ភ្នំពេញ៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ គម្រោងអនាគតបៃតងកម្ពុជា USAID ឧបត្ថម្ភដោយទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើប្រកាសជាផ្លូវនូវជ័យលាភីបេក្ខនារី និងបេក្ខជនដែលបានជាប់វគ្គផ្តាច់ព្រ័ត្រពីការប្រកួតប្រជែងស្នាដៃ និងគំនិតប្រឌិត ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងលោកស្រី សែនស៊ី ជ រើសលីក នាយិកា បេសកកម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID។
យុទ្ធនាការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបទសង្គម ដែលផ្តោតលើយុវជន និងបរិស្ថាននេះបានផ្តល់ខ្លឹមសារ និងសារគន្លឹះ តាមរយៈប្រព័ន្ធពហុផ្សព្វផ្សាយ ដើម្បីគាំទ្រយុវជនដែលជា «ជើងឯកបៃតង» ក្នុងការធ្វើជាគំរូ ផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តឱ្យបានជោគជ័យជុំវិញកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា។
លោកស្រី ដែនស៊ី ជេ អឹសលីក បានកត់សម្គាល់ថា៖ «តម្រូវការឈើប្រណិត មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងទីផ្សារ ក្នុងស្រុក និងអន្តរជាតិ ដែលរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់ប្រភេទដើមឈើមានតម្លៃ នៅក្នុងព្រៃត្រពិច របស់កម្ពុជា»។
លោកស្រីបានបន្ថែមថា៖ «យុទ្ធនាការដែលដឹកនាំដោយយុវជននេះ នឹងផ្តល់ព័ត៌មានដែលមានអត្ថប្រយោជន៍ និងផ្តល់ ជម្រើសដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន ធ្វើការពិចារណា ប្រើប្រាស់គ្រឿងសង្ហារឹមដែលមិនធ្វើពីឈើប្រណិត»។
ការប្រកួតប្រជែងរកស្នាដៃនិងគំនិតច្នៃប្រឌិតបានដំណើរការតាំងតែពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២១ ការប្រកួតប្រជែងបានលើកទឹកចិត្តដល់ បេក្ខនារី និងបេក្ខជន ឱ្យផលិតសម្ភារៈផ្សព្វផ្សាយដែលមានគំនិតច្នៃប្រឌិតនិងទាក់ទាញ ក្នុគោលបំណង «កាត់បន្ថយតម្រូវការប្រើ ប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត»។ ស្នាដៃដែលត្រូវបានជ្រើសរើសសម្រិតសម្រាំង នឹងត្រូវបានចែកចាយជាសាធារណៈ ក្នុងប្រព័ន្ធផ្សព្វផ្សាយយុទ្ធនាការដែលជំរុញ សាធារណជន ឱ្យពិចារណា ប្តូរមកប្រើប្រាស់គ្រឿងសង្ហារិមដែលមានមេត្រីភាព នឹងបរិស្ថាន ជាជាង ប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរឥរិយាបទ និងការបន្តការចូលរួមលើកកម្ពស់តម្លៃធនធាន ធម្មជាតិ ដើម្បីទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ដែលផ្តើមចេញពីខ្លួនយើងម្នាក់ៗ ជាពិសេសយុវជនក្រុមគ្រួសារនិង សហគមន៍ ជាកត្តាសំខាន់ក្នុងការចូលរួមចំណែកថែរក្សាធនធានធម្មជាតិនិងបរិស្ថាន»។
ឯកឧត្តមបន្ថែមថា៖ «ពិធីលើកទឹកចិត្តមេត្រីបរិស្ថានថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងបរិស្ថានកម្ពុជា ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងសកម្មភាពជាវិជ្ជមានពីសាធារណជន ក្នុងការអភិរក្សកេរ្តិ៍ដំណែលធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីជាប្រយោជន៍របស់ ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាអ្នកជំនាន់ក្រោយៗទៀត»។
អត្ថបទដោយ៖ ទុយ អេងលី