ភ្នំពេញ៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ជាមួយគណៈកម្មាធិការទី៣ និងគណៈកម្មាធិការជំនាញផ្សេងទៀតនៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មាធិ ការទី៣ នៃព្រឹទ្ធសភា។ កិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់នេះ ក៏មានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវសមាជិក សមាជិកានៃគណ:កម្មការទី៣ និងគណ:កម្មការផ្សេងទៀតផងដែរ។
មុនថ្លែងទៅកាន់ឯកឧត្តមបណ្ឌិតប្រធានគណ:កម្មាធិការទី៣ និងសមាជិកគណៈកម្មាធិការជំនាញផ្សេងទៀត ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាជរដ្ឋាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថាសេចក្តីព្រាងច្បាប់នេះគឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសេចក្តីព្រាងច្បាប់ផ្សេងទៀត ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំកសាងឡើងដើម្បីទុកជាឧបករណ៍គតិយុត្តសម្រាប់ធ្វើការអភិវឌ្ឍវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមបណ្ឌិតប្រធានគណកម្មាធិការទី៣ ព្រមទាំងសមាជិក គណ:កម្មាធិការផ្សេងទៀតអំពីប្រវត្តិនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះយ៉ាងលម្អិតជាបន្តបន្ទាប់ និងស្របទៅតាមនិន្នាការនៃការវិវធ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិឆ្លើយតបតាមអនុសញ្ញាអន្ដរជាតិស្តីពី «ការការពាររុក្ខជាតិ» និងកាតព្វកិច្ចក្នុងនាមប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចេញ និងនាំចូលកសិផល និងរុក្ខជាតិមកក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងលើសេចក្តីត្រូវការចាំបាច់អំពីឯកសារគតិយុត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការចាំបាច់ និងជាបន្ទាន់ត្រូវបង្កើតច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» នេះឡើង។ ដោយទទួលបានការសហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គណ:រដ្ឋមន្រ្តី គណ:កម្មាធិការទី៣ និងគណ:កម្មាការផ្សេងៗ ទៀតនៃរដ្ឋសភាព និងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ ហើយបានមកដល់គណ:កម្មាធិការទី៣ និងសមាជិកគណៈកម្មការជំនាញផ្សេងទៀតនៃព្រឹទ្ធសភា ដែលឯកឧត្តម និងលោកជំទាវកំពុងពិនិត្យ និងពិភាក្សានាពេលនេះ។
សេចក្តីព្រាងច្បាប់នេះត្រូវគណ:កម្មាធិការទី៣ និងសមាជិកគណៈកម្មាធិការជំនាញផ្សេងទៀត នៃព្រឹទ្ធសភា បានធ្វើការពិនិត្យ ពិភាក្សា និងលើកជាសំណួរក្នុងន័យស្ថាបនាដែលផ្តល់ធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានគ្រឹះ បំពេញបន្ថែមទាំងខ្លឹមសារបច្ចេកទេស និងមូលដ្ឋានគ្រឹះគតិយុត្ត។ ចុងបញ្ចប់នៃពិធីការពារសេចក្តីព្រាងច្បាប់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតប្រធានគណ:កម្មាធិការទី៣ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ដែលបានចំណាយពេលដ៏មានតម្លៃធ្វើការពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារសេចក្តីព្រាងច្បាប់នេះ ហើយបានអនុម័តយល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាល ដាក់សេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ចូលក្នុងរបៀបវារ:ក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី៨ នីតិកាលទី៤ ខាងមុខនេះ៕
ប្រភព៖ ហ្វេសបុកផេកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ