សេចក្តីព្រាងច្បាប់ «សុវត្ថិភាពម្ហូបអាហារ» មានសារៈសំខាន់ក្នុងការជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាព

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កាលពីពេលថ្មីៗ នេះ បានបន្តពិភាក្សាលើរបៀបវារៈ ស្តីពី «សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ» ហើយបានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ» នេះ។

បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថាសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយយោងតាមតម្រូវការនៃនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មដែលកម្ពុជាមានកាតព្វកិច្ច ត្រូវរៀបចំប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក។

ដោយយល់ឃើញអំពីសារៈសំខាន់នេះ និងដើម្បីឱ្យស្របតាមគោលការណ៍នៃប្រព័ន្ធច្បាប់ពិភពលោក ក្រសួងពាណិជ្ជកម្ម បានសហការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើងដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម និងធានាថាផលិតផលម្ហូបអាហារទាំងអស់ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាព សុវត្ថិភាព និងអនាម័យល្អសម្រាប់ប្រជាពលរដ្ឋគ្រប់ៗ រូប។

សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារមានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋានដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាព និងស្របតាមស្តង់ដារកំណត់ សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀតតម្រូវការក្នុងផលិតកម្ម និងពាណិជ្ជកម្មម្ហូបអាហារតម្រូវឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) និងរបាំងបច្ចេកទេស។

ចំពោះពាណិជ្ជកម្ម (TBT) ជាកម្លាំងចលករជំរុញឱ្យមានកំណើនវិនិយោគជំរុញប្រសិទ្ធភាពនៃការនាំចេញម្ហូបអាហារ និង ធានាបាននូវការប្រកួតប្រជែង ប្រកបដោយសមធម៌ និងយុត្តិធម៌ក្នុងវិស័យផលិតកម្ម និងពាណិជ្ជកម្មម្ហូបអាហារ។ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ដំណាក់កាល នៃខ្សែច្រវាក់ផលិតកម្ម៕

ប្រភព៖ វិទ្យុជាតិកម្ពុជា