១០ឆ្នាំជាងនេះ កម្ពុជាសម្រេចបាននូវអត្រាមរណភាពមាតាពី ៤៤២ករណី មកត្រឹមតែ ១៧០ករណី

ភ្នំពេញ៖​ ជាងពីរទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភស្រ្តីក្នុងវ័យបន្តពូជ មាតា ទារក និងកុមារ។ ជាក់ស្តែងអត្រាមរណភាពមាតាបានថយចុះពី ៤៤២ ករណីក្នុង ១០០.០០០កំណើតរស់ នៅឆ្នាំ២០០៥ មកនៅ ១៧០ករណី នៅឆ្នាំ២០១៤ ហើយអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ ថយចុះពី ៨៣ករណីក្នុង ១.០០០កំណើតរស់ នៅឆ្នាំ២០០០ មកនៅ ៣៥ករណី នៅឆ្នាំ២០១៤។

អត្រាកុមារក្រិសក្រិនត្រូវបានកាត់បន្ថយពី ៥០% នៅឆ្នាំ២០០០ មកត្រឹម៣២% នៅឆ្នាំ២០១៤។ អត្រាកុមារមានទម្ងន់ទាបត្រូវបានកាត់បន្ថយពី ៣៩% នៅឆ្នាំ២០០០ មកត្រឹម ២៤% នៅឆ្នាំ២០១។ អត្រាស្រ្តីក្នុងវ័យបន្តពូជកង្វះអាហារូបត្ថម្ភត្រូវបានកាត់បន្ថយពី ២១% នៅឆ្នាំ២០០០ មកត្រឹម ១៤% នៅឆ្នាំ២០១៤។

ទោះបីកម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាច្រើនក្នុងការលើកកម្ពស់សុខភាពរបស់មាតា និងទារកក៏ដោយ ក៏បញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាស្ថិតនៅជាការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ទាំងអស់។ ជារៀងរាល់ឆ្នាំជិតមួយភាគបី ឬប្រមាណ ៤៥០០ករណីនៃមរណភាពកុមារសរុបនៅកម្ពុជាមានទំនាក់ទំនងជាមួយនឹងបញ្ហាកង្វះអាហារូបត្ថម្ភ។

ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលុបបំបាត់បញ្ហាអាហារូបត្ថម្ភស្រ្តី និងកុមារ ក្រសួងសុខាភិបាលបានរៀបចំ និងផ្សព្វផ្សាយឯកសារ គោលនយោបាយ លិខិត បទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ដើម្បីលើកកម្ពស់អាហារូបត្ថម្ភមាតានិងកុមារ។ គោលនយោបាយ លិខិត និងបទដ្ឋានគតិយុត្ត ទាំងនោះរួមមាន៖ ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ អនុក្រឹត្យលេខ១៣៣ ប្រកាសរួមអន្តរក្រសួងលេខ០៦១ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ គោលនយោបាយជាតិស្តីពីការចិញ្ចឹមទារក និងកុមារតូច គោលការណ៍ណែនាំស្តីពីការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិដល់ស្រ្តីនិងកុមារ គោលការណ៍ណែនាំស្តីពីការបង្កើតមន្ទីរពេទ្យស្រឡាញ់ទារក ការព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាវ និងធ្ងន់ធ្ងន់ធ្ងរ យុទ្ធសាស្រ្តប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារតូចនៅកម្ពុជា ជាដើម។ល។

ផែនទីបង្ហាញផ្លូវដើម្បីពន្លឿនការកែលម្អអាហារូបត្ថម្ភរបស់ក្រសួងសុខាភិបាលបានរំលេចថាការប្រាស្រ័ទាក់ទង ដើម្បីផ្លាស់ប្ដូរឥរិយាបថដោយផ្ដោតលើឱកាសមាស ១០០០ថ្ងៃ ដំបូងនៃជីវិតកុមារ គឺជាសមាសភាគមួយដ៏សំខាន់ក្នុងចំណោមសមាស ភាគទាំង៨ សម្រាប់ពន្លឿនវឌ្ឍនភាពក្នុងការឆ្លើយតបចំពោះបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតាទារក និងកុមារតូច។ ការសិក្សាតាមបែបវិទ្យាសាស្ត្របានរកឃើញថា ទំនាក់ទំនងដើម្បីផ្លាស់ប្ដូរឥរិយាបថតាមរយៈការប្រាស្រ័យទាក់ទងបុគ្គល និងសង្គម គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ការអនុវត្ តនិងការផ្លាស់ប្ដូរទម្លាប់ចិញ្ចឹមទារក និងកុមារតូច ស្ថានភាពអាហារូបត្ថម្ភ និងឥរិយាបថសុខភាពដទៃទៀត។

ដោយសារតែអត្រានៃបញ្ហាអាហារូបត្ថម្ភនៅកម្ពុជានៅមានកម្រិតខ្ពស់ និងគម្លាតក្នុងការអនុវត្តឥរិយាបថលើអាហារូបត្ថម្ភរបស់មាតាទារក និងកុមារតូចនៅតែកើតមាននោះ ចាំបាច់ត្រូវតែមានការរៀបចំយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្ដូរឥរិយាបថដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាពជាក់លាក់សម្រាប់កម្ពុជា។

ក្នុងបរិបទនេះទើបនៅពេលថ្មីៗ នេះ ក្រសួងសុខាភិបាលសហការជាមួយអង្គការដៃគូនានាដូចជា Helen Keller UNICEF World Bank WHO Alive and Thrive និងអង្គការមួយចំនួនទៀត បានរៀបចំបង្កើននូវឯកសារដ៏សំខាន់មួយ គឺយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរឥរិយាបថសម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារតូចនៅកម្ពុជាដែលនឹងប្រកាសដាក់ឲ្យប្រើប្រាស់នៅពេលឆាប់ៗ ខាងមុននេះ៕

ប្រភព​​ និងរូបថតដោយ៖ អង្គការហេទ្បែន ខេលល័រ