គម្រោងគាំទ្រអំណានភាសាខ្មែរកម្រិតថ្នាក់ដំបូងក្រោមមូលនិធិគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកមានទឹកប្រាក់ចំនួន ២៥លានដុល្លារ

ភ្នំពេញ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ មានកម្មវិធីអប់រំថ្មីមួយដែលក្រោមមូលនិធិគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកមានទឹកប្រាក់ចំនួន ២៥លានដុល្លារដែលនឹងជួយបង្កើនបទពិសោធន៍អំណាន​ក៏ដូចជាការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សានៅកម្ពុជា​ ​ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន​ ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត   សហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Nancy J. Eslick ​​​នាយិកាបេសកកម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID។​​

គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា IPEA ជួយបង្កើនដល់សមិទ្ធផលមុនៗ​​ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID គាំទ្រលើអំណានកម្រិតថ្នាក់ដំបូងដែលគេស្គាល់ថាជា «គម្រោងគាំទ្រអំណានភាសាខ្មែរកម្រិតថ្នាក់ដំបូង»។ គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា IPEA នឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅទូទាំងប្រទេសកម្ពុជាដើម្បីបង្កើនបំណិនអក្ខរកម្មមូលដ្ឋានរបស់កុមារតាមរយៈកម្មវិធីកុមាររៀនកុមារចេះ នៃក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត W. Patrick Murphy មានប្រសាសន៍ថា៖ «កុមារនៅថ្ងៃនេះគឺជាអ្នកដឹកនាំនៅថ្ងៃអនាគត ហើយយើងមានមោទកភាពក្នុងការគាំទ្រដល់កុមារកម្ពុជាតាមរយៈឧបករណ៍សិក្សា ដែលនឹងជួយកុមារឱ្យពូកែឆ្នើមក្នុងពិភពលោកដែលកាន់តែសម្បូរបែប និងមានប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញនេះ»។ លោកបន្ថែមថា៖ «យើងមានទំនុកចិត្តថា កិច្ចសហការរបស់យើងលើកម្មវិធីកុមាររៀនកុមារចេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់សិស្សានុសិស្ស ក៏ដូចជាដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ»។

កម្មវិធី «កុមាររៀនកុមារចេះ»​​​ រួមមានកញ្ចប់អំណាន​ភាសាខ្មែរដែលបានបង្កើតឡើងប្រកបដោយ​សុខុដុមបនីយកម្ម ដោយទីភ្នាក់ងារជំនួយអាមេរិក USAID សម្រាប់ប្រើប្រាស់នៅទូទាំងប្រទេស។ រហូតមកដល់បច្ចុប្បន្ននេះ គ្រូបង្រៀនប្រមាណ ៦,៥០០នាក់ ទទួលបានការបណ្តុះបណ្តាលលើការប្រើប្រាស់សម្ភារអំណានថ្នាក់ទី១ និងទី២ រួមជាមួយនឹងមត្តេយ្យកម្រិតខ្ពស់ ដែលជាផ្នែកមួយនៃភាពជាដៃគូរវាងក្រសួងអប់រំ យុវជននិង​​ ​កីឡា ទីភ្នាក់ងារជំនួយអាមេរិក USAID និងភាពជាដៃគូសកលសម្រាប់ការអប់រំ GPE។ គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលបានអនុវត្តកម្មវិធីអក្ខរកម្មភាសាខ្មែរ និងវិធីសាស្រ្តបង្រៀនថ្មី ក្រោមកិច្ចគាំទ្រពីគ្រូបង្វឹកអំណានដែលមានជំនាញក្នុងខេត្តចំនួនប្រាំបី។

ឯកឧត្តមបណ្ឌិត សភាចារ្យ  ហង់ជួន​ ណារ៉ុន មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត គម្រោងនឹងបន្តការជំរុញ និងលើកកម្ពស់ការសិក្សានៅកម្រិតថ្នាក់ដំបូងឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងបន្តការសម្របសម្រួលនៅក្នុងវិស័យទាំងមូល ឱ្យរឹតតែមានប្រសិទ្ធភាព និងភាពស័ក្តសិទ្ធតាមរយៈការពង្រឹងការអនុវត្តកម្មវិធីកុមាររៀនកុមារចេះ នៅទូទាំងប្រទេស ជាមួយនឹងការអនុវត្តកម្មវិធីគាំទ្រថ្នាក់អប់រំបរិយាបន្នផងដែរ»។

ដោយមានការគាំទ្រពីភ្នាក់ងារជំនួយអាមេរិក USAID កម្មវិធីអំណានបានជួយដល់សិស្សប្រមាណ ២០០,០០០នាក់ ប្រមាណ​ជា ៣២% នៃសិស្សសាលាបឋមសិក្សារដ្ឋទូទាំងប្រទេស។​​ លើសពីនេះទៀត ដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំនៅកម្ពុជាបានធ្វើការរួមគ្នាឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចែកសម្ភារសិក្សាតាមផ្ទះ ដល់សិស្សានុសិស្ស និងមាតាបិតាសិស្សថ្នាក់ទី១ និងទី២ នៅទូទាំងប្រទេសក្នុងអំឡុងពេលបិទសាលារៀនកាលពីឆ្នាំកន្លងទៅ។

គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា IPEA នឹងបង្កើនលើភាពជោគជ័យថ្មីៗ នេះតាមរយៈការពង្រីកការអនុវត្ត​​​​ទៅខេត្តថ្មីបន្ថែមទៀត ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូនានា ដើម្បីឈានទៅកាន់ការអនុវត្តទូទាំងប្រទេស។ ទន្ទឹមនឹងការសហការដោយផ្ទាល់ជាមួយអង្គការដៃគូពាក់ព័ន្ធក្នុងការគាំទ្រដល់សាលា​អប់រំ​ពិសេស គម្រោងអប់រំបរិយាបន្នថ្នាក់បឋមសិក្សា IPEA នឹងគាំទ្រដល់គ្រូបង្រៀន ដែលកំពុងបង្រៀនកុមារគថ្លង់ ឬមានកម្សោយការស្តាប់៕

រូបថតដោយ៖ ស្ថានទូតអាមេរិកកនៅកម្ពុជា