ខេត្តស្វាយរៀង ជាខេត្តមួយក្នុងចំណោមខេត្តគោលដៅទាំង៦ ដែលត្រូវបានអង្គការ (UNICEF) ជ្រើសរើសជាតំបន់គោលដៅដើម្បីអនុវត្ត «គម្រោងពនឿនស្ថានភាពអនាម័យ និងទឹក ស្អាតសម្រាប់ទាំងអស់គ្នា ជំហានទី២(ASWAII)» នៅចុងឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។ ចំពោះទិន្នន័យដើម គឺអត្រាប្រជាពលរដ្ឋមានប្រភពទឹកប្រាស់ចំនួន ៩៩.៤% ក្នុងនោះអត្រាប្រជាពលរដ្ឋប្រើប្រាស់ទឹកសុវត្ថិភាពចំនួន ៨.៤% ចំណែកឯអត្រាប្រជាពលរដ្ឋមានបង្គន់ អនាម័យកែលម្អប្រើប្រាស់ចំនួន៩២%។

អង្គការ (UNICEF) បានធ្វើការសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងជ្រើសរើសស្រុកចំនួន៥ ជាតំបន់គោលដៅ គឺស្រុករំដួល ស្វាយជ្រុំ ចន្ទ្រា កំពង់រោទិ៍ និងស្រុករមាសហែក មាន ៥៩ឃុំ និងភូមិសរុប ៥៤៩ និងបានសហការជាមួយអាជ្ញាធរស្រុក ឃុំ និងមេភូមិ បានចុះអប់រំផ្សព្វផ្សាយកម្មវិធីលើកកម្ពស់អនាម័យដូចជាបានប្រជុំ រៀបចំផែនការ (ODF) ថ្នាក់ឃុំ និងថ្នាក់ស្រុក បំផុសកម្មវិធី (CLTS) ចុះពិនិត្យ និងតាមដានការអនុវត្តកម្មវិធី (CLTS) បណ្តុះបណ្តាលការកត់ត្រាសៀវភៅទិន្នន័យ និងការគូសផែនទីអនាម័យភូមិដល់ជនបង្គោលអនាម័យស្រុក ឃុំ និងភូមិ ប្រជុំត្រីមាសថ្នាក់ឃុំ ប្រជុំត្រីមាសក្រុមការងារ (PWG) និង (DWG) ចុះផ្ទៀងផ្ទាត់ភូមិ ឃុំ និងស្រុកសម្រេចបាន (ODF) កម្មវិធីចាក់ផ្សាយសារអប់រំសុខភាព និងអនាម័យ នៅស្ថានីយ៍វិទ្យុ (FM) ជាតិរំដួលស្វាយរៀង និងយុទ្ធនាការអប់រំផ្សព្វផ្សាយបង្ការ និងផ្តល់សម្ភារអនាម័យ ជូនដល់គ្រួសារក្រីក្រដើម្បីការពារពីការឆ្លងមេរោគកូវីដ១៩ សាប៊ូ ធុងទឹកលាងដៃ រូបភាពអប់រំ កូនកន្ថោរកុមារ និងសំឡីអនាម័យស្ត្រី។

តាមរយៈការអនុវត្តសកម្មភាពជាច្រើនខាងលើបានធ្វើឱ្យប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងបានយល់ដឹងពីសារៈសំខាន់នៃការទម្លាប់អនាម័យល្អតាមរយៈសាងសង់បង្គន់អនាម័យប្រើប្រាស់ បរិភោគទឹកស្អាត និងលាងដៃជាមួយសាប៊ូ ជាពិសេសការចូលរួមសហការរបស់អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ មេភូមិ និងប្រជាពលរដ្ឋគ្រប់រូប ធ្វើឱ្យអត្រាអនាម័យបានកើនពី ៩២% ទៅ១០០% និងនៅមានការប្រើប្រាស់បង្គន់រួម ៥% ស្មើនឹងចំនួន ៦,៧១៩ខ្នងផ្ទះ។

នៅទូទាំងខេត្តស្វាយរៀងមាន ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង៦៩០ភូមិ សម្រេចបាន (ODF) និងបានចុះពិនិត្យផ្ទៀងផ្ទាត់ទទួលស្គាល់ដោយគណៈកម្មការថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ជាពិសេសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅរដ្ឋបាលខេត្តស្វាយរៀង បានប្រកាសជាខេត្តសម្រេចបាន (ODF) ផ្ទៃក្នុងនឹងត្រូវបានចុះពិនិត្យផ្ទៀងផ្ទាត់ទទួលស្គាល់ជាផ្លូវការដោយគណៈកម្មការថ្នាក់ជាតិកាលពីថ្ងៃទី១០ ដល់ថ្ងែទី១៣ ខែមករា ឆ្នាំ២០២២ ហើយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ គណៈកម្មការថ្នាក់ជាតិបានប្រកាសលទ្ធផលខេត្តស្វាយរៀងជោគជ័យទទួលបានជ័យលាភី «ខេត្តសម្រេច បានបញ្ចប់ការបន្ទោបង់ពាសវាលពាល ១០០% (ODF Province)» ហើយជាខេត្តទីមួយក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។

ប្រការទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់នូវការទទួលយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូអភិវឌ្ឍន៍នានា ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅខេត្តស្វាយរៀង។ ភាពជោគជ័យខាងលើនេះ បានផ្តល់នូវមេរៀនបទពិសោធន៍ជាច្រើនលើការងារផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ របស់ខេត្តស្វាយរៀង តាមរយៈកត្តា៣យ៉ាង៖​ ទី១៖ កត្តាស្ថានភាពភូមិសាស្ត្រ និងប្រជាសាស្ត្រ។ ទី២៖ កត្តាចូលរួមទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ (ចាត់ទុកជាការងាររួម) និងទី៣៖ កត្តាចូលរួមរបស់ប្រជាជនដោយផ្អែកលើការយល់ដឹងរបស់ប្រជាជនតាមរយៈក្រុមការងារចុះអប់រំផ្សព្វផ្សាយ កម្រិតជីវភាពប្រជាជន និងបង្កើតការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេស។

យើងឈរលើទស្សនៈទានមួយគឺ «សុខចិត្តឱ្យប្រជាជនចាប់យកទម្លាប់អនាម័យល្អ ទោះបីជាបង្គន់អនាម័យពុំទាន់ទំនើបស៊ីវីល័យ ប្រសើរជាងទុកឱ្យពួកគាត់ប្រើប្រាស់ទម្លាប់អាក្រក់បន្តបត់ជើងពាសវាលពាសកាលដោយរង់ចាំពេលមានលុយទើបធ្វើបង្គន់អនាម័យទំនើបល្អ (វីឡាបង្គន់) នោះឡើយ»

រូបភាពដោយ៖ ឌៀប សំអឿន